ជាតិ
ក្រសួងកសិកម្ម ណែនាំអាជ្ញាធរមូលដ្ឋានត្រៀមជួយសង្រ្គោះស្រូវកសិករ ពីកូនរដូវប្រាំង
14, Jun 2023 , 9:59 pm        
រូបភាព
 រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិម
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រៀមជួយសង្រ្គោះស្រូវកសិករ ពីកូនរដូវប្រាំង ដែលកើតឡើងចាប់ពីដើមខែកក្កដា ដល់សីហា។ កូនរដូវប្រាំងនេះ នឹងធ្វើឱ្យខ្សត់ទឹកភ្លៀងនៅដំណាច់ឆ្នាំ ដែលទាមទារឱ្យមានការត្រៀមលក្ខណៈទុកជាមុន ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវ។ 



យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី៥ ខែមិថុនា កម្ពុជាកំពុងមានភ្លៀងធ្លាក់ពីតិចទៅបង្គករ និងរាយប៉ាយស្ទើរគ្រប់កន្លែង។ ស្ថានភាពបែបនេះ បានបង្ករលក្ខណៈពិសេសដល់កសិករ ក្នុងការចាប់ផ្ដើមដាំដុះស្រូវវស្សារបស់ខ្លួន ជាបន្តបន្ទាប់។ 
 
យ៉ាងណា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងមានកូនរដូវប្រាំង ដែលកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។ ការណ៍នេះ នឹងធ្វើឱ្យខ្សត់ទឹកភ្លៀងនៅចុងឆ្នាំ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈទុកជាមុន ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវ។ 
 
ពាក់ព័ន្ធបញ្ហានេះ ក្រសួងកសិកម្ម បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពទឹកនៅតាមប្រភពផ្សេងៗក្នុងតំបន់របស់ខ្លួន ជាពិសេសស្ថានភាពទឹកភ្លៀង និងការលូតលាស់របស់ដំណាំស្រូវ ដើម្បីត្រៀមលក្ខណៈបូមទឹកអន្តរាគមន៍ជួយសង្គ្រោះ ដំណាំស្រូវរបស់កសិករដែលរងផលប៉ះពាល់។ 
 
ត្រូវក្ដាប់ឱ្យបានច្បាស់អំពីផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត លទ្ធភាពដែលអាចជួយសង្គ្រោះបាន ស្ថានភាពខូចខាតដំណាំស្រូវ លទ្ធភាពស្តារឡើងវិញ និងត្រូវកំណត់ ឱ្យបានច្បាស់អំពីកសិករងាយរងគ្រោះ ដើម្បីស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាល។ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមថែរក្សា និងគ្រប់គ្រងការប្រើប្រាស់ទឹកដែលកំពុងមាន ប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ ជាពិសេស ចៀសវាងការប្រើប្រាស់រហូតរីងអស់ ដែលអាចប៉ះពាល់ដល់ ការចិញ្ចឹមសត្វ និងការប្រើប្រាស់សម្រាប់មនុស្ស។  
 
ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏បានណែនាំដល់កសិករប្រញាប់ដាំដុះ ដើម្បីឱ្យដំណាំស្រូវដុះលូតលាស់បានល្អ និងមានអាយុកាលវែងល្មម និងបង្កើនភាពធន់ទៅនឹងគ្រោះរាំងស្ងួតនៅពេល កូនរដូវប្រាំងមកដល់។ ចំពោះតែ ស្រែជម្រៅ និងស្រែដែលមានប្រភពទឹកស្រោចស្រព ប៉ុណ្ណោះ។ 
 
ដោយឡែក ស្រែដែលពឹងអាស្រ័យទឹកភ្លៀងទាំងស្រុង កសិករត្រូវរៀបចំដីស្រែ និងកែលម្អភ្លឺឱ្យបានល្អ ដើម្បីរក្សាទឹកក្នុងស្រែបានយូរ និងកាត់បន្ថយផលប៉ះពាល់នៅពេលជួបគ្រោះរាំងស្ងួត ហើយកសិករអាចពន្យារពេលដាំដុះរហូតដល់ចុងខែកក្កដា។ បន្ថែមពីលើនេះ កសិករក៏ត្រូវត្រៀមគ្រាប់ពូជស្រូវបម្រុងមួយចំនួនសម្រាប់ដាំដុះឡើងវិញ ក្នុងករណីដំណាំស្រូវបានដាំដុះលើកទី១ រងការខូតខាតដោយសារគ្រោះរាំងស្ងួត៕  
 

Tag:
 ក្រសួងកសិកម្ម
  កូនរដូវប្រាំង
  ដំណាំស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com