ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ នឹងជំរុញការចាយ«ប្រាក់រៀល»ដល់វៀតណាម និងឡាវ តាមរយៈប្រព័ន្ធបាគង
16, Jun 2023 , 8:59 pm        
រូបភាព
លោក​ស្រី ជា សិរី ថ្លែងក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ «ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង»  នៅស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែមិថុនា
លោក​ស្រី ជា សិរី ថ្លែងក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ «ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង» នៅស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែមិថុនា
ដើម្បីជំរុញការប្រើប្រាស់«ប្រាក់រៀល»ឱ្យកាន់តែមានទំហំច្រើននៅក្នុងចរន្តសេដ្ឋកិច្ច​ ធនាគារជាតិនៃកម្ពុជា នឹងដាក់ដំណើរការនូវការទូទាត់ឆ្លងដែនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ តាមរយៈប្រព័ន្ធបាគង​។ នេះបើតាមការលើកឡើងរបស់លោក​ស្រី ជា សិរី ទេសាភិបាលរងធនាគារនៃកម្ពុជា  ដែលការគ្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែននេះ បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យនូវការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ។

 
បច្ចុប្បន្ន ប្រព័ន្ធបាគង(Bakong)របស់ធនាគារជាតិនៃកម្ពុជា ​បានអនុញ្ញាតឱ្យពលរដ្ឋផ្ទេរប្រាក់ទៅកាន់ធនាគារបានទាំងអស់នៅកម្ពុជាដោយងាយស្រួល​ និងរហ័ស។ ជាពិសេសពលរដ្ឋដែលប្រើប្រព័ន្ធនេះ គឺអាចចាយវាយប្រាក់រៀលនៅក្នុងប្រទេសថៃ បានថែមទៀត​​ តាមរយៈការស្កេន QR Code​ ។ 
 
ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ «ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង»  នៅស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែមិថុនា លោកស្រី ជា សិរី បានបញ្ជាក់ថា ធនាគារជាតិនឹងភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែននេះ ជាមួយប្រទេសឡាវ ប្រទេសវៀតណាម  និងជាមួយប្រទេសដទៃទៀតក្នុងតំបន់។​
 
«អ្នកដែលចាយ​នៅស្រុកគេបាន! គឺលុះត្រាតែអ្នកនោះមានគណនីធនាគារជាប្រាក់រៀល បើមានគណនីលុយដុល្លារនៅចាយអត់បានទេ។ ដោយឡែក នៅពេលដែលទេសចរគេមកស្រុកយើងវិញចង់ចាយលុយយើង គឺទាល់តែអាជីវករយើងហ្នឹងត្រូវគិតលុយពីគេជាលុយរៀល និងដាក់QR Code លុយរៀល ទើបគេស្កេន[ទូទាត់ឱ្យយើងជាលុយរៀលបាន]​ តែ បើដាក់QR Code ជាលុយដុល្លារ គឺគេស្កេនទូទាត់មិនបានទេ»។​ នេះជាពន្យល់របស់លោកស្រី ជា សិរី​​ ដែលការធ្វើបែបនេះ គឺដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលទាំងក្នុង-ក្រៅប្រទេសឱ្យកាន់តែផុសផុល​ និងដើម្បីអធិបតេយ្យជាតិកម្ពុជា។ 
 
សូមជម្រាបថា កម្ពុជា​ និងថៃ ដាក់ឲ្យប្រើប្រាស់​នូវ​ប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR  Code បានជាងរយៈពេល៣ឆ្នាំហើយ ពោលចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មក។​​ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣ ការទូទាត់ឆ្លងដែនរវាងកម្ពុជា​-ថៃ គឺសម្រេចបានទឹកប្រាក់ជាង ៣០០០លានរៀល។​
 
សព្វថ្ងៃការទូទាត់ប្រាក់ឆ្លងដែននេះ ​បានឈានចូលដល់ដំណាក់ទី២ ដែលត្រូវបានដាក់ឱ្យដំណើរការដោយធនាការជាតិនៃកម្ពុជា​ និងធនាគារជាតិថៃ កាលថ្ងៃទី៦មិថុនា ឆ្នាំ២០២៣។ ក្នុងដំណាក់កាលនេះ គឺពលរដ្ឋថៃអាចស្កេនឃ្យូអរកូត(QR Code)នៅកម្ពុជា បានផងដែរ។ បើតាមធនាគារជាតិ ការដាក់ឱ្យដំណើរការគម្រោងនេះ គឺមានអត្ថប្រយោជន៍ណាស់សម្រាប់លើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ។ លើសពីនេះ វា​បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរទៀតផ​ង។  
 
ពលរដ្ឋថៃដែលមកកម្ពុជាអាចទូទាត់ចំណាយនានា តាមរយៈការស្កេនលើKHQR នៃពាណិជ្ជកររបស់ធនាគារដែលជាសមាជិករបស់បាគង( Bakong)។ បច្ចុប្បន្ន ធនាគារដែលជាសមាជិកបាគងរបស់ធនាគារជាតិនៃកម្ពុជា(NBC) គឺមានចំនួន ៤៨ស្ថាប័ន ខណៈពលរដ្ឋដែលមានបាគងអាចស្កេន ThaiQR (PromptPay) នៅប្រទេសថៃ បានគ្រប់កន្លែង សម្រាប់ការទូទាត់ថ្លៃសេវា និងទំនិញនៅតាមហាង តាមផ្សារ ភោជនីយដ្ឋាន រួមទាំងមធ្យាបាយធ្វើដំណើរ និងការប្រើប្រាស់នានា ដោយមិនអស់ថ្លៃសេវា​ និងមិនមានការកំណត់៕​
 
 

Tag:
 ​ ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com