អន្តរជាតិ
មិនខ្វល់ពីក្ដីបារម្ភលោកខាងលិច អារ៉ាប៊ីសាអូឌីតចង់បានកិច្ចសហប្រតិបត្តិការជាមួយចិន
12, Jun 2023 , 9:59 am        
រូបភាព
អារ៉ាប៊ីសាអូឌីត ចង់បានកិច្ចសហកិច្ចសហប្រតិបត្តិការជាមួយចិន មិនមែនការប្រកួតប្រជែងនោះទេ។ រដ្ឋមន្រ្តីថាមពលអារ៉ាប៊ីសាអូឌីត Abdulaziz bin Salman al-Saudបញ្ជាក់បែបនេះនៅថ្ងៃទី១១ ខែមិថុនា ដោយថែមទាំងលើកឡើងទៀតថា លោកមិនខ្វល់ខ្វាយពីការបារម្ភរបស់លោកខាងលិចចំពោះទំនាក់ទំនងល្អប្រសើររវាងអារ៉ាប៊ីសាអូឌីត និងចិនឡើយ។

 
អារ៉ាប៊ីសាអូឌីតដែលជាប្រទេសនាំចេញប្រេងធំជាងគេ និងចិនដែលជាអ្នកប្រើប្រាស់ប្រេងធំជាងគេមួយលើពិភពលោក បានរឹតចំណងទ្វេភាគីកាន់តែស្អិតល្មួតទៅលើសពីការវិស័យថាមពល។ ប្រទេសទាំងពីរ បានពង្រឹងទំនាក់ទំនងផ្នែកយោធា បច្ចេកវិទ្យាសំខាន់ៗ និងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដែលទំនាក់ទំនងនេះធ្វើឱ្យលោកខាងលិច ពិសេសអាម៉េរិកដែលជាសម្ព័ន្ធមិត្តធំជាងគេរបស់អារ៉ាប៊ីសាអូឌីត មិនសូវសប្បាយចិត្តប៉ុន្មានឡើយ។
 
ប៉ុន្តែក្ដីកង្វល់របស់លោកខាងលិច មិនមែនជាបញ្ហាសម្រាប់ទីក្រុងរីយ៉ាដឡើយ។ ថ្លែងក្នុងវេទិកាពាណិជ្ជកម្មអារ៉ាប់-ចិន រដ្ឋមន្រ្តីថាមពលអារ៉ាប៊ីសាអូឌីត Abdulaziz Salman និយាយច្បាស់ៗថា លោកមិនបានអើពើពីជំហររបស់លោកខាងលិចឡើយ ព្រោះជាអ្នកជំនួញ តែងតែងក្ដាប់ឱកាសរកស៊ី។
 
«យើងនឹងមិនប្រឈមមុខជម្រើសដែលត្រូវឈរខាងណាឡើយ។» រដ្ឋមន្រ្តីដដែលបន្ថែមបែបនេះ រួចបន្តថា តម្រូវការថាមពលនៅចិននៅតែខ្ពស់ ដូចនេះអារ៉ាប៊ីសាអូឌីត នឹងចាប់យកឱកាសនេះ ព្រោះជាជាងប្រជែងគ្នា​ អារ៉ាប៊ីសាអូឌីតចង់រកស៊ីជាមួយចិន។
 
ជាមួយគ្នានេះ ប្រទេសទាំងពីរ ក៏ចង់ឆាប់បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន និងប្រទេសសមាជិកក្រុមប្រឹក្សាឈូងសមុទ្រផងដែរ ក្រោយជជែកគ្នាតាំងពីឆ្នាំ២០០៤មក។
 
សន្និសីទពាណិជ្ជកម្មខាងលើ ទាក់ទាញអ្នករកស៊ីចិនជាច្រើនដែលមើលឃើញពីសក្ដានុពលរបស់មហាអំណាចប្រេងមួយនេះ និងតំបន់អារ៉ាប់ដែលសម្បូរដោយប្រេង និងប្រភពថាមពលនានា។ វេទិកានេះ រៀបចំឡើងក្រោយទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅអារ៉ាប៊ីសាអូឌីត៕
 
 

Tag:
 អារ៉ាប៊ីសាអូឌីត
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com