សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រដ្ឋាភិបាលឡាវ កំពុងព្យាយាមទប់ស្កាត់លំហូរចេញកម្លាំងពលកម្ម
14, Jun 2023 , 9:29 pm        
រូបភាព
កម្មករ​នៅ​រោងចក្រ​កាត់ដេរ​មួយ​ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ រូបភាពពី Vientiane Times ។
កម្មករ​នៅ​រោងចក្រ​កាត់ដេរ​មួយ​ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ រូបភាពពី Vientiane Times ។
វិបត្តិសេដ្ឋកិច្ច និងអតិផរណាខ្ពស់ បានធ្វើឱ្យកម្មករជាង៦១ពាន់នាក់ នៅឡាវអត់ការងារធ្វើ ឬមិនអាចស្វែងរកការងារសមរម្យបាន ដោយសារប្រាក់ឈ្នួលអប្បបរមាមិនសមស្របនឹងកម្រិតជីវភាពរស់នៅ។ ការណ៍នេះបានធ្វើឱ្យកម្មករមួយចំនួន មានទំនោរទៅធ្វើការនៅក្រៅប្រទេស។

 
ប៉ុន្មានខែចុងក្រោយនេះ អត្រា​អតិផរណារបស់​​ឡាវ បើទោះបី​ជា​បាន​ថយបន្តិច​ ប៉ុន្តែ​នៅ​តែ​ស្ថិតនៅកម្រិតខ្ពស់។ ចរន្តនេះបូកជាមួយនឹងប្រាក់ខែគោលទាប បានធ្វើឱ្យពលកររបស់ប្រទេសនេះមានទំនោរទៅក្រៅប្រទេសដើម្បីស្វែងរកការងារធ្វើ ជាពិសេសកម្មករវ័យក្មេង និងកម្មករជំនាញ។
 
យោងតាមស្ថិតិរបស់ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បច្ចុប្បន្នមានប្រជាជនអាយុធ្វើការប្រហែល ២,៥លាននាក់។ តួលេខនេះមានទំហំស្មើនឹង ៣៤ភាគរយនៃចំនួនប្រជាជនសរុប។ 
 
វិបត្តិសេដ្ឋកិច្ច និងអតិផរណានៅតែមានកម្រិតខ្ពស់ បណ្តាលឱ្យកម្មករជាង ៦១ពាន់នាក់អត់ការងារធ្វើ ឬ មិនអាចស្វែងរកការងារសមរម្យបានដោយសារប្រាក់ឈ្នួលអប្បបរមាមិនអាចឆ្លើយតបនឹងកម្រិតជីវភាពរបស់កម្មករនាពេលបច្ចុប្បន្ន។
 
ជាងនេះទៅទៀត ពលករឡាវមួយផ្នែកមានទំនោរទៅក្រៅប្រទេសដើម្បីស្វែងរកការងារធ្វើ ជាពិសេសកម្មករវ័យក្មេង និងជំនាញខ្ពស់ ដែលធ្វើឲ្យប្រទេសនេះប្រឈមនឹងហានិភ័យនៃ ការខ្វះកម្លាំងពលកម្ម។
 
ដើម្បីរក្សា  និងជំនះភាពអត់ការងារធ្វើរបស់កម្មករ រដ្ឋាភិបាលឡាវកំពុងដោះស្រាយបញ្ហាលំបាកនានា ដូចជាការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីតម្រូវការពលកម្មតាមជំនាញ ដើម្បីបង្កើតការងារថ្មីសម្រាប់កម្មករដែលគ្មានការងារធ្វើ ការបណ្តុះបណ្តាលជំនាញសម្រាប់និយោជិត ក៏ដូចជាការបង្កើនប្រាក់ឈ្នួលអប្បបរមាជាដើម។ នេះបើតាមលោកស្រី Anousone Khamsingsavath ប្រធាននាយកដ្ឋានការងារនៃក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ។ 
 
លោកស្រី Anousone Khamsingsavath បានបន្តថា កង្វះកម្លាំងពលកម្ម មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យផលិតកម្មត្រូវជាប់គាំងផងដែរ។ ហើយរដ្ឋាភិបាលឡាវ នឹងវិនិយោគលើអភិវឌ្ឍន៍ស្មើៗគ្នានៅទូទាំងប្រទេស ដើម្បីបែងចែកធនធានមនុស្ស ហើយទន្ទឹមនឹងនោះបង្កើតការងារថ្មី ដើម្បីរក្សាកម្លាំងពលកម្ម និងកែលម្អអត្រាអត់ការងារធ្វើនៅក្នុងប្រទេស។
 
គួរបញ្ជាក់ថា ក្នុងអំឡុងពេលពីខែមេសា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ ឡាវបានបង្កើតការងារថ្មីជាង ១៥ពាន់កន្លែង និងបានកែលម្អកម្មរជំនាញបានជាង ១៧០០កន្លែង៕
 

Tag:
 ឡាវ
  អតិផរណា
  វិបត្តិសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com