ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បណ្ណាល័យចល័ត ជួយបង្កើនសមត្ថភាព និងទម្លាប់អានរបស់កុមារនៅភូមិបណ្ដែតទឹក ខេត្តបាត់ដំបង
19, Jun 2023 , 7:59 am        
រូបភាព
សកម្មភាពសិស្សនាំគ្នាយកសៀវភៅអាន នៅក្រោមអាគារសិក្សា នៃសាលាបឋមសិក្សាកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សកម្មភាពសិស្សនាំគ្នាយកសៀវភៅអាន នៅក្រោមអាគារសិក្សា នៃសាលាបឋមសិក្សាកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បាត់ដំបង៖ នៅសាលាបឋមសិក្សាកោះជីវាំង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មិនមានបណ្ណាល័យស្តង់ដារ សម្រាប់ឱ្យអានសៀវភៅឡើយ។ ប៉ុន្តែសាលានេះ មានបណ្ណាល័យចល័ត សម្រាប់អានសៀវភៅ ដែលអាចចូលរួមបណ្ដុះទម្លាប់អានសៀវភៅដល់សិស្សានុសិស្ស។ បណ្ណាល័យនេះ ជាផ្នែកមួយនៃគម្រោងលើកកម្ពស់អំណានមួយ របស់អង្គការ អង្គការ អេដ អេ អាកស្យុង Aide et Action (AEA)។

 
ព័ត៌មានពិស្ដារសូមលលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចខាងក្រោម៖ 
 
 
នៅពេលម៉ោងសម្រាក១៥នាទីម្ដងៗ សិស្សានុសិស្សមួយចំនួន នៅសាលាបឋមសិក្សាកោះជីវាំង តែងនាំគ្នាចុះមកអានសៀវភៅ នៅក្រោមអគារសិក្សារបស់ពួកគេ។ សៀវភៅ២ធុង ដែលផ្ទុកពេញទៅដោយសៀវភៅ ពណ៌ចម្រុះ និងច្រើនប្រភេទ ដូចជាសៀវភៅរឿងនិទាន សៀវភៅល្បែងកម្សាន្ត សៀវភៅចំណេះដឹងទូទៅ និងបំណិនជីវិតជាដើម។ 
 
នៅជាមួយសិស្សច្រើននាក់ ដែលកំពុងអានសៀវភៅនោះ គឺមានលោក ខេង សំណាង បុគ្គលិកបណ្ណាល័យចល័ត ដែលលោកជាអ្នកយកសៀវភៅទាំងនោះមកឱ្យសិស្សានុសិស្សទាំងនោះអាន និងផ្លាស់ប្ដូរសៀវភៅពីសាលាមួយ ទៅសាលាមួយទៀត ក្រោមសមត្ថកិច្ចខ្លួន។ 
 
សាលាបឋមសិក្សាកោះជីវាំង ជាសាលាមួយ ក្នុងចំណោមសាលាមួយចំនួនទៀត ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលទទួលបានគម្រោងបណ្ណាល័យចល័តនេះ ពីអង្គការ អេដ អេ អាកស្យុង Aide et Action)នេះ។ 
 
ការមានបណ្ណាល័យចល័តបែបនេះ បានធ្វើឱ្យសិស្សានុសិស្ស ដែលរស់នៅលើភូមិបណ្ដែតទឹកទាំងនោះ ទទួលបានសៀវភៅអាន ក្រៅពីសៀវភៅសិក្សាគោលរបស់ពួកគេ។ ការណ៍នេះ ជាផ្នែកមួយដែលជំរុញដល់ការអាន និងឱ្យសិស្សមានទម្លាប់ចាប់កាន់សៀវភៅអាន។ នេះជាការលើកឡើងរបស់ លោក ខេង សំណាង។ 
 
ការបណ្តុះទម្លាប់អានសៀវភៅ សម្រាប់កុមារ គឺជារឿងសំខាន់មួយ។ លោក សំណាង និយាយបញ្ជាក់ទៀតថា៖ « (ការអានសៀវភៅ)វាសំខាន់។ ព្រោះមួយព្រឹកគាត់រៀន៣ម៉ោង អ៊ីចឹងយើងយក(សៀវភៅ)នេះមក ដើម្បីបង្កើនការអាន ឱ្យពួកគាត់ចេះជាងមុន»។ 
 
ដូចទៅនឹងការលើកឡើងរបស់ លោក សំណាង មានសៀវភៅអាន ទើបអាចបណ្ដុះទម្លាប់អានដល់ពួកគេ និងការចេះអានបន្ថែមទៀត។ ក្នុងសកម្មភាពប្រមាណ១៥នាទី ក្រោមអគារសាលា យើងអាចសង្កេតឃើញថា សិស្សទាំងនោះ មិនអាចអានដាច់គ្រប់ពាក្យទាំងអស់ក្នុងសៀវភៅនោះបានទេ ដូច្នេះពួកគេព្យាយាមប្រកបពាក្យទាំងនោះ និងការសួរទៅមិត្តដែលចេះជាង ឬគ្រូ ដើម្បីជួយពួកគេក្នុងការអាន៕ 
 

Tag:
 អប់រំ ThmeyThmey
  កម្មវិធីអំណាន
  បណ្ណាល័យចល័ត
  បាត់ដំបង
  កោះជីវាំង
© រក្សាសិទ្ធិដោយ thmeythmey.com