ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ជ្រកក្រោមពាក្យ «អប់រំ» តែ​វីដេអូពោរពេញដោយ​ខ្លឹមសារ «អាសអាភាស» ជាទង្វើ​បំផ្លាញ​វប្បធម៌ជាតិ
15, Jun 2023 , 8:59 am        
រូបភាព
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា ( រូបភាពខាងស្តាំ) និង លោក ម៉ៃ  វឌ្ឍនា  សមាជិកក្រុមប្រឹក្សាភិបាល នៃសាមាគមអ្នកនិពន្ធខ្មែរ  រូបភាពរបស់សារព័ត៌មានថ្មីៗ  និងផ្តល់ជូនដោយ លោក គង់ សំនៀង ផ្ទាល់តែម្តង
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា ( រូបភាពខាងស្តាំ) និង លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាល នៃសាមាគមអ្នកនិពន្ធខ្មែរ រូបភាពរបស់សារព័ត៌មានថ្មីៗ និងផ្តល់ជូនដោយ លោក គង់ សំនៀង ផ្ទាល់តែម្តង
ភ្នំពេញ៖ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង  មើលឃើញថា វីដេអូមួយចំនួន​ដែល​បង្ហោះនៅ​លើ​បណ្តាញ​សង្គម មិន​មាន​ខ្លឹម​សារអប់រំ ដូចជាចំណង​ជើងនោះឡើយ ផ្ទុយទៅវិញ​ វា​ជាការនាំឱ្យ​សីលធម៌ វប្បធម៌​ ប្រពៃណី​កាន់តែអាប់ឱន។ សមាជិកក្រុម​ប្រឹក្សា​ភិបាល​សមាគម​អ្នកនិពន្ធខ្មែរ លោក  ម៉ៃ វឌ្ឍនា​ ក៏យល់ឃើញ​ដូចគ្នា​ផងដែរ ដោយ​លោក​សង្កត់ធ្ងន់ថា ការផលិតវីដេអូដោយគ្មានវីជ្ជាជីវៈ ហើយជ្រកក្រោមពាក្យអប់រំនេះ ជារូបភាពបំផ្លាញវប្បធម៌ជាតិ។

 
«ជាការ​បោក​ប្រាស់អ្នកទស្សនា​សុទ្ធសាធ ហើយ​បានប៉ះពាល់​ដល់​ប្រពៃណីទំនៀម​ទម្លាប់ខ្មែរ»។ នេះជាការយល់ឃើញ​របស់​លោក គង់ សំនៀង ចំពោះ​វីដេអូដែលបានប្រើ​ចំណង​ជើង​ក្នុងន័យ​អប់រំ ប៉ុន្តែ​ខ្លឹម​សារ និងសកម្មភាព​ក្នុង​សាច់រឿង សុទ្ធតែប្រាស់ចាក និងពោរពេញ​ដោយ​រូបភាពអាសអាភាស។
 

លោក ម៉ៃ  វឌ្ឍនា  សមាជិកក្រុមប្រឹក្សាភិបាល នៃសាមាគមអ្នកនិពន្ធខ្មែរ  រូបភាពរបស់សារព័ត៌មានថ្មីៗ


 
បើតាម​ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជារូបនេះ ការផលិតវីដេអូខ្លីៗ​របស់មនុស្សមួយចំនួន​នាពេល​បច្ចុប្បន្ននេះ គឺជារូបភាព​នៃ​ការ​រក​ស៊ីផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​វាត្រូវបាន​បង្ហោះនៅតាមបណ្តាញសង្គម​យ៉ាងអាណាធិបតេយ្យ។
 
លោកបានគូស​បញ្ជាក់ថា៖ « ពិតណាស់ ទោះបីទាំងអស់ហ្នឹង ជាការរកចំណូលរបស់ពួកគាត់ក៏ដោយ តែត្រូវបង្ហាញពីខ្លឹមសារអប់រំឱ្យបានច្រើន ព្រោះថារបស់ល្អវានឹងឋិតថេរបានវែងឆ្ងាយ តែរបស់មិនល្អវាបានតែមួយឆាវទេ ហើយទោះបីជាវាមិនដួលដោយឯកឯង ក៏ច្បាប់មិនទុកឱ្យនៅយូរដែរ»។
 
លោក គង់ សំនៀង ស្នើ​ឲ្យ​អ្នក​ផលិត​មាតិកា​វីដេអូនៅលើ​បណ្តាញ​សង្គម រៀន​សូត្រតាមវីដេអូ​ល្អៗ ជាពិសេស​ការ​រៀបចំឈុត​ឆាក​សម្តែង​ដែល​ត្រូវ​គិតគូរជាចាំបាច់​ចំពោះប្រយោជន៍​សង្គម។ ហើយ​លោកក៏​បានស្នើឱ្យក្រសួងពាក់ព័ន្ធទាំងអស់សហការគ្នាចូលរួមផ្តល់ជាគំនិតយោបល់ និងគ្រប់គ្រងលើការផលិតវីដេអូ ផងដែរ។


លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា   រូបភាព៖ ផ្តល់ជូនដោយ លោក គង់ សំនៀង ផ្ទាល់តែម្តង


 
អ្នក​ជំនាញអប់រំរូបនេះ បានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌លើវិធានការផ្សេងៗ ប្រឆាំងអ្នក​ផលិតវីដេអូអសីលធម៌ ដោយ​តម្រូវ​ឱ្យ​សុំទោស និង​លុប​វីដេអូចេញ​ ប៉ុន្តែលោកក៏ចង់​ឃើញ​មាន​ចំណាត់ការតាមផ្លូវ​ច្បាប់មួយចំនួន​​ផងដែរ​។
 
ដូចគ្នា​ផងដែរ ​លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ វាយតម្លៃថា អ្នកផលិតវីដេអូជាច្រើន​នាពេល​បច្ចុប្បន្នេះ មិនមានវិជ្ជាជីវៈត្រឹមត្រូវឡើយ ដោយ​គ្រាន់តែ​ផលិត​ទាក់ទាញ​ការ​ចូលទស្សនា និងទាញយកចំណូល​ដល់ខ្លួន​ប៉ុណ្ណោះ។
 
លោក​បាន​លើកឡើងថា៖ «សេរីភាពក្នុងការផលិតបែបហ្នឹង ហាក់ដូចជាមិនបានផ្តល់ប្រយោជន៍អ្វី សម្រាប់ប្រទេសជាតិឡើយ តែបែរជាផ្តល់នូវភាពអសោច និងនាំឱ្យក្មេងជំនាន់ក្រោយខូចអនាគតទាំងមិនដឹងខ្លួន។ល។»។
 
សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែររូបនេះ បាន​កត់សម្គាល់ថា ការ​ផលិត​វីដេអូមិន​ត្រឹមត្រូវ ហើយ​បង្ហោះ​លើ​បណ្តាញ​សង្គម ផ្តល់គំរូ​អាក្រក់​ដល់​ក្មេង​។ «យើងឃើញថា ក្មេងឥឡូវធំមុនអាយុហើយ ដែលមិនទាន់ដឹងអីប៉ុន្មានផង តែចេះបែបបទរឿងលើគ្រែទៅហើយ នេះក៏ដោយសារអ្នកជំនាន់មុនខ្លះបន្សល់ទុករឿងអាក្រក់ឱ្យហ្នឹង»។ កវី ជនបទ លោក ម៉ៃ វឌ្ឍនា គូសបញ្ជាក់បែបនេះ​។
 
លោក​បានបន្ថែមថា យុវជនដែលកំពុងមានឥទ្ធិពលក្នុងការផលិតវីដេអូ គួរបន្ថែមខ្លឹមសារអប់រំឱ្យច្រើនបំផុត ហើយជៀសវាងការគិតតែពីផលប្រយោជន៍ សម្រាប់ខ្លួនឯង ជាងប្រយោជន៍សង្គម និងគួររៀនសូត្រ​ពីវិជ្ជាជីវៈជាមុនសិន។
 
មលោក ម៉ៃ វឌ្ឍនា បានជូនជាយោបល់បន្ថែម​ថា យុវជនដែលផលិតវីដេអូមិនសមរម្យ ទាំងខ្លឹមសារ កាយវិការ និងពាក្យសំដី គួរលុបវីដេអូ​ទាំងនោះចេញពីទំព័រ​បណ្តាញ​សង្គមរបស់ខ្លួន ដោយ​មិន​ត្រូវបន្សល់ទុក ឬសាបព្រោះទង្វើ​មិនល្អដល់សង្គមជាតិ នាសម័យឌីជីថល​នោះឡើយ៕
 
 
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com