អន្តរជាតិ
អាម៉េរិក ​នៅតែបារម្ភ​កូរ៉េ​ខាងជើង​​ផ្តល់​អាវុធ​​ដល់​រុស្ស៊ី
13, Jun 2023 , 8:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១២ ខែមិថុនាបានលើកឡើងថា ទីក្រុង​វ៉ាស៊ីនតោន​ព្រួយបារម្ភពីកូរ៉េខាងជើងដែលកំពុងរៀបចំផែនការផ្តល់អាវុធ​បន្ថែមទៀតដល់រុស្ស៊ី។ ក្ដីបារម្ភនេះ កើតឡើយក្រោយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ​ជាមួយ​ទីក្រុងមូស្គូ។

 
ក្នុងសាររបស់ផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសទិវាជាតិរបស់រុស្ស៊ី លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធជាមួយទីក្រុងមូស្គូតាមបំណ​ងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសម្រេចបានគោលដៅធំនៃការកសាងប្រទេសដ៏មានឥទ្ធិពល។
 
ការលើកឡើងខាងលើរបស់មេដឹកនាំកូរ៉េខាងជើងនេះ បង្កឱ្យអាម៉េរិកមានកង្វល់ជុំវិញការផ្គត់ផ្គង់​សម្ភារៈយោធាបន្ថែមទៀតទៅកាន់រុស្ស៊ីសម្រាប់ការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួង​ការ​បរទេសអាម៉េរិកអះអាងថា ទោះបីជាទីក្រុងព្យុងយ៉ាងបដិសេធ​មិនបាន​លក់អាវុធឱ្យរុស្ស៊ី​សម្រាប់​សង្គ្រាមនៅអ៊ុយក្រែនក៏ដោយ អាម៉េរិកនៅតែបញ្ជាក់ថា កូរ៉េខាងជើងបាន​ចែកចាយ​អាវុធ​រួមមានគ្រាប់​រ៉ុក្កែត និងមីស៊ីលទៅឱ្យក្រុមទាហានស៊ីឈ្នួល Wagner ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ។
 
«យើងមានការព្រួយបារម្ភថា កូរ៉េខាងជើងកំពុងរៀបចំផែនការបញ្ជូនសម្ភារយោធាបន្ថែមទៀតទៅកាន់​រុស្ស៊ី»។ អ្នកនាំពាក្យដដែលបានសង្កត់ធ្ងន់បែបនេះ ប៉ុន្តែមិនបានលម្អិតបន្ថែមពីអាវុធប្រភេទ ឬ​ចំនួន​អាវុធដែលកូរ៉េខាងជើងអាចបញ្ជូនទៅរុស្ស៊ីឡើយ។
 
គួរបញ្ជាក់ថា កូរ៉េខាងជើងបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រេមឡាំង និងថែមទាំងគាំទ្រទីក្រុងមូស្គូជុំវិញការឈ្លានពានអ៊ុយក្រែនថែមទៀត។ ទីក្រុងព្យុងយ៉ាង ក៏បន្ទោសគោល​នយោបាយអាម៉េរិក និងលោកខាងលិចដែលបង្កឱ្យមានជម្លោះនេះផងដែរ។ អាម៉េរិកបានបញ្ជាក់​កាល​ពីខែមីនាថា ខ្លួនមានព័ត៌មានអំពីរុស្ស៊ីដែលស្វែងរកអាវុធបន្ថែមពីកូរ៉េខាងជើង​ជាថ្នូរនឹង​ជំនួយ​ស្បៀង​អាហារ៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com