អន្តរជាតិ
អាម៉េរិក ​នឹងដក​របាំង​ក្នុង​វិស័យ​ការពារជាតិនិង​ពាណិជ្ជកម្ម​បច្ចេកវិទ្យា​ខ្ពស់​ជាមួយ​ឥណ្ឌា
14, Jun 2023 , 2:23 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan អះអាងថាអាម៉េរិកកំពុងតែខិតខំលុប​បំបាត់​ឧបសគ្គ​ដែល​រារាំង​ដល់ការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌា ដែលការដកនេះនឹងជំរុញការ​ផ្ដោះប្ដូររវាងប្រទេសទាំង២ ​​កាន់តែរលូនក្នុង​វិស័យ​សំខាន់ៗ​ដូចជា​វិស័យ​ការពារជាតិ និង​បច្ចេកវិទ្យា​ខ្ពស់​។

 
លោក Jake Sullivan ស្ថិតនៅឥណ្ឌាដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថ្ងៃទី២២ ខែមិថុនា ដែលជាទស្សនកិច្ចត្រូវបានចាត់ទុក​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសប្រជាធិបតេយ្យទាំងពីរ។
 
«ចំណុចមួយចំនួននៃរបៀបវារៈសម្រាប់ការពិភាក្សា ត្រូវបានរៀបចំឡើងជាមូលដ្ឋានដើម្បីដកចេញ​ឧបសគ្គទាំងឡាយនៅក្នុងផ្នែកពាណិជ្ជកម្ម ការការពារជាតិ និងបច្ចេកវិទ្យាខ្ពស់»។ លោក Sullivan សង្កត់ធ្ងន់បែបនេះ រួចបន្តថា ប្រទេសទាំង២ ក៏ចង់បានកិច្ចសហប្រតិបត្តិារលើផ្នែកផ្សេងទៀតដូច​ជា​ការស្រាវជ្រាវ និងការអភិវឌ្ឍ​បច្ចេកវិទ្យា​ទូរគមនាគមន៍ 5G និង 6G ខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទះឈីប សឺមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត កុំព្យូទ័រទំនើប និងបច្ចេកវិទ្យាជីវសាស្រ្ត។
 
កាលពីខែមុន ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យក្រុមហ៊ុន General Electric ផលិតម៉ាស៊ីន​យន្តហោះសម្រាប់យន្តហោះយោធាឥណ្ឌានៅទឹកដីឥណ្ឌាផ្ទាល់។
 
អំឡុងពេលស្នាក់នៅទឹកដីឥណ្ឌា លោក Sullivan បានជួបលោក ម៉ូឌី និង​បាន​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​សន្តិសុខជាតិឥណ្ឌា លោក Ajit Doval នៅថ្ងៃទី១៣ ខែមិថុនា។ លោកក៏ត្រូ​វជួបជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេសឥណ្ឌា Subrahmanyam Jaishankar ក្នុងទស្សនកិច្ចរយៈពេលពីរថ្ងៃផងដែរ៕
 
 
 

Tag:
 អាម៉េរិក
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com