ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ាណែត ក្លាយជាអនុប្រធានសមាគមអតីតយុទ្ធជន
16, Jun 2023 , 10:36 am        
រូបភាព
លោក ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខយោធោពិការ និងអតីតយុទ្ធជន នៅខេត្តបន្ទាយមានជ័យ កាលពីខែមេសា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់លោក)។
លោក ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខយោធោពិការ និងអតីតយុទ្ធជន នៅខេត្តបន្ទាយមានជ័យ កាលពីខែមេសា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់លោក)។
លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានទទួលស្គាល់ជាអនុប្រធានគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា។ នេះបើតាមសេចក្តីសម្រេច ដែលចេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ជាប្រធានសមាគមនេះ។



ក្នុងជួរកងទ័ព លោក ហ៊ុន ម៉ាណែត ជានាយឧត្តមសេនីយ៍ (ផ្កាយ៤) ដោយកាន់តំណែងខ្ពស់ៗមួយចំនួន ដូចជា តំណែងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងតំណែងជាមេបញ្ជាការកងទ័ពជើងគោក ជាដើម។ ប៉ុន្តែ តួនាទីទាំងអស់ក្នុងជួរកងទ័ព ត្រូវលោកព្យួរទុកបណ្តោះអាសន្នហើយ ព្រោះលោក ទៅឈរជាបេក្ខជនតំណាងរាស្រ្ត ក្នុងការបោះឆ្នោតនីតិកាលទី៧នេះ។  
 
សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៧ ហើយមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន និងគ្រួសាររបស់ពួកគេ។ 
កាលពីខែមីនា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានចេញសេចក្តីសម្រេច១ ស្តីពីការបង្កើត «គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨» ដោយសម្តេច ធ្វើជាប្រធានកិត្តិយសនៃគណៈយុទ្ធមិត្តនេះ ហើយប្រធាន គឺសម្តេច ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា។ 
 
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ធ្លាប់អះអាងថា គ្រប់យុទ្ធមិត្តជំនាន់ឆ្នាំ៧៨ នឹងទទួលបានស័ក្តិ៤កន្លះ និងប្រាក់ខែជិត១លានរៀលដូចគ្នា៕ 
 

Tag:
 ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com