ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ចិន ​រួមគ្នា​ធ្វើ​ទំនើប​កម្ម​រដ្ឋ​បាល​គយ​ឱ្យទៅ​ជា Smart Customs
12, Jun 2023 , 1:59 pm        
រូបភាព
កិច្ចប្រជុំរវាងមន្ដ្រីគយនិងរដ្ឋាករកម្ពុជា និងមន្ត្រីរដ្ឋបាលគយចិន កាលថ្ងៃទី១០ ខែមិថុនា ។ រូបថត៖​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ
កិច្ចប្រជុំរវាងមន្ដ្រីគយនិងរដ្ឋាករកម្ពុជា និងមន្ត្រីរដ្ឋបាលគយចិន កាលថ្ងៃទី១០ ខែមិថុនា ។ រូបថត៖​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ
រដ្ឋបាលគយកម្ពុជា និងចិន សម្រេចរួមគ្នាធ្វើទំនើប​កម្មដើម្បីក្លាយជា​រដ្ឋ​បាល​គយ ​វៃ​ឆ្លាត (Smart Customs) តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​ជំរុញ​ការ​រៀប​ចំ​សេចក្តី​ព្រាង​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​លើ​ការ​ងារ​ត​ភ្ជាប់​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិរវាង​រដ្ឋ​បាល​គយ​ទាំង​ពីរ​។  ការ​សម្រេច​នេះ គឺធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​​រវាងលោក គុណ ញឹម អគ្គនាយកនៃ​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជាមួយលោកWang Lingjun អនុរដ្ឋមន្រ្តីនៃរដ្ឋបាលគយចិន។

 
​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជ​កម្ម​និង​វិនិ​យោគ​យ៉ាង​សំខាន់​របស់​កម្ពុជា ​ហើយ​តាម​រយៈ​នេះរដ្ឋបាល​គយ​នៃ​ប្រទេស​ទាំង​ពីរ ​ត្រូវ​សហ​ការ​គ្នា​ឱ្យ​បាន​សកម្ម។ នេះជាការលើកឡើងរបស់លោក គុណ ញឹម ដោយបាននិយាយថា ​ជាពិ​សេស​គឺការ​អនុវត្ត​រួមគ្នាឱ្យ​រលូន​ និង​មាន​ប្រសិទ្ធ​ភាព ​នៃ​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី​កម្ពុជា​-​ចិន(​CC-FTA)និង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​សេដ្ឋកិ​ច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP)​ ខណៈ ​កម្ពុជា ​បាន​ធ្វើ​ទម្រង់​និង​ទំនើប​កម្ម​រដ្ឋបាល​គយ​កម្ពុជា ​ជា​បន្ត​បន្ទាប់​។​​​
 
បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា កិច្ចប្រជុំជាមួយថ្នាក់ដឹនាំរដ្ឋបាលគយប្រទេសចិនកាលពីថ្ងៃទី១០មិថុនា កន្លងមក   ភាគីទាំងពីរបានឯកភាពក្នុងការធ្វើទំនើបកម្មរដ្ឋបាលគយជារដ្ឋបាលវៃឆ្លាត (Smart Customs) តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានដើម្បីពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងតាមព្រំដែន។ លើសពីនេះ ភាគីទាំងពីរ នឹងជំរុញការរៀបចំសេចក្តីព្រាងអនុស្សារណៈយោគយល់គ្នាលើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ(National Single Window)។ 
 
រដ្ឋបាលគយកម្ពុជា​និងចិន នឹងបង្កើនកិច្ចសហការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែននានា។  ដូចជា៖ ការរត់ពន្ធគ្រឿងញៀន ទំនិញហាមឃាត់ និងការជួញដូរសត្វព្រៃជិតផុតពូជជាដើម (CITES) ដោយត្រូវបង្កើតចំណុចទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មានឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បន្តជំរុញការផ្លាស់ប្តូរព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិចនៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (E-Certificate of Origin) ដើម្បីពន្លឿនការបំពេញបែបបទគយ  និងពិភាក្សាអំពីការអនុវត្តរួមគ្នានូវកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO) ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ផងដែរ។ 
 
ដើម្បីការអនុវត្តទាំងនេះបានប្រសិទ្ធភាពកាន់តែប្រសើរ លោក គយ ញឹម បានស្នើរដ្ឋបាលគយចិនឱ្យផ្ដល់ជំនួយបច្ចេកទេសក្នុងការកសាងសមត្ថភាព ដើម្បីបន្តអនុវត្តយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា។​​ លោកWang Lingjun ដែលអនុរដ្ឋមន្រ្តីនៃរដ្ឋបាលគយចិន បានគាំទ្រនូវសំណើនេះ និងប្រាប់ដល់គយកម្ពុជាឱ្យលើកឡើងនូវតម្រូវការជាក់លាក់ តាមរយៈនាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិនៃរដ្ឋបាលគយទាំងពីរ។ 
 
សូមជម្រាបថា ត្រីមាសទី១ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលចូលជាតិបានជាង៥៦៤លានដុល្លារ។ ចំណូល នេះថយចុះជាង៥,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា លើឆ្នាំ២០២២៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com