ជាតិ
សង្គមជាតិ
សញ្ញាប័ត្របណ្ឌិតកិត្តិយស៖ សម្តេច ស ខេង មិនឲ្យគេរៀបចំពិធីប្រគល់ធំដុំ ព្រោះមិនបានរៀន
16, Jun 2023 , 3:59 pm        
រូបភាព
សម្តេច ស ខេង ស្ថិតក្នុងពិធីទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
សម្តេច ស ខេង ស្ថិតក្នុងពិធីទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងពិធីទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រាប់អ្នកចូលរួមថា មានសាកលវិទ្យាល័យ៣ផ្សេងទៀត ក្នុងប្រទេសកម្ពុជា មានបំណងចង់ប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយស ជូនសម្ដេចដែរ តែសម្តេច មិនទាន់យល់ព្រម ព្រោះសាកលវិទ្យាល័យទាំងនោះ ចង់រៀបចំពិធីធំដុំពេក។



សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍ក្នុងលក្ខណៈដាក់ខ្លួនដូច្នេះថា៖«គាត់ ចង់ធ្វើពិធីធំពេក ហើយខ្ញុំ សូមអង្វរគាត់ថា បើយកមកប្រគល់ឲ្យ [ខ្ញុំ] មានមន្រ្តីរាជការចូលរួម១០០នាក់ ២០០នាក់ បាន តែបើធ្វើពិធីធំពេក សូមទោស ពីព្រោះអត់បានរៀន។ ការពិតហើយ បណ្ឌិតកិត្តិយស មិនចាំបាច់រៀនទេ តែក៏មិនបានឆ្លុះបញ្ចាំងពីស្នាដៃដែរ ដល់អ៊ីចឹងទៅ ខ្ញុំ មិនហ៊ានទទួល ក៏សូមទោសគាត់វិញទៅ ព្រោះទទួលក៏ប៉ុណ្ណឹង មិនទទួលក៏ប៉ុណ្ណឹង»។ 
 
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានរៀបចំពិធីប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ជូនសម្តេច ស ខេង ក្នុងវ័យ៧២ឆ្នាំ ហើយអ្នកដែលប្រគល់សញ្ញាប័ត្រនេះជូនសម្តេច គឺលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
 
លោក ហង់ជួន ណារ៉ុន ថ្លែងថា សម្តេច ស ខេង ពិតជាឥស្សរជនដ៏ស័ក្តិសមក្នុងការទទួលបានសញ្ញាប័ត្រកម្រិតបណ្ឌិត។ រដ្ឋមន្រ្តីអប់រំ បន្តថា ការប្រគល់សញ្ញាប័ត្រកិត្តិយស ជូនសម្តេច គឺជាការដឹងគុណរបស់សម្តេច ក្នុងការអភិវឌ្ឍជនបទ និងក្នុងវិស័យសិក្សាធិការ។
 
សម្តេច ស ខេង ប្រកាសថា ដរាបណានៅមានកម្លាំង និងធនធាន សម្តេច នៅតែបន្តគាំទ្រដល់វិស័យអប់រំ ដើម្បីជំរុញុការអភិវឌ្ឍថែមទៀត។
 
សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ត្រូវបានបង្កើតឡើយដោយរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច ស ខេង ជាមួយសម្តេច ជា ស៊ីម៕ 
 
 
 
 

Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com