សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី​អនុម័ត​ថវិកា​បន្ថែម ១ពាន់​លាន​ដុល្លារ ​ដើម្បី​ពន្លឿន​ការ​សាងសង់​រដ្ឋធានី​ថ្មី
13, Jun 2023 , 8:29 am        
រូបភាព
គំរូវិមានប្រធានាធិបតីថ្មីនៅរដ្ឋធានី Nusantara នាពេលអនាគត។ រូបភាពពី AFP ។
គំរូវិមានប្រធានាធិបតីថ្មីនៅរដ្ឋធានី Nusantara នាពេលអនាគត។ រូបភាពពី AFP ។
រដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីដែលមានឈ្មោះថា Nusantara ស្ថិតនៅចម្ងាយ ២០០០គីឡូម៉ែត្រភាគឦសាននៃទីក្រុងហ្សាការតា។ បន្ទាប់ពីការផ្លាស់ប្តូររដ្ឋធានី ហ្សាការតានឹងនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី។

 
រដ្ឋសភាបានអនុម័តថវិកាបន្ថែម ១៥ទ្រីលានរូពៀ (ប្រមាណ ១,០១ពាន់លានដុល្លារ) ដើម្បីពន្លឿនការសាងសង់រដ្ឋធានីថ្មី Nusantara នៅលើកោះ Borneo ។ នេះបើតាមប្រធានគណៈកម្មាធិការថវិការដ្ឋសភាឥណ្ឌូណេស៊ីលោក Said Abdullah ។ 
លោក Abdullah បានលើកឡើងថា ប្រាក់បន្ថែមនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់នៅឆ្នាំនេះ បន្ថែមពីលើទឹកប្រាក់ចំនួន ២២ទ្រីលានរូពៀ ដែលបានបែងចែកពីមុនដើម្បីអភិវឌ្ឍ Nusantara ក្នុងឆ្នាំ២០២៣។
 
ឥណ្ឌូណេស៊ីបានចាប់ផ្តើមសាងសង់រដ្ឋធានីថ្មីពីពាក់កណ្តាលឆ្នាំ ២០២២។ អាជ្ញាធរឥណ្ឌូណេស៊ីបានផ្តើមគំនិតក្នុងការបង្កើតទីក្រុងបៃតងនាពេលអនាគត ដោយផ្តោតលើព្រៃឈើ សួនឧទ្យាន ការផលិតស្បៀងដោយប្រើថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់ឆ្លាតវៃ រួមជាមួយអគារបៃតង។
 
បច្ចុប្បន្ននេះ ឥណ្ឌូណេស៊ីកំពុងពន្លឿនការសាងសង់ការិយាល័យរដ្ឋបាលសំខាន់ៗនៃរដ្ឋធានី រួមទាំងវិមានប្រធានាធិបតី និងអគារនៃក្រសួងសំខាន់ៗ ជាមួយនឹងគោលដៅផ្លាស់មន្ត្រីរាជការ កងទ័ព និងប៉ូលិសយ៉ាងហោចណាស់១៦ពាន់នាក់ ទៅទីនោះនៅឆ្នាំក្រោយ។
 
កន្លងមក ប្រធានាធិបតី ចូកូ វីដូដូ បានសន្យាថារដ្ឋាភិបាលនឹងវិនិយោគតែ ២០ភាគរយនៃការចំណាយប៉ាន់ស្មាន ៣២ពាន់លានដុល្លារនៃគម្រោងក្នុងកសាងរដ្ឋធានីថ្មី ហើយផ្នែកដែលនៅសល់នឹងមកពីវិស័យឯកជន។ រដ្ឋធានី​ថ្មី​នេះ​ មាន​ទីតាំង​នៅ​ចម្ងាយ ២០០០ គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទីក្រុង​ហ្សាការតា។ បន្ទាប់ពីផ្លាស់ប្តូររដ្ឋធានីហ្សាការតា នឹងនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី។
 
កាលពីថ្ងៃទី៣០ ខែឧសភា ប្រធានាធិបតីឥណ្ឌូណេស៊ី វីដូដូ បានប្រកាសស្លាកសញ្ញាដែលមានឈ្មោះថា «ដើមឈើនៃជីវិត» របស់រដ្ឋធានីថ្មី (IKN​ Nusantara) ដែលមានទីតាំងនៅខេត្ត Kalimantan ភាគខាងកើត៕
 
 

Tag:
 ឥណ្ឌូណេស៊ី
  ចូកូ វីដូដូ
  រដ្ឋធានី
  ហ្សាការតា
© រក្សាសិទ្ធិដោយ thmeythmey.com