សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាស៊ាន
ការវិនិយោគដោយផ្ទាល់ពីចិន រុញកំណើនសេដ្ឋកិច្ចអាស៊ាន
14, Jun 2023 , 8:29 am        
រូបភាព
ការដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិន​ BYD ។ រូបភាពពី Xinhua ។
ការដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិន​ BYD ។ រូបភាពពី Xinhua ។
វិនិយោគិនចិនជាច្រើនកំពុងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានា ​ជាមួយបណ្តាប្រទេសនៅអាស៊ាន។ នៅឆ្នាំ ២០២១ លំហូរវិនិយោគផ្ទាល់ពីបរទេសចិន (FDI) នៅអាស៊ានមានកំណើន ១២ភាគរយបើធៀបឆ្នាំមុន។ ចិន និងអាស៊ានកំពុងរីកចម្រើនរួមគ្នាតាមរយៈលំហូរ FDI ។

 
ក្នុងឆ្នាំ ២០១៣ ប្រធានាធិបតី ស៊ី ជិនភីង បានប្រកាសពីគំនិតផ្តួចផ្តើមចិន ដើម្បីសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន​ សម្រាប់ផ្លូវសូត្រសមុទ្រសតវត្សទី២១ ក្នុងការកសាងសហគមន៍ចិន-អាស៊ាន កាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា​។ 
 
អស់រយៈពេលមួយទសវត្សរ៍មកហើយ ចិន និងអាស៊ីអាគ្នេយ៍បានរីករាយនឹងការរីកលូតលាស់នៃការតភ្ជាប់ ធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ។
 
ចាប់តាំងពីឆ្នាំ ២០២០ អាស៊ាន បានវ៉ាដាច់សហភាពអឺរ៉ុប ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតជាមួយចិន ដែលជាការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ថ្មីមួយ។ 
 
នៅឆ្នាំ ២០២២ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន នាំឱ្យមានកំណើន ១៥ភាគរយបើធៀបឆ្នាំមុនរវាងពាណិជ្ជកម្មចិន-អាស៊ាន។
 
នៅពេលដែលភាពជាដៃគូបន្តកាន់តែស៊ីជម្រៅលើសពាណិជ្ជកម្ម គេរំពឹងថាមានការរីកចម្រើនរបស់ចិននៅក្នុងតំបន់អាស៊ាន តាមរយៈកំណើនការវិនិយោគផ្ទាល់ពីបរទេស​ (FDI) ដែលជាផ្នែកមួយនៃការដាំគ្រាប់ពូជរួមគ្នានាពេលអនាគត។ 
 
អាស៊ីអាគ្នេយ៍សម្បូរទៅដោយកម្លាំងពលកម្មវ័យក្មេង ដែលមានសមត្ថភាពផលិតខ្ពស់ ជាមួយការកើនឡើងនៃចំនួនអ្នកប្រើប្រាស់វ័យក្មេង និងការរីកចម្រើននៃទីក្រុងថ្មីៗជាច្រើន។ ទន្ទឹមនេះ​ ការកើនឡើងលំហូរពាណិជ្ជកម្ម​​ និងមូលធនក្នុងតំបន់ និងការផ្លាស់ប្តូរឌីជីថលកំពុងបង្កើតឱកាសដ៏អស្ចារ្យសម្រាប់វិនិយោគិន។ 
 
ចំណែកចិន គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មពិភពលោក ។ ហើយនៅពេលដែលចិនបន្តអភិវឌ្ឍ និងផ្លាស់ប្តូរខ្សែច្រវាក់តម្លៃ ឆ្ពោះទៅរកការផលិតទំនិញ និងសេវាកម្មដែលផលិតដោយបច្ចេកវិទ្យាខ្ពស់ ទំនងការផលិតទាំងនោះត្រូវ ពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម និងបច្ចេកវិទ្យាទាបៗ សម្រាប់ប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដែលកើនឡើងជាបន្តបន្ទាប់។
 
ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ ជាឧទាហរណ៍ជាក់ស្តែងក្នុងការផ្លាស់ប្តូរផលិតកម្មចេញពីចិនទៅកាន់បណ្តាប្រទេសអាស៊ីដូចជាកម្ពុជា​ ។ ទន្ទឹមនេះ​ ការបំពាក់នូវបច្ចេកវិទ្យាកម្រិតមធ្យម និងខ្ពស់មួយចំនួនទៀតដោយក្រុមហ៊ុនចិន កំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ថៃ និងឥណ្ឌូណេស៊ីជាដើម ។  
 
នៅពេលដែលក្រុមហ៊ុនកាន់តែច្រើនស្វែងរកការធ្វើពិពិធកម្មភូមិសាស្រ្ត និងអនុម័តតាមយុទ្ធសាស្ត្រ ចិនបូក១ អាស៊ាននឹងបន្តបានចំណែកទីផ្សារ ក៏ដូចជាលំហូរ FDI សកលកាន់តែច្រើន។
 
លំហូរ FDI ចូលមកអាស៊ានបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងអត្រា ១១ភាគរយក្នុងឆ្នាំ ២០២១ ដែលភាគច្រើនបានមកពីចិន។ ចិនបានក្លាយជាប្រទេសប្រភពធំបំផុតរួមគ្នាសម្រាប់ FDI ចូលទៅក្នុងអាស៊ានដូចទៅនឹងជប៉ុនដែរ។ នេះបើតាមកាសែតបាងកកប៉ុស្តឹ៍។ 
 
គម្រោង FDI របស់ចិនភាគច្រើននៅក្នុងអាស៊ានកាលពីឆ្នាំមុន គឺស្ថិតនៅក្នុងវិស័យដែលប្រទេសអ្នកទទួលមានអត្ថប្រយោជន៍ប្រកួតប្រជែង។ ជាច្រើនឆ្នាំមកនេះ ចិនបាននឹងកំពុងវិនិយោគយ៉ាងច្រើននៅក្នុងវិស័យផលិតកម្មដែលកំពុងរីកចម្រើនរបស់អាស៊ានចាប់ពីខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) នៅឥណ្ឌូណេស៊ី និងថៃ រហូតដល់គ្រឿងអេឡិចត្រូនិកនៅវៀតណាម ក៏ដូចជាឱសថដែលកំពុងរីកចម្រើននៅសិង្ហបុរីផងដែរ។
 
តួយ៉ាងក្រុមហ៊ុន​ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ចិន បានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលផលិតកម្មនៅថៃ ដែលមានសមត្ថភាពផលិតរថយន្តអគ្គិសនីបាន ១៥០ពាន់គ្រឿងក្នុងមួយឆ្នាំ។ 
 
ទន្ទឹមនេះ ចិនក៏បានបោះទុនវិនិយោគប្រភេទថ្មនីកែល (nickel smelter) ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ីផងដែរ។ ក្នុងនោះក្រុមហ៊ុន CATL របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន SOE Antam និង IBI របស់ឥណ្ឌូណេស៊ី ដើម្បីរួមគ្នាអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការជីកយករ៉ែដើម្បីផលិតអាគុយរថយន្តអគ្គិសនី ដែលមានតម្លៃជិត ៦ពាន់លានដុល្លារ។ 
 
នៅកន្លែងផ្សេងទៀតដូចជាម៉ាឡេស៊ី ក្រុមហ៊ុន Risen Energy ដែលជាក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យរបស់ចិនបានប្រកាសការវិនិយោគរោងចក្រដំបូងរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានតម្លៃយ៉ាងហោចណាស់ ១០ពាន់លានដុល្លារក្នុងរយៈពេល ១៥ឆ្នាំ ។ 
 
កាលពីចុងឆ្នាំ ២០២២ ក្រុមហ៊ុន WuXi Biologics និង WuXi AppTec របស់ចិនបានប្រកាសការវិនិយោគចំនួន ៤ពាន់លានដុល្លារសិង្ហបុរីក្នុងវិស័យផលិតឱសថក្នុងប្រទេសសិង្ហបុរី។
​ 
បើទោះបីជាមានឱកាសច្រើនសម្រាប់វិនិយោគិនចិននៅអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឬកិច្ចព្រមព្រៀងផ្សេងទៀតក៏ដោយ នោះវាមិនមែនគ្រាន់តែស្វែងយល់ពីសក្ដានុពលនៃទីផ្សារនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែត្រូវយល់ពីរបៀបជួយអាជីវកម្មនៅទូទាំងទីផ្សារតភ្ជាប់ និងធ្វើការជាមួយគ្នា។ នេះជាការលើកឡើងរបស់លោក Mark Wang នាយកប្រតិបត្តិធនាគារ HSBC China ៕
 
 

Tag:
 អាស៊ាន
  ចិន
  FDI
© រក្សាសិទ្ធិដោយ thmeythmey.com