សង្គមអន្តរជាតិ​
អន្តរជាតិ
ទីក្រុងហូជីមិញ ច្នៃកន្លែងចាក់សំរាម ២៤៣ទីតាំង ទៅជាសួនបន្លែ និងសួនឧទ្យាន
19, Jun 2023 , 8:29 am        
រូបភាព
រូបភាពពី​Hội LHPN phường Cát Lái ។
រូបភាពពី​Hội LHPN phường Cát Lái ។
បន្ទាប់ពីត្រូវបានសម្អាតរួច កន្លែងចាក់កាកសំណល់ពុលក្នុងទីក្រុងចំនួន ២៤៣កន្លែង ត្រូវបានកែច្នៃទៅជាកន្លែងសម្រាប់កំសាន្ត ជួបប្រជុំសហគមន៍ សួនច្បារ និងសួនបន្លែជាដើម។ នេះបើយោងតាមមន្ទីរធនធានធម្មជាតិ និងបរិស្ថានក្រុងហូជីមិញ។

 
នៅក្នុងរបាយការណ៍ដែលស្តីពីស្ថានភាពសំរាមនៅតាមដងផ្លូវ មន្ទីរធនធានធម្មជាតិ និងបរិស្ថានបានឱ្យដឹងថា នៅឆ្នាំ២០២២ មានកន្លែងចាក់សំរាមបំពុលបរិស្ថានថ្មីចំនួន ១១៣កន្លែង ដោយសារតែកាកសំណល់នៅក្នុងទីក្រុងកើនឡើង ។ កន្លែងចាក់សំរាមនៅវៀតណាម មានចំនួនសរុបកើនដល់ ១០០២កន្លែង។
 
ប៉ុន្តែបច្ចុប្បន្ន អាជ្ញាធរក្រុងបានបោសសម្អាត និងរៀបចំទីតាំងចាក់សំរាម ចំនួន ៩៨៩កន្លែងឡើងវិញ និងបានច្នៃកន្លែងសំរាមចំនួន ២៤៣ ទៅជាកន្លែងសហគមន៍ជួបជុំគ្នា។ អាជ្ញាធរវៀតណាម កែច្នៃកន្លែងចាក់សំរាមទៅជាសួននេះ ដើម្បីកាត់បន្ថយការបំពុល នឹងរួមចំណែកដល់ការបង្កើតភាពបៃតងក្នុងទីក្រុង និងជាកន្លែងសម្រាប់កំសាន្ត ហាត់ប្រាណជាដើម។ 


 
កាលពីឆ្នាំ ២០២២ ខណ្ឌនានាក្នុងក្រុងហូជីមិញ បានបំពាក់ធុងសំរាមសាធារណៈជិត ២២០០ បន្ថែមទៀត នៅតាមដងផ្លូវ និងផ្លូវលំ ដែលនាំឱ្យចំនួនធុងសំរាមសរុប នៅក្នុងទីក្រុងកើនដល់ ៤២ ២៥០ធុង។ នេះបើតាមសារព័ត៌មាន VNExpress ។
 
ការកាត់បន្ថយការបំពុលបរិស្ថាន គឺជាគម្រោងមួយក្នុងចំណោមគម្រោងអាទិភាពទាំង ១៣ នៅទីក្រុងហូជីមិញ។ នៅក្នុងគោលដៅអភិវឌ្ឍន៍របស់ទីក្រុង មានគោលដៅធានាអនាម័យ បង្កើនការដាំដើមឈើ អភិវឌ្ឍចរាចរណ៍បៃតងឆ្ពោះទៅរកការកសាងទីក្រុង ដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលជាការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៕




 

Tag:
 ហូជីមិញ
  សំរាម
  កាកសំណល់
© រក្សាសិទ្ធិដោយ thmeythmey.com