ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គុជ លី ជាបក្ខជននាយករដ្ឋមន្ត្រីនៃ បក្សខ្មែរតែមួយ
17, Jun 2023 , 9:59 pm        
រូបភាព
លោក គុជ លី ប្រធានបក្សខ្មែរតែមួយ។ រូបពី ហ្វេសប៊ុករបស់បក្សខ្មែរតែមួយ
លោក គុជ លី ប្រធានបក្សខ្មែរតែមួយ។ រូបពី ហ្វេសប៊ុករបស់បក្សខ្មែរតែមួយ
ភ្នំពេញ៖ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ ដែលឈរលេខរៀងទី១ នៅមណ្ឌលខេត្តកណ្ដាល។

 
ប្រធានបក្សខ្មែរតែមួយ អះអាងថា សមាជិកបក្សបានគាំទ្រលោកឱ្យ ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតនីតិកាលទី៧។ ចំពោះគណបក្សខ្មែរតែមួយ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងនីតិកាលទី៧ ចំនួន២៥រាជធានី-ខេត្ត ដែលមានបេក្ខជនសរុប២៦៦នាក់ ក្នុងនោះមានស្រី១២០នាក់។ បក្សនេះ ចូលរួមប្រជែងការបោះឆ្នោតថ្នាក់ជាតិ២អាណត្តិហើយ គឺនីតិកាលទី៦ និងនីតិកាលទី៧។ 
 
ជីវិតនយោបាយរបស់ លោក គុជ លី បានប្រឡូកនយោបាយចាប់តាំងពីឆ្នាំ ១៩៩៥ ដែលកាលនោះលោកជាអ្នកគាំទ្រ សម រង្ស៊ី។ ក្រោយមកនៅពេលលោក កឹម សុខា បង្កើតបក្សសិទ្ធិមនុស្សក្លាយទៅជាសកម្មជនបក្ស។ លុះដល់បក្សទាំងពីរនោះ ក្លាយជាបក្សតែមួយ គឺបក្សសង្គ្រោះជាតិ លោកក៏ក្លាយជាសមាជិតបក្ស និងជាសកម្មជនសកម្មប្រចាំខេត្តកំពត។ ប៉ុន្តែនៅអំឡុងឆ្នាំ២០១៦ ក្រោយការស្លាប់លោក កែម ឡី លោក គុជ លី អះអាងថារូបលោកក៏ឈប់ការគាំទ្របក្សសង្គ្រោះជាតិ ដោយមានបំណងបង្កើតបក្សថ្មី។ 
 
បើតាមព័ត៌មានដែលលោក គុជ លី ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម បក្សខ្មែរតែមួយ បង្កើតឡើងនៅឆ្នាំ២០១៨។ កាលនោះ លោកជាអនុប្រធាន ហើយលោក កែម រិទ្ធិសិត ដែលត្រូវជាប្អូនលោក កែម ឡី ជាប្រធានបក្ស។ លុះដល់ឆ្នាំ២០២១ លោក គុជ លី ឡើងជាប្រធានបក្ស រហូតដល់បច្ចុប្បន្ន។ 
 
ចំណែកកម្រិតអប់រំ លោក គុជ លី លោកបានបញ្ជប់បរិញ្ញាបត្រនីតិសាស្រ្ត បរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្រ្តនយោបាយ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com