អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ច្រានចោលការចោទប្រកាន់ក្នុងសំណុំរឿងទុកឯកសារសម្ងាត់នៅផ្ទះ
14, Jun 2023 , 11:29 am        
រូបភាព
លោក ដូណាល់ ត្រាំ ។ រូបភាពពី AFP ។
លោក ដូណាល់ ត្រាំ ។ រូបភាពពី AFP ។
អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃទី១៣ ខែឧសភា នៅក្នុងបន្ទប់សវនាការសហព័ន្ធក្នុងទីក្រុង Miami បន្ទាប់ពីត្រូវបានចោទប្រកាន់នៅក្នុងការស៊ើបអង្កេតការចាត់ចែងឯកសារសម្ងាត់​។  លោកអះអាងពីការគ្មានកំហុសតាមរយៈមេធាវីរបស់ខ្លួន ដោយរូបលោកលោកមិនបាននិយាយអ្វីទាល់តែសោះក្នុងអំឡុងពេលបង្ហាញខ្លួននេះ។

 
បង្ហាញមុខនៅតុលាការសហព័ន្ធនៅ Miami លោក ដូណាល់ ត្រាំ នក្លាយជាអតីតប្រធានាធិបតីដំបូងគេដែលប្រឈមមុខនឹងការចោទប្រកាន់នៅតុលាការសហព័ន្ធ។ ចំពោះមុខចៅក្រម លោក ត្រាំ នៅតែបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន​។
 
លោក ត្រាំ ចាត់ទុកការចោទប្រកាន់ប្រឆាំងនឹងលោកថា ជាការជ្រៀតជ្រែកការបោះឆ្នោត និងការប៉ុនប៉ងធ្វើមួយផ្សេងទៀតដើម្បីបន្លំការបោះឆ្នោតប្រធានាធិបតី។ លោក ត្រាំ បាននិយាយថា លោកមានសិទ្ធិញែកកំណត់ត្រាផ្ទាល់ខ្លួនពីឯកសាររដ្ឋាភិបាល។ លោកបន្តថា លោកមិនមានឱកាសពិនិត្យមើលរាល់សម្ភារៈដែលបានផ្ទេរពីសេតវិមានឡើយ មុនពេលភ្នាក់ងារ FBI ឆែកឆេរលំនៅដ្ឋាន Mar-a-Lago នកាលពីឆ្នាំមុននោះទេ។ 
 
« ជាទ្រឹស្តីផ្លូវច្បាប់ដ៏ឃោរឃៅ និងសាហាវបំផុតដែលមិនធ្លាប់មាននៅក្នុងតុលាការអាម៉េរិក»។ លោក ត្រាំ​ បញ្ជាក់បែបនេះក្រោយចាកចេញ ។ 
 
អតីតប្រធានាធិបតីរូបនេះ ត្រូវបានចោទប្រកាន់បទល្មើសចំនួន៣៧ករណី ក្នុងនោះ៣១ ករណីជាការរក្សាទុកព័ត៌មានការពារជាតិដោយចេតនា ឯករណីទី៣២ ការគប់គិតដើម្បីរារាំងប្រព័ន្ធយុត្តិធម៌។ ករណីទី៣៣ ជាការរក្សាទុកឯកសារ ឬកំណត់ត្រាមួយ ហើយទី៣៤ ជាការលាក់បាំងឯកសារ ឬកំណត់ត្រាអំពើពុករលួយ ទី៣៥ ជាការលាក់ឯកសារនៅក្នុងការស៊ើបអង្កេតសហព័ន្ធ ទី៣៦ ជាការបិទបាំងគម្រោង និងផែនការនានា និងទី៣៧ ការថ្លែង ឬបទបង្ហាញដែលមិនពិត ។
 
នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអាម៉េរិកដែលអតីតប្រធានាធិបតីប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋដោយរដ្ឋាភិបាលសហព័ន្ធ៕
 

Tag:
 ដូណាល់ ត្រាំ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com