ជាតិ
សេដ្ឋកិច្ច
រដ្ឋ សម្រេចដំឡើងនិងបញ្ចុះពន្ធនាំចូល-អាករពិសេស លើមុខទំនិញមួយចំនួន
13, Jun 2023 , 7:59 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន
រដ្ឋាភិបាលសម្រេចដំឡើង​និងបញ្ចុះអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រានាំចេញ លើមុខទំនិញមួយចំនួន។ ក្នុងនោះ រដ្ឋបានដំឡើងពន្ធនាំចូលពី ៧ភាគរយ ទៅ១៥ភាគរយ លើមុខទំនិញ ដំណាប់ ចាហួយ​ ល្បាយខាប់នៃផ្លែឈើ និងមុខទំនិញនានា . រដ្ឋក៏បញ្ចុះអត្រាអាករពិសេសលើរថយន្តដឹកទំនិញប្រើអគ្គិសនី, រថយន្តប្រណាំងតូចៗ, ម៉ូតូកង់៤ និងរថយន្តបំពាក់ឧបករណ៍ពិសេស ជាដើម។ ការសម្រេចនេះ នឹងអនុវត្ត ពីថ្ងៃទី១កក្កដា ឆ្នាំ២០២៣ តទៅ។​

 
រដ្ឋបានបញ្ចុះអត្រាពន្ធគយពី ៣៥មក១៥ភាគរយ លើការនាំចូលរុក្ខជាតិរស់សម្រាប់ផលិតឱសថ អាហារកែច្នៃ ភេសជ្ជៈមួយចំនួន ប្រេងក្រអូប សំបកកង់អ៊ុតឡើងវិញ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំពីស្បែក ផលិតផលក្រងត្បាញ កញ្ចក់សុវត្ថិភាព សម្ភារផ្ទះបាយពីលោហៈធាតុ អាគុយ គ្រឿងបន្លាស់យានយន្ត និងគ្រឿងសង្ហារឹមមួយចំនួន​ដែលមានចំនួន ៣២៧បន្ទាត់ពន្ធ។  បញ្ចុះអត្រាពន្ធពី៣៥មកនៅ៧ភាគវិញ ចំពោះការនាំចូលក្រមួនទន្តពេទ្យ អាល់ប៊ុយមីន ហ្គាសដែកកេះ លោហៈងាយឆេះ វត្ថុធ្វើពីស្បែកជាប់រោម ធុង និងវត្ថុផ្ទុកធ្វើពីអាលុយមីញ៉ូម ឧបករណ៍បំភ្លឺ​ឬឱ្យសញ្ញាសម្រាប់ទោចក្រយានយន្ត ចំនួន២១បន្ទាត់ពន្ធ។ 
 
រដ្ឋក៏បញ្ចុះពន្ធគយពី ១៥មក៧ភាគរយ លើមុខទំនិញ ផ្កា មែករុក្ខជាតិកាត់រួច អំបិល ប្រេងកាបូនខ្មៅ គ្រឿងបន្ទាប់បន្សំ សម្លៀកបំពាក់ធ្វើពីប្លាស្ទិក កម្រាលកៅស៊ូ ស្បែកឆៅជាប់រោម និងវត្ថុធ្វើពីរោមសិប្បនិមិ្មត សំបកវេចខ្ចប់ ក្តារបន្ទះ ខ្សែវ័ណ្ឌក្បាល និងភាគបំណែកនៃមួក សម្ភាសជាងប្រើប្រាស់ដៃ ស្លាកសញ្ញា ឬស្លាកពាណិជ្ជកម្ម ​និងមុខទំនិញនានាដែលចំនួន២៦៥បន្ទាត់ពន្ធ។  នេះបើយោងតាមអនុក្រឹត្យស្តីពីកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រានាំចេញ លើមុខទំនិញមួយចំនួន របស់ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន ដែលតបតាមសំណើរបស់លោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៦មិថុនា។
 
រីឯការនាំចូល ចំបើង និងសំបកធញ្ញជាតិ, មែក និងខ្នែងរុក្ខជាតិបំបៅ, ពោះវៀនកង់, គ្រឿងចក្រ ចំណាំងឈើ អាចម៍រណា កាកសំណល់ និងកម្ទេចឈើ ជញ្ជីង ម៉ាស៊ីនសម្អាត គ្រឿងបន្លាស់ម៉ីនកែច្នៃកៅស៊ូ គ្រឿងបន្លាស់ឧបករណ៍កសិកម្ម បរិក្ខារកែទម្រង់ឆ្អឹង ឧបរកណ៍សម្រាប់សួនកម្សាន្ត រុក្ខជាតិសម្រាប់ដាំដុះនិងពន្លកផ្សិត សារធាតុសម្លាប់ស្បែក និងបន្ថែមពណ៌, បញ្ជី និងសៀវភៅសរសេរ, ផែនទីនិងគំនូសប្លង់, កុំព្យូទ័រលើតុ និងគ្រឿងបន្លាស់ និងឧបករណ៍ជំនួយដង្ហើម គឺមិនត្រូវបានជាប់ពន្ធគយទៀតឡើយ ដែលកន្លងមកទំនិញទំនិញជាប់ពន្ធអត្រាពន្ធគយពី៧ទៅ១៥ភាគរយ។ 
 
ជាមួយគ្នានេះ រដ្ឋក៏បានដំឡើងអត្រាពន្ធគយលើទំនិញចំនួនផងដែរ។ ក្នុងនោះ រដ្ឋដំឡើងពី៧ទៅ១៥ភាគរយ ចំពោះការនាំចូល ដំណាប់ ចាហួយ​ ល្បាយខាប់នៃផ្លែឈើ ទុយោប្រេងឥន្ធៈ ទុយោម៉ាស៊ីនកម្តោ និងទុយោទឹកសម្រាប់រថយន្ត សាធាតុអាបេតូស ព្រំ កម្រាលក្នុងរថយន្ត សោរ  និងគឿងបន្លាស់ទូរសព្ទ ចំនួន៨៦បន្ទាត់ពន្ធនៃតារាងពន្ធគយ។ 
 
ការនាំចូលឧបករណ៍អង្គធាតុរាវមាននាឡិកាវាស់ ម៉ាស៊ីនសំលៀង និងម៉ាស៊ីនចាក់ពុម្ពផលិតវត្ថុបា្លស្ទិក3D ត្រូវជាប់ពន្ធ១៥ភាគរយ និង៧ភាគរយ សម្រាប់ការនាំចូលថ្មឆ្នួនមិនទាន់ច្នៃ ក្រួសក្រាលថ្ម គ្រឿងបន្លាស់កាត់ស្មៅ​ និងខ្សែអាត់កុំព្យូទ័រ។​ អនុក្រឹត្យរបស់រដ្ឋាភិបាលដែលសម្តេច ហ៊ុន សែន ចុះថ្ងៃទី៦មិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា កន្លងមកការនាំចូលនូវប្រភេទទាំងនេះ មិនជាប់ពន្ធគយឡើយ ពោលគឺអត្រាពន្ធគយសូន្យភាគរយ។​
 
ការនាំចូលរថយន្តវែងលីម៉ូហ្សីន រដ្ឋសម្រេចបញ្ចុះអត្រាអាការពិសេសពី៥៥​មកនៅត្រឹម៥០ភាគរយ និង ពី៥០មកនៅ៤០ភាគរយ សម្រាប់ការនាំចូលរថយន្តគ្រួសារប្រភេទHybrid not plug-in។​ បញ្ចុះអាករពិសេសពី៤០មក១០ភាគរយ លើការនាំចូលរថយន្តដឹកទំនិញប្រើអគ្គិសនី, ពី២៥មក១៥ភាគរយ ចំពោះម៉ូតូបើកបរលើផ្លូវរលាក់មានស៊ីឡាំងលើសពី៥០cc ខណៈអាករពិសេសលើម៉ូតូស៊ីឡាំង២៥០cc ចុះមកនៅត្រឹម២០ភាគរយ។​ បញ្ចុះពី២៥មក១០ភាគរយ លើការនាំចូលស្រា គ្រឿងបន្ទាប់បន្សំ បំណែកម៉ាស៊ីន គ្រឿងបន្លាស់នៃយានយន្ត និងក្បាលរថយន្តសណ្តោងរ៉ឺម៉ក។ 
 
រដ្ឋ មិនយកអាករពិសេសលើការនាំចូលកញ្ចក់សុវត្ថិភាព រួមទាំងកញ្ចក់ស្វិត កញ្ចក់អ៊ុតសម្រាប់គ្រឿងចក្រ និងម៉ាស៊ីន និងរទះរុញកូនក្មេង រទះរុញកង់មួយ និងគ្រឿងបន្លាស់។ ការនាំចូលត្រីចក្រយានយន្តប្រើម៉ាស៊ូត ត្រូវបានបញ្ចុះអាករពិសេសពី២០មក១៥ភាគរយ, ពី២០មក១០ភាគរយ លើការនាំចូលទូក នាវា និងជលផលសម្រាប់កម្សាន្ត និងពី១៥មក១០ភាគរយ លើការនាំចូលគ្រឿងបន្លាស់ទោចក្រយានយន្ត។​
 
អាករពិសេសសូន្យភាគរយ លើការនាំចូលពោះវៀនកង់សម្រាប់គ្រឿងចក្រ, គ្រឿងបន្លាស់ទោចក្រយាន សៀកចល័ត មហោស្រពចល័ត ឧបករណ៍សម្រាប់សួនកម្សាន្ត ប្រេងកាបូនខ្មៅ និងប្រេងប្រហាក់ប្រហែល យុថ្កា គ្រឿងបន្លាស់ទោចក្រយាន និងយានយន្ត  កាមេរ៉ាថតរូបប្រើហ្វីល។ រដ្ឋក៏បញ្ចុះអាករពិសេស ពី១០មក៥ភាគរយលើការនាំចូលភេសជ្ជៈមួយចំនួន​, ទូទឹកកកតាំងបង្ហាញ និងម៉ាស៊ីនពីស្តុងសម្រាប់ទោចក្រយានយន្ត។ 
 
ចំពោះ ការនាំចូលសំបករថយន្តថ្មី និងគ្រឿងបន្លាស់រថយន្តមួយចំនួន រ៉ែថ្ម រ៉ែលោហៈ រ៉ែធម្មជាតិ និងសំបកកង់អ៊ុតក្រឡាថ្មីឡើងវិញត្រូវបានរដ្ឋដំឡើងអាករពិសេសដល់២៥ភាគរយ ខណៈការនាំចូលភេសជ្ជៈប៉ូវកម្លាំង​ជាប់អាករពិសេស១៥ភាគរយ។​ 
 
ទន្ទឹមនេះ រដ្ឋាភិបាលក៏មិនអាករនាំចេញសារធាតុគីមីសកម្មមួយចំនួនសម្រាប់ផលិតឱសថ ចំណាំងឈើ អាចម៍រណា កាកសំណល់ កម្ទេចឈើ សត្វគោ ក្របីរស់ ​និងទូកសម្រាប់ការពារការភាយជាតិពុល ផងដែរ។ ការនាំចេញផលិតផលសម្រាប់ជាងធ្វើពីឈើ កេស ធុង និងសំបកវេចខ្ចប់ប្រហាក់ហែលធ្វើពីឈើ គឺជាប់ពន្ធត្រឹម៥ភាគរយប៉ុណ្ណោះ។​ ប៉ុន្តែ ការនាំចេញ ខ្សាច់ និងរ៉ែលោហៈធាតុគ្រប់ប្រភេទ  ដូចជា រ៉ែថ្ម រ៉ែធ្យូងថ្ម ដីឥដ្ឋ និងដីស គឺរដ្ឋបានដំឡើងអត្រាអាករដល់២៥ភាគរយ ខណៈអាករសម្រាប់នាំចេញ បូរ៉ាត ថ្មក្រាលថ្នល់ ថ្មកំបោរ ម្សៅមីកា ម្នាងសិលា និងសមាសធាតុរ៉ែមួយចំនួន ត្រូវបានដំឡើងពី១០ទៅ២០ភាគរយ ផងដែរ។​
 
សូមជម្រាបថា ត្រីមាសទី១ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលចូលជាតិបានជាង៥៦៤លានដុល្លារ។ ចំណូលនេះថយចុះជាង៥,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា លើឆ្នាំ២០២២៕ 
 

Tag:
 ពន្ធគយ​
© រក្សាសិទ្ធិដោយ thmeythmey.com