ជាតិ
ដើរតាម«បេះដូង» លោក អ៊ុន វិសិទ្ធគុន ធ្វើនយោបាយបែបប្រជាធិបតេយ្យ និងពង្រឹងអំណាចទាំង៣
19, Jun 2023 , 8:59 am        
រូបភាព
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ ចូលរួមប្រកួតប្រជែងជាមួយគណបក្សនយោបាយទាំង១៧ទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣នេះ។ ដើរតាម«បេះដូង» លោក អ៊ុន វិសិទ្ធគុន ធ្វើនយោបាយបែបប្រជាធិបតេយ្យ និងពង្រឹងអំណាចទាំង៣។

 
តាមពិតទៅលោក អ៊ុន វិសិទ្ធគុន ជាអ្នកជំនួញមួយរូប លើការនាំចូលផ្ដាច់មុខនូវផលិតផលទឹកផ្លែឈើពីប្រទេសថៃមកកម្ពុជា។ ប៉ុន្តែដោយសារតែចិត្តស្រលាញ់នូវកិច្ចការនយោបាយនេះ ទើបជំរុញឱ្យលោក វិសិទ្ធគុន សម្រេចចិត្តបង្កើតគណបក្សកម្លាំងប្រជាធិបតេយ្យនេះឡើង។ ក្នុងការចូលរួមប្រកួតប្រជែងនយោបាយនេះ លោក អ៊ុន វិសិទ្ធគុន មានបំណងធ្វើនយោបាយបែបប្រជាធិបតេយ្យ និងពង្រឹងអំណាចទាំង៣។
 
ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖
 

នយោបាយបែបប្រជាធិបតេយ្យនោះ គឺលោក មិនប្រើជម្រើសរិះគន់ និងប្រឆាំងតវ៉ាគ្នាឡើយ ពោលគឺលោក នឹងប្រើជម្រើសជជែកពិភាក្សា និងការស្នើសុំឱ្យមានការដោះស្រាយបញ្ហាជាចម្បង។ ដោយឡែកគោលនយោបាយពង្រឹងអំណាចទាំង៣ឡើងវិញនោះ លោក វិសិទ្ធគុន នឹងជំរុញឱ្យអង្គនិតិបញ្ញត្ត នីតិប្រតិបត្តិ និងអំណាចតុលាការ កាន់តែរឹងមាំ។
 
ក្រៅពីគោលនយោបាយពង្រឹងអំណាចទាំង៣នេះ គណបក្សកម្លាំងប្រជាធិបតេយ្យ ក៏មានគោលការណ៍ពង្រឹងសុខាភិបាល, បង្កើតទីផ្សាបែបទំនើបកម្មសម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម , ពង្រឹងគុណភាពអប់រំ និងសាសនា, អភិវឌ្ឍនិងការពារធនធានធម្មជាតិ និងកាត់បន្ថយភាពក្រីក្រជាដើម។
 
គណបក្សកម្លាំងប្រជាធិបតេយ្យ បង្កើតឡើងនៅឆ្នាំ២០២០។ សម្រាប់ការចូលរួមឈរឈ្មោះបោះឆ្នោត លើកទី១នេះ គណបក្សកម្លាំងប្រជាធិបតេយ្យ សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ១២រាជធានី-ខេត្ត ដើម្បីដណ្ដើមកៅអីរដ្ឋសភា។ 
 
សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
 
 

Tag:
 នយោបាយ
  បោះឆ្នោត
  អ៊ុន វិសិទ្ធគុន
© រក្សាសិទ្ធិដោយ thmeythmey.com