ជាតិ
សម្ដេច ហ៊ុន សែន បញ្ជាលោក ឆៃ ស៊ីណារិទ្ធ ពង្រឹងសន្តិសុខព្រំដែន នៅខេត្តមណ្ឌលគិរី
13, Jun 2023 , 6:19 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី SPM
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី SPM
ភ្នំពេញ៖ សម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រីបានបញ្ជូនលោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ចុះទៅតំបន់ព្រំដែនខេត្តមណ្ឌលគិរី ដើម្បីពង្រឹងការពារសន្តិសុខ ខណៈខេត្ត Dak Lak នៃប្រទេសវៀតណាម មានការផ្ទុះអាវុធ បណ្ដាលឱ្យមន្ត្រីវៀតណាម៤នាក់បានស្លាប់។

 
អំឡុងពេលសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញថ្ងៃទី១៣មិថុនានេះ សម្ដេច ហ៊ុន​ សែន បានលើកឡើងថា លោក ឆៃ ស៊ីណារិទ្ធ បានទៅតំបន់ព្រំដែនពិនិត្យសភាពការណ៍ និងការពារសន្តិសុខ។ សម្ដេច សង្កត់ធ្ងន់ថា បញ្ហាសន្តិសុខប្រទេសជាតិ ពុំត្រូវធ្វេសប្រហែសឡើយ បើទោះបីករណីផ្ទុះអាវុធនោះ កើតនៅវៀតណាមក៏ដោយ។ 
 
«រឿងសន្តិសុខជាតិ អត់អាចប្រហែសបានទេ! ព្រោះពួកហ្នឹង(ពួកប្រឆាំងនៅវៀតណាម)វាយព្រឹបៗ អ៊ឹចឹង យើងត្រូវទំនាក់ទំនងជាមួយវៀតណាម ដើម្បីការពារសន្តិសុខ។ មិនមែនទៅមានជម្លោះជាមួយវៀតណាមទេ! តែទៅសហការជាមួយវៀតណាម ដើម្បីត្រួតត្រាសភាពការណ៍តាមព្រំដែនជាមួយគ្នា ព្រោះពួកប្រឆាំងនៅវៀតណាម ធ្វើសកម្មភាពប្រឆាំងអាក្រក់ណាស់ រហូតដល់ស្លាប់មនុស្ស»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន​ សែន។ 
 
ជុំវិញករណីនេះ លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអះអាងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃនេះថា កន្លងមក តំបន់តាមព្រំដែន គឺមានការការពារជាប្រចាំ។ ប៉ុន្តែ នៅពេលមានករណីហិង្សាកើតឡើងនៅវៀតណាមនេះ អាជ្ញាធរកម្ពុជា ក៏បន្ថែមការការពារនិងរឹតបន្តឹងសន្តិសុខ ខណៈលោក ឆៃ ស៊ីណារិទ្ធ ក៏ចុះពិនិត្យនិងការពារបន្ថែម ដោយផ្ទាល់។ ចំណែក ការចេញចូលរវាងឈ្មួញរកស៊ី និងពលរដ្ឋដែលមានភូមិ-ឃុំជាប់គ្នាតាមតំបន់ព្រំដែនគឺមានការចេញចូលធម្មតា។ 
 
បើតាមក្រសួងសន្តិសុខសាធារណៈវៀតណាមមន្ត្រីប៉ូលិស៤នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារ​នៅទីស្នាក់ការប៉ូលិសនៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាមនៅថ្ងៃទី១១ ខែមិថុនា៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com