ជាតិ
បោះឆ្នោត
បក្សនយោបាយមានពេល ៧ថ្ងៃ ដើម្បចុះឈ្មោះភ្នាក់ងារខ្លួន សម្រាប់សង្កេតការណ៍បោះឆ្នោត
14, Jun 2023 , 6:19 pm        
រូបភាព
លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គជប
លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គជប
ដោយ:
លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតការណ៍ និងរាប់សន្លឹកឆ្នោតនីតិកាលទី៧ ចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២០មិថុនា។



លោក ឌុច សុន បានផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ តាមមណ្ឌលរាជធានីខេត្តទាំង២៥ និងសិទ្ធិទទួលបាននូវការការពារសុវត្ថិភាពរបស់បេក្ខជន ។ ជាពិសេសការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នៅក្នុងកិច្ចប្រជុំទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ 
 
លោក ឌុច សុន បានលើកឡើងថា៖«គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងមណ្ឌលរាជធានីខេត្តណាមួយ មានសិទ្ធិចាត់តាំងភ្នាក់ងារពេញសិទ្ធិរបស់ខ្លួនចំនួន ១រូប និងភ្នាក់ងារបម្រុងចំនួន ១រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ក្នុងឃុំ សង្កាត់ រយៈពេល ៧ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣»។ 
 
លោក ឌុច សុន បានបន្តថា ពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ ត្រូវបំពេញតាមទម្រង់បែបបទលេខ១០០៧ ដែលត្រូវផ្ដល់ជូនដោយឥតគិតថ្លៃ ពីគ.ជ.ប។ គណបក្សនយោបាយ អាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ១០០៧ ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ ឬអាចទាញយកទម្រង់បែបបទលេខ១០០៧ ពីគេហទំព័ររបស់ គ.ជ.ប។
 
ចំពោះពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ។ ចំពោះការផ្ទេរនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារយល់ព្រមអនុញ្ញាត។
 
បើតាមលោក ឌុច សុន បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់-អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅគ្រប់ដំណាក់កាល។
 
សមាជិក គ.ជ.បរូបនេះ បានបន្ថែមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវធ្វើឡើងតាមប្រព័ន្ធសមាមាត្រ ដោយយករាជធានីខេត្តជាមណ្ឌលបោះឆ្នោត។ អាសនៈនៅក្នុងរដ្ឋសភាមានចំនួន១២៥ ដែលបែងចែកតាមមណ្ឌលរាជធានីខេត្ត។ លោក ឌុច សុន ក៏បានរំលឹកអំពីដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះដែលទើបតែបញ្ចប់ ដោយមានគណបក្សនយោបាយចំនួន១៨ ត្រូវបានទទួលស្គាល់ជាផ្លូវការ ។
 
លោក ឌុច សុន បានបន្តថា បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបិទផ្សាយជាសាធារណៈនៅតាមមណ្ឌលបោះឆ្នោតរាជធានីខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ។
 
សមាជិក​ គ.ជ.បរូបនេះ បានបញ្ជាក់ថា បេក្ខជនគ្រប់រូប និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ទទួលបានសិទ្ធិស្មើគ្នាក្នុងការការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងសម័យបោះឆ្នោត ដូចមានចែងក្នុងច្បាប់បទបញ្ជា និងនីតិវិធីក្រមសីលធម៌ និងផែនការអន្តរស្ថាប័នរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប៕
 
 

Tag:
 គជប
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com