សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិកកំពុងខ្វះផ្ទះដែលមានតម្លៃសមរម្យជាង៣០០ពាន់ខ្នង ​
12, Jun 2023 , 7:29 pm        
រូបភាព
លំនៅឋាននៅ Lithonia រដ្ឋ Georgia។ រូបថត ៖ Bloomberg ។
លំនៅឋាននៅ Lithonia រដ្ឋ Georgia។ រូបថត ៖ Bloomberg ។
យោងតាមសមាគមជាតិនៃភ្នាក់ងារអចលនទ្រព្យ (NAR) អាម៉េរិកកំពុងខ្វះខាតផ្ទះប្រហែល៣២០ ០០០ខ្នងដែលមានតម្លៃក្រោម២៥៦ ០០០ដុល្លារ។ កង្វះខាតនេះដោយសារតែតម្លៃផ្ទះឡើងខ្ពស់ និងការកើនឡើងអត្រាការប្រាក់។

 
តម្លៃ២៥៦០០០ដុល្លារនេះ ត្រូវបានចាត់ទុកជាតម្លៃដ៏សមរម្យសម្រាប់អ្នកទិញផ្ទះដែលមានប្រាក់ចំណូលប្រចាំឆ្នាំមិនលើសពី៧៥០០០ដុល្លា ឬសំដៅក្រុមដែលមានចំណូលមធ្យម។ បច្ចុប្បន្នពួកគេអាចទិញបានត្រឹមតែ ២៣ភាគរយនៃផ្ទះដែលបានសាងសង់រួចសម្រាប់លក់នៅទូទាំងប្រទេសតែប៉ុណ្ណោះ ហើយអត្រានេះធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងប្រាំឆ្នាំមុន។
 
កង្វះលំនៅឋានតម្លៃសមរម្យបានបន្តកើតមានអស់ជាច្រើនឆ្នាំ ហើយកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងពេលមានជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យទីផ្សារអចលនទ្រព្យអាម៉េរិកកាន់តែក្តៅគគុក។ រហូត​មក​ដល់​ពេល​នេះ មនុស្ស​ជា​ច្រើន​មិន​អាច​ទិញ​ផ្ទះ​បាន​ទេ ដោយសារ​តម្លៃ​ផ្ទះកើន​ខ្ពស់ និង​ការ​ឡើង​អត្រា​ការ​ប្រាក់។ ម្ចាស់​ផ្ទះមួយចំនួន​មិន​ចង់​លក់​ទេ ព្រោះ​ធ្លាប់​ខ្ចី​ប្រាក់ក្នុងអត្រាការប្រាក់​ទាប។ ប្រសិន​បើ​គេ​ផ្លាស់​ប្តូរ​ផ្ទះ​នាពេលនេះ ពួក​គេ​នឹងត្រូវ​បង់​ការ​ប្រាក់​ខ្ពស់​ជាង។
 
« តម្លៃផ្ទះកើនឡើងជាបន្តបន្ទាប់ និងចំនួនផ្ទះដែលមានស្រាប់មានចំនួនតិច ការនេះនៅតែបន្តបង្កបញ្ហាប្រឈមផ្នែកថវិកាសម្រាប់អតិថិជនគោលដៅជាច្រើន។ អ្នកខ្លះទំនងជាត្រូវបន្តជួល ឬពន្យារពេលទិញមួយរយៈរហូតដល់ហិរញ្ញវត្ថុមានភាពប្រសើរឡើង »។ អ្នកសេដ្ឋវិទូនៅ Realtor បានអះអាងបែបនេះ ។
 
លោកស្រី Nadia Evangelou ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យនៅ NAR បានឱ្យដឹងថា អ្នកដែលមានប្រាក់ចំណូលមធ្យមត្រូវប្រឈមនឹងការខ្វះខាតផ្ទះដ៏ធំបំផុតក្នុងចំណោមក្រុមប្រជាជនមានចំណូលទាំងអស់ ដែលតម្រូវឱ្យការដោះស្រាយសមស្របណាមួយ ដើម្បីផ្តល់លទ្ធភាពកនុងការចំណាយទាប ស្របពេលការផ្គត់ផ្គង់ផ្ទះនៅមានកម្រិត។ នេះបើតាម Wall Street Journal ។ 
 
លោក​ស្រី Nadia Evangelou បាន​សង្កត់ធ្ងន់​ថា​៖ «​យើង​ត្រូវ​តែ​បង្កើន​ចំនួន​ផ្ទះ​ក្នុង​តម្លៃសមរម្យណាមួយ ​ដែល​មនុស្ស​ភាគច្រើន​អាច​ទិញ​បាន​»​។ 
 
 
បើយោងតាមរបាយការណ៍ខាងលើ អ្នក​ទិញ​ផ្ទះនៅអាម៉េរិក​ត្រូវ​ការ​ប្រាក់​ចំណូល​យ៉ាង​ហោច​ណាស់១២៥០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ​ច្រើន​ជាង​នេះ ដើម្បី​ចូល​ទៅ​កាន់​ពាក់​កណ្តាល​នៃ​ផ្ទះ​នៅ​លើ​ទីផ្សារបាន​៕
 

Tag:
 អាម៉េរិក
  ផ្ទះ
 ​ អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com