អន្តរជាតិ
អ្នក​វិទ្យាសាស្ត្រ​៖ ១០ឆ្នាំចុងក្រោយ ពិភពលោក​ឡើង​កម្តៅ​ក្នុង​កម្រិត​០,២​អង្សា​​
12, Jun 2023 , 8:29 am        
រូបភាព
អ្នកវិទ្យាសាស្ត្រកំពូលៗចំនួន៥០នាក់ បានព្រមានថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការ​បំពុល​បរិយាកាស បានបង្កើនល្បឿនការឡើងកំដៅរបស់ផែនដី ដែលជាការផ្ដល់សញ្ញាអាសន្នមួយសម្រាប់ពិភពលោក។

«ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ ការឡើងកំដៅបង្កដោយមនុស្សបាន កំពុងកើនឡើង ក្នុងអត្រា​ដែលមិនធ្លាប់មានពីមុនរហូតដល់០,២អង្សាសេក្នុងមួយទសវត្សរ៍»។ ការសិក្សាថ្មីរបស់អ្នក​វិទ្យាសាស្ត្រ​ផ្នែកបរិស្ថានបង្ហាញបែបនេះ ជាមួយបំណងបញ្ជូនសញ្ញាទៅកាន់អ្នកបង្កើតគោលនយោបាយ​លើ​ពិភពលោកឱ្យធ្វើសកម្មភាពបន្ទាន់។
 
ជាមួយគ្នានេះ ការបំភាយឧស្ម័នប្រចាំឆ្នាំជាមធ្យម​ក្នុងរយៈពេលដូចគ្នា​បានឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​គឺ៥៤ពាន់លានតោននៃឧស្ម័នកាបូនិច ឬស្មើនឹងឧស្ម័នផ្សេងទៀតក្នុងទំហំប្រហែល​១,៧០០​តោន​រៀង​រាល់វិនាទី។
 
អ្នកវិទ្យាសាស្ត្រលោក Piers Forster ដែលដឹកនាំការសិក្សាស្រាវជ្រាវនេះ និងជាសាស្រ្តាចារ្យនៅ​សាកលវិទ្យាល័យ Leeds លើកឡើងថា ទោះបីជាពិភពលោកមិនទាន់ឡើងកំដៅលើស១,៥​អង្សា​ក៏​ដោយ ការបំភាញឧស្ម័នអាចឈានលើសពីដែនកំណត់បរិមាណកាបូនខ្ពស់បំផុតផងដែរ។
 
ទន្ទឹមនេះ រដ្ឋមន្ត្រីបរិស្ថានស៊ីលីលោកស្រី Maisa Rojas Corradi ដែលជាសហនិពន្ធការសិក្សាខាងលើបាននិយាយដែរថា ការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំនៃសូចនាករសំខាន់ៗនៃការផ្លាស់ប្តូរសកល មាន​សារសំខាន់ក្នុងការ​ជួយសហគមន៍អន្តរជាតិ និងប្រទេសនានាក្នុងការរក្សាភាព​បន្ទាន់នៃ​ការ​ដោះ​ស្រាយ​វិបត្តិការប្រែប្រួលអាកាសធាតុ។
 
សហអ្នកនិពន្ធម្នាក់ទៀតលោកស្រី Valerie Masson-Delmotte ដែលជាសហប្រធាននៃ របាយការណ៍ IPCC ឆ្នាំ២០២១ ចាត់ទុកទិន្នន័យថ្មីជាការដាស់តឿន មុនកិច្ចប្រជុំ​កំពូលពី​ការប្រែ​ប្រួល​អាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៨ (COP28) ទោះបីជាមានព័ស្តុតាងថា​កំណើតឧស្ម័នផ្ទះកញ្ចក់បានថយចុះក៏ដោយ។
 
កិច្ចប្រជុំ COP28 នឹងរៀបចំនៅចុងឆ្នាំនេះនៅទីក្រុងឌូបៃ៕
 
 
 
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com