កីឡាជាតិ
ជាតិ
ព្រឹទ្ធាចារ្យប៉ែន ផាត៖ ទេពកោសល្យ ប្រឹងប្រែង ស្តាប់គ្រូ និងគោរពវិន័យ បន្សល់កេរ្ត៍ឈ្មោះ និងរហស្សនាម«ពស់កេងកង»
19, Jun 2023 , 9:29 am        
រូបភាព
ព្រឹទ្ធាចារ្យ ប៉ែន ផាត ថតជាមួយ Pele ស្ដេចបាល់ទាត់ប្រេស៊ីល រូបពី Equipe nationale de football du Cambodge (FRANCE)
ព្រឹទ្ធាចារ្យ ប៉ែន ផាត ថតជាមួយ Pele ស្ដេចបាល់ទាត់ប្រេស៊ីល រូបពី Equipe nationale de football du Cambodge (FRANCE)
លោកព្រឹទ្ធាចារ្យ ប៉ែន ផាត អតីតកីឡាករបាល់ទាត់កម្ពុជាឆ្នាំ ១៩៦០-១៩៧០ បាននិយាយថា មនុស្សមានឆន្ទៈតស៊ូ គឺជាផ្នែកមួយនៃជោគជ័យ ប៉ុន្ដែដាច់ខាតត្រូវគោរពវិន័យ និងពេលវេលា។ អនុស្សាវរីយ៍ល្អៗ ក្នុងវិស័យកីឡាបាល់ទាត់ បានដក់ជាប់ក្នុងចិត្តព្រឹទ្ធាចារ្យរូបនេះ ជានិច្ច។ ដោយសារទេព្យកោសល្យល្អឥតខ្ចោះ នៅទសវត្សរ៍ទី៦០-៧០ ក្នុងវិស័យកីឡាបាល់ទាត់ អតីតកីឡាកររូបនេះ ត្រូវបានប្រជាជនថៃ ដាក់រហ័សនាមថាកីឡាករ «ពស់កេងកង»។


 
ព្រឹទ្ធាចារ្យ ប៉ែន ផាត កើតនៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៤៨ នៅស្រុកទួលថ្ម ខេត្តកំពង់ចាម ជាកូននៃគ្រួសារកសិករមួយ ដោយមានឪពុកឈ្មោះ ប៉ែន សៀន និងលោកស្រី យឹម សាត ជាម្ដាយ។ លោក ប៉ែន ផាត មានបងប្អូនចំនួន ៥នាក់ ក្នុងនោះ លោកព្រឹទ្ធាចារ្យ គឺជាកូនពៅ នៃគ្រួសារនេះ។
 
ព្រឹទ្ធាចារ្យរូបនេះ បានប្រាប់ពីអតីតកាលខ្លះៗ នៅអំឡុងពេលដែលរូបលោក ប្រកបអាជីពជាកីឡាករបាល់ទាត់ តំណាងឲ្យកម្ពុជា ដោយការជាប់ជាជម្រើសជាតិនោះ គឺជាការសម្រេចក្ដីស្រម៉ៃរបស់ខ្លួន និងជាការសាងកេរ្ត៍ឈ្មោះតាមរយៈវិស័យកីឡាបាល់ទាត់។ ព្រឹទ្ធាចារ្យវ័យ ៧៥ឆ្នាំរូបនេះ និយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«យើង លេងល្អ គេមើលឃើញយើង ប៉ុន្ដែ មិនមែនសុខៗ បានល្អទេ គឺយើងត្រូវហ្វឹកហាត់ និងប្រឹងប្រែងដោយខ្លួនឯង។ ការតស៊ូ គោរពវិន័យ គោរពពេលវេលា និងគោរពបទបញ្ជាររបស់គ្រូ ទើបយើង អាចក្លាយជាកីឡាករខ្លាំង។»។
 
អង្គុយលើសាឡុង ក្នុងផ្ទះបុរីមួយ ដែលស្ថិតនៅទួលពង្រ ក្រុងភ្នំពេញ ព្រឹទ្ធាចារ្យរូបនេះ បាននិយាយថាការនឹកដល់អតីតកាលរបស់ខ្លួន ធ្វើឲ្យរូបលោកសប្បាយចិត្តព្រោះ មានរូបភាពល្អៗ នៃការប្រកួតនានា បានដក់ជាប់ក្នុងចិត្តរបស់លោក។ លោក ប៉ែន ផាត ប្រាប់ថា៖«អតីតកាលទាំងនោះ ហាក់បីដូចជាម្សិលមិញ ដែលទើបកន្លងផុតទៅ។»។
 
អតីតកីឡាករបាល់ទាត់រូបនេះ បានដំណាលប្រាប់ថា កាលពីវ័យ ១០ឆ្នាំ រូបលោក បានចាប់ផ្ដើមលេងបាល់ ប៉ុន្ដែការលេងនោះ គឺគ្រាន់តែទាត់កម្សាន្ដជាមួយក្មេងៗ ជនបទក្នុងភូមិប៉ុណ្ណោះ។ នេះ គឺស្ទើតែជាទម្លាប់សម្រាប់ក្មេងៗស្រុកស្រែចំការទូទៅ ពេលទំនេរពីឃ្វាលគោ រួចក៏ប្រមូលផ្ដុំគ្នាលេងទាត់បាល់ ឬលេងល្បែងកម្សាន្ដបាយឡុកបាយឡ នៅលើវាលស្រែនារដូវខែប្រាំង ឬទីវាល ដែលត្រូវបានគេទុកដីឲ្យទំនេរចោល។ ព្រឹទ្ធាចារ្យរូបនេះ ស្ទើតែមិនជឿថា ហើយក៏មិននឹកស្មានថាអាចក្លាយជាកីឡាករបាល់ទាត់ដែរ។
 
«លេងបាល់សប្បាយៗទៅ! ខ្ញុំ អត់ដឹងថាខ្លួន ខ្ញុំ មកដល់នេះទេ។ នៅពេលរៀនៗ ដល់អាយុ១៣ឆ្នាំ ខ្ញុំក្លាយជាកីឡាករម្នាក់ នៅក្នុងសាលារៀន ក្នុងភូមិខ្ញុំ។ គេ មើលឃើញសមត្ថភាពខ្ញុំ គេ លើកខ្ញុំឲ្យក្លាយជាកីឡាករជម្រើសខេត្ត។»។ លោក ប៉ែន ផាត បាននិយាយប្រាប់ដូច្នេះ។ 
 
លុះចូលមកដល់ឆ្នាំ១៩៦១ លោក ប៉ែន ផាត ត្រូវបានជ្រើសរើសឲ្យជាប់ជាកីឡាករតំណាងឲ្យខេត្តកំពង់ចាម។ ពេលនោះកុមារានេះ មានវ័យត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ ហើយក៏ជាកីឡាករ ដែលមានមាឌតូចជាងគេបំផុងក្នុងក្រុម ផងដែរ។  សម្រាប់ការលេងឲ្យក្រុមតំណាងខេត្តកំពង់ចាម កីឡាកររូបនេះ តែចេញទៅប្រកួតជាមួយខេត្តនានា។ ក្នុងឆ្នាំ១៩៦១ ក្រុមជម្រើសជាតិឈុតធំកម្ពុជា ត្រូវប្រកួតមិត្តភាពជាមួយខេត្តកំពង់ចាម ហើយ កីឡាករ ប៉ែន ផាត ដែលមានអាយុ ១៥ឆ្នាំហើយនោះ ជាកីឡាករថ្នាក់ខេត្តតែម្នាក់គត់ ដែលអាចស៊ុតបញ្ចូលទីក្រុមជម្រើសជាតិបាន។ ១គ្រាប់នោះ បានធ្វើឲ្យអ្នកដឹកនាំក្រុមជម្រើសជាតិ មើលឃើញនូវទេព្យកោសល្យរបស់ យុវជន ប៉ែន ផាត។
 
«ចូលដល់វ័យ ១៥ឆ្នាំ ខ្ញុំត្រូវ បានជាប់ជម្រើសជាតិ ដោយសារតែក្រុមជម្រើសជាតិទៅលេង មិត្តភាពនៅខេត្តកំពង់ចាម។ អំឡុងពេលប្រកួតមិត្តភាពជម្រើសជាតិ ជាមួយខេត្តកំពង់ចាម ខ្ញុំ បានទាត់ចូល ១គ្រាប់។»។ លោកព្រឹទ្ធាចារ្យ ប៉ែន ផាត បាននិយាយប្រាប់ដូច្នេះ។
 
ដោយសារតែអំឡុង ឆ្នាំទសវត្សរ៍ទី៧០ កម្ពុជា ចាប់ផ្ដើមមានសង្គ្រាមផ្ទៃក្នុង ទើបលោក ប៉ែន ផាត បង្ខំចិត្ត ចាក់ចេញពីប្រទេសកំណើត ទៅប្រកបអាជីពជាកីឡាករបាល់ទាត់នៅប្រទេសថៃ។ ម្យ៉ាងវិញទៀតនោះ ក្លិបនៅប្រទេសថៃ បានសម្លឹងឃើញទេព្យកោសល្យកីឡាកររូបនេះជាយូណាស់មកហើយ ផងដែរ។ លោកព្រឹទ្ធាចារ្យ បានទៅចូលរួមនៅក្លិប Rajpracha FC នៅប្រទេសថៃ ហើយក៏ត្រូវបានប្រជាជនថៃ សរសើរ និងឲ្យរហ័សនាមថា «កីឡាករពស់កេងកង»។ ប្រជាជននៅទីនោះ បានឲ្យរហ័សនាមនេះ ដោយសារតែបច្ចេកទេសក្នុងការបណ្ដើរបាល់របស់លោក ប៉ែន ផាត បត់ចុះឡើង ដូចជាពស់ ហើយកីឡាករផ្សេងទៀត ពិបាកក្នុងការតាមការពារ។
 
ទេព្យកោសល្យរបស់លោកព្រឹទ្ធាចារ្យ បានធ្វើឲ្យក្លិបនៅតំបន់អឺរ៉ុប Paris FC និង Montpellier នៅបារាំង និង Hertha Berlin នៅអាល្លឺម៉ង ចង់បានលោកទៅប្រកបអាជីពជាមួយ។ ចូលមកដល់ឆ្នាំ ១៩៧៨ លោក ប៉ែន ផាត បានចុះកុងត្រា ចូលរួមជាមួយ Paris FC ដែលបច្ចុប្បន្ន ជាក្លិបប្រកួតនៅលីគ ២របស់បារាំង (French Ligue 2)។ ព្រឹទ្ធាចារ្យរូបនេះ បានចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ នៅឆ្នាំ១៩៨២៕ 

Tag:
 បាល់ទាត់
  ប៉ែន ផាត
© រក្សាសិទ្ធិដោយ thmeythmey.com