ជាតិ
មន្ទីរពទ្យកុមារអង្គរបំពាក់ម៉ាស៊ីនស៊ីធីស្កេន សម្រួលដល់ការព្យាបាលកុមារកាន់តែប្រសើរ
14, Jun 2023 , 6:59 pm        
រូបភាព
ម៉ាស៊ីនស៊ីធីស្កេនដែលបំពាក់នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ
ម៉ាស៊ីនស៊ីធីស្កេនដែលបំពាក់នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ
ហឿន សុភ័ក្រ្ត
 
សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរ បានប្រកាសពីការរៀបចំបំពាក់ម៉ាស៊ីនស៊ីធីស្កេន ដែលម៉ាស៊ីននេះ នឹងជួយព្យាបាលជំងឺកុមារជាច្រើនដែលកំពុងមានតម្រូវការប្រចាំថ្ងៃ។ 
 
មន្ទីរពេទ្យកុមារអង្គរ បានរៀបរាប់លើហ្វេសប៊ុកផ្លូវការខ្លួន នៅថ្ងៃទី១៣ មិថុនា ថា ម៉ាស៊ីនស៊ីធីស្កេន ជាបច្ចេកវិទ្យាទំនើប​ ដែលអាចធ្វើការពិនិត្យរាងកាយផ្តល់រូបភាពបានយ៉ាងលម្អិត និងអាចជួយ​សម្រួល​ដល់ការធ្វើរោគវិនិច្ឆ័យអ្នកជំងឺ ឱ្យកាន់តែប្រសើរជាងមុន ដូចជាការធ្វើរោគ​វិនិច្ឆ័យ​ជំងឺមហារីក រលាកផ្លូវដង្ហើម និងការរងរបួសធ្ងន់ធ្ងរផ្សងៗ។ 
 


«ហេតុអ្វីម៉ាស៊ីនស៊ីធីស្កេននេះ មានសារៈសំខាន់សម្រាប់មន្ទីរពេទ្យកុមារអង្គរ? មុនពេលមានម៉ា​ស៊ីននេះ អ្នកជំងឺមន្ទីរពេទ្យកុមារអង្គរ ដែលត្រូវការម៉ាស៊ីនស៊ីធីស្កេន ត្រូវធ្វើដំណើរ​ទៅក្រៅ​មន្ទីរពេទ្យ ជាមួយនឹងក្រុមគ្រូពេទ្យ ដើម្បីទទួលសេវាស្កេនម៉ាស៊ីនស៊ីធីស្កេន។ កត្តានេះ អាចបណ្តាលឱ្យមានហានិភ័យខ្ពស់ដល់អ្នកជំងឺ មានតម្លៃថ្លៃ ព្រមទាំងចំណាយពេលវេលា​របស់គ្រូពេទ្យ ត្រូវព្យាបាលដល់អ្នកជំងឺផ្សេងទៀត»។ នេះជាការបញ្ជាក់ពីមន្ទីរពេទ្យ។ 
 
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានផ្ដល់បទសម្ភាសឱ្យសារព័ត៌មាន​ថ្មីៗតាមទូរស័ព្ទថា ម៉ាស៊ីនស៊ីធីស្កេនខាងលើនេះ បានបញ្ជាទិញពីក្រៅប្រទេស​តាមរយៈក្រុមហ៊ុន​ឯកជនមួយ នាំចូលសម្ភារៈបរិក្ខារពេទ្យ ដែលបានដេញថ្លៃឈ្នះ ដើម្បីទិញចូលមកឱ្យមន្ទីរពេទ្យ។ ម៉ាស៊ីនស៊ីធីស្កេននេះមានតម្លៃ ៣៥ម៉ឺនដុល្លារ ជាតម្លៃជាកញ្ចប់រួមទាំងបច្ចេកទេសតម្លើង ការថែទាំ និងការជួសជុល ដែលជាថវិកា​បានមកពីសប្បុរសជន​ជួយឧបត្ថម្ភដល់មន្ទីរពេទ្យ»។
 
លោក ភក្រ្ដា​បន្ថែមថា «ចំពោះម៉ាស៊ីនស៊ីធីស្កេនហ្នឹងយើងបានសប្បុរសជនមួយរូបដែលគាត់​តែងតែផ្ដល់និងជួយមន្ទីរពេទ្យកុមារអង្គរ អញ្ចឹងគាត់ក៏ជួយថវិកា​ដើម្បីឲ្យយើងអាចទិ​ញ​ម៉ាស៊ីនធីស្កេន ដើម្បីដំណើរការ​ជួយ​សង្គ្រោះក្មេង»។ 
 
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ដើម្បីដំណើរការបាន​គេត្រូវការទាំងអ្នកបច្ចេកទេស​ដើម្បីដំណើរការម៉ាស៊ីនស៊ីធីស្កេន ដូចជាស្កេនអ្នកជំងឺ ហើយទីពីរត្រូវការអ្នកជំនាញផ្នែករូបភាព (Radiologist) ដើម្បីថតមើលថាតើមានបញ្ហាអ្វីដើម្បីជារោគវិនិច្ឆ័យ អញ្ចឹងយើងបានបញ្ជូន​គ្រូពេទ្យជំនាញចំនួនពីររូបទៅហ្វឹកហាត់ពង្រឹងជំនាញបន្ថែមនៅមន្ទីរពេទ្យកុមារជាតិរយៈពេលមួយខែ មុននឹងដាក់អោយដំណើរការកាលពីខែមីនា ឆ្នាំ២០២៣។ 
 
សម្រាប់លោក ងួន ច័ន្ទភក្រ្តា​ម៉ាស៊ីនស៊ីធីស្កេនគឺសំខាន់ណាស់ដើម្បីរករោគ វិនិច្ឆ័យ​ឱ្យបានច្បាស់លាស់នូវជំងឺធ្ងន់ៗ ដូចជា ជំងឺមហារីក បាក់ឆ្អឹង ការប៉ះទង្គិច ជំងឺរលាកប្រព័ន្ធ​ប្រសៃប្រាសាទធ្ងន់ធ្ងរ ឬក៏បញ្ហាជំងឺរាំរៃ ដើម្បីជួយព្យាបាលជំងឺកុមារឱ្យបានទាន់ពេលវេលា។
 
ម៉ាស៊ីននេះជួយឱ្យអ្នកជំងឺ និងទាំងគ្រូពេទ្យចំណេញទាំងពេលវាលា និងថវិកា​ព្រោះកន្លងមក​មន្ទីរពេទ្យ​ត្រូវការម៉ាស៊ីនស៊ីធីស្កេនច្រើន និងត្រូវរកសេវាខាងក្រៅដើម្បីពិនិត្យ និងព្យាបាលជំងឺ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com