ជាតិ
បោះឆ្នោត
គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក ក្នុងនីតិកាលទី៧
14, Jun 2023 , 7:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។
ដោយ:
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមលោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១៤ ខែមិថុនា។



លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា គ.ជ.ប នឹងទៅពិនិត្យមើលដំណើរការនៃការសន្លឹកឆ្នោតនៅរោងពុម្ព មួយកន្លែង ក្នុងខណ្ឌទួលគោក នៅថ្ងៃទី១៥ មិថុនា។
 
លោក ហង្ស ពុទ្ធា បញ្ជាក់ថា៖«ការបោះពុម្ពសន្លឹកឆ្នោតនេះ មានពីរប្រភេទគឺសន្លឹកឆ្នោតជាង ១១លានសន្លឹក នឹងត្រូវបញ្ជូនទៅការិយាល័យបោះឆ្នោត និងសន្លឹកឆ្នោតបម្រុងជាង ១លានសន្លឹក ត្រូវតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត»។
 
បើតាមលោក ហង្ស ពុទ្ធា ការបោះពុម្ពសន្លឹកឆ្នោត នីតិកាលទី៧នេះ មានការកើនឡើងទៅតាមចំនួនអ្នកចុះឈ្មោះបោះឆ្នោត។ ចំពោះការិយាល័យបោះឆ្នោតមានចំនួន ២៣៧៨៩ ការិយាល័យ។ 
 
សូមជម្រាបថា កាលពីចុងខែឧសភា គ.ជ.ប បានបញ្ជូនគំរូសន្លឹកឆ្នោតទៅកាន់រោងពុម្ព។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា មានគណបក្សនយោបាយ ប្រកួតប្រជែងចំនួន ១៨ ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សបំណងពលរដ្ឋ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សស្រ្តីដើម្បីស្រ្តី, គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច, គណបក្សចលនាជាតិប្រជាធិបតេយ្យកម្ពុជា,គណបក្សកសិករ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕ 
 
 

Tag:
 បោះពុម្ពសន្លឹកឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com