សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើអ្វីដែលធ្វើឲ្យឥណ្ឌូណេស៊ី អាចក្លាយជាមហាអំណាចសេដ្ឋកិច្ចថ្មី ?
18, Jun 2023 , 10:19 pm        
រូបភាព
យានយន្តកំពុងបើកបរលើដងវិថីទីក្រុងហ្សាការតា ។ រូបភាពពី AFP ។
យានយន្តកំពុងបើកបរលើដងវិថីទីក្រុងហ្សាការតា ។ រូបភាពពី AFP ។
អតិផរណាបានធ្លាក់ចុះលឿនជាងការរំពឹងទុក កំណើននៃការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសកើនឡើង ជាពិសេសការរំពឹងទុកនៃគម្រោងរដ្ឋធានីថ្មីនៅលើកោះ Borneo បានធ្វើឱ្យឥណ្ឌូនេស៊ីមានសុទិដ្ឋិនិយមថា ពួកគេអាចតាមទាន់ចិន និងឥណ្ឌា ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចថ្មីនៅក្នុងតំបន់។

 
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan នាពេលថ្មីៗនេះបានអះអាងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះអាចតាមទាន់ចិន និងឥណ្ឌាដើម្បីក្លាយជាកម្លាំងសេដ្ឋកិច្ចថ្មីក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
 
ប៉ុន្តែពីមុន ឥណ្ឌូណេស៊ី ត្រូវបានមើលឃើញថា «ជាទីផ្សារមួយក្នុងចំណោមទីផ្សារ ដែលកំពុងរីកចម្រើនដ៏ផុយស្រួយបំផុតទាំង៥លើពិភពលោក»។ សេដ្ឋកិច្ចរបស់ប្រទេសនេះ មានភាពងាយរងគ្រោះយ៉ាងខ្លាំង ពីការផ្លាស់ប្តូរនៃលំហូរមូលធនអន្តរជាតិ ដែលបណ្តាលឱ្យតម្លៃនៃប្រាក់រូពៀធ្លាក់ ចុះនៅពេលណាដែលអត្រាការប្រាក់សកលកើនឡើង។
ដូច្នេះ តើអ្វីទៅដែលធ្វើឱ្យមន្ត្រីឥណ្ឌូណេស៊ីមានទំនុកចិត្តក្នុងការថ្លែងបែបនេះ?
 
ការទន្ទឹងរង់ចាំរដ្ឋធានីថ្មី
 
រដ្ឋាភិបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ កំពុងខិតខំប្រឹងប្រែងវិនិយោគក្នុងគម្រោងដ៏សំខាន់មួយ គឺការពង្រីកតំបន់នៃរដ្ឋធានីហ្សាការតា រួមទាំងរដ្ឋធានីថ្មី Nusantara នៅលើកោះ Borneo ផងដែរ។ លោក ចូកូ វីដូដូ សង្ឃឹមថា គម្រោងនេះនឹងដំណើរការនៅឆ្នាំ ២០៤៥។
 
មានទីតាំងនៅចម្ងាយ ២០០០គីឡូម៉ែត្រភាគឦសាននៃទីក្រុងហ្សាការតា រដ្ឋធានីថ្មីរបស់ ឥណ្ឌូណេស៊ី នឹងត្រូវបានសាងសង់ជារាជធានីថ្មី ចាប់ពីពាក់កណ្តាលឆ្នាំ ២០២២។
 
អាជ្ញាធរឥណ្ឌូណេស៊ី បានផ្តើមគំនិតបង្កើតទីក្រុងបៃតងនាពេលអនាគត ដោយផ្តោតសំខាន់លើព្រៃឈើ សួនឧទ្យាន ការផលិតស្បៀង ដោយប្រើថាមពលកកើតឡើងវិញ ការគ្រប់គ្រងកាកសំណល់ឆ្លាតវៃ និងអគារបៃតង។
 
បច្ចុប្បន្ននេះ ឥណ្ឌូណេស៊ី កំពុងពន្លឿនការសាងសង់ការិយាល័យរដ្ឋបាលសំខាន់ៗនៃរដ្ឋធានី រួមទាំងវិមានប្រធានាធិបតី និងអគារនៃក្រសួងសំខាន់ៗ ជាមួយនឹងគោលដៅផ្លាស់មន្ត្រីរាជការ កងទ័ព និងប៉ូលិសយ៉ាងហោចណាស់១៦ពាន់នាក់ ទៅទីនោះនៅឆ្នាំក្រោយ។
 
ទន្ទឹមនេះឥណ្ឌូណេស៊ី កំពុងព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុនបារាំង ឱ្យវិនិយោគក្នុងគម្រោងនៅរដ្ឋធានីថ្មីជាច្រើន។ កាលពីថ្ងៃទី ១២ ខែមិថុនាទីភ្នាក់ងារគ្រប់គ្រង IKN Nusantara បាននាំឯកអគ្គរដ្ឋទូតបារាំងប្រចាំឥណ្ឌូណេស៊ី Fabien Penone និងសហគ្រាសបារាំងប្រហែល ២០ ដែលកំពុងប្រតិបត្តិការលើវិស័យជាច្រើនដូចជាថាមពល បច្ចេកវិទ្យាទីក្រុងឆ្លាតវៃ វត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីទស្សនាគម្រោងធំៗដែលបានរៀបរាប់ខាងលើ។
 
បើតាមសារព័ត៌មានជប៉ុន Nikkei លោក ចូកូ វីដូដូ ចង់ធ្វើឱ្យ Nusantara ក្លាយជាមជ្ឈមណ្ឌល fintech ឈានមុខគេនៅអាស៊ី ដោយការទាក់ទាញក្រុមហ៊ុន fintech ដោយការចាប់ផ្ដើមអាជីវកម្មធំៗ។
 
នៅក្នុងបទសម្ភាសន៍មួយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោកប្រធានាធិបតី វីដូដូ បានបង្ហើបថា៖ «យើងនឹងសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុនៅ Nusantara ប៉ុន្តែមិនដូចនៅសិង្ហបុរី ឬហុងកុងទេ ហើយវានឹងក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ»។
 
ដើម្បីសម្រេចបាននូវការរំពឹងទុកខាងលើ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងសិក្សាគោលការណ៍ទាក់ទាញក្រុមហ៊ុន Fintech ឱ្យមកបណ្តាក់ទុនក្នុងរដ្ឋធានីថ្មីនេះ ដូចជាការលើកលែងពន្ធសាជីវកម្មសម្រាប់ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ព្រមទាំងក្រុមហ៊ុនហិរញ្ញវត្ថុឥស្លាមផងដែរ។
 
បន្ថែមពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏កំពុងពិចារណាលើការលើកលែងពន្ធលើប្រាក់ចំណូលរបស់និយោជិតក្នុងវិស័យហិរញ្ញវត្ថុរហូតដល់ឆ្នាំ ២០៣២ ហើយបន្ទាប់មកកាត់បន្ថយពន្ធចំនួន ៥០ភាគរយ។ ការបន្ធូរបន្ថយពន្ធក៏អនុវត្តចំពោះពលករបរទេសផងដែរ។
 
ជាមួយនឹងសកម្មភាពដ៏ខ្លាំងក្លាបែបនេះ រដ្ឋបាល វីដូដូ រំពឹងថា រដ្ឋធានីថ្មីមិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ និងរដ្ឋបាលរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏សំខាន់របស់អាស៊ីផងដែរ។
 
អតិផរណានៅឥណ្ឌូណេស៊ីបានថយចុះលឿនជាងការរំពឹងទុក
 
ខណៈពេលដែលពិភពលោកទាំងមូលកំពុងទទួលរងនូវការវាយប្រហារនៃព្យុះអតិផរណាកាលពីថ្ងៃទី៥ ខែមិថុនា ការិយាល័យអគ្គនាយកដ្ឋានស្ថិតិឥណ្ឌូណេស៊ីបានប្រកាសថា អត្រាអតិផរណារបស់ប្រទេសនេះបានធ្លាក់មកត្រឹម ៤ភាគរយនៅក្នុងខែឧសភាឆ្នាំ ២០២៣ ដែលជាគោលដៅកំណត់របស់ធនាគារកណ្តាល និងលឿនជាងការរំពឹងទុកទៅទៀត។
 
អតិផរណានៅប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនហួសគោលដៅរបស់ធនាគារកណ្តាលឥណ្ឌូណេស៊ីបានកំណត់ចន្លោះ ២ទៅ៤ភាគរយ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២២ ដែលជំរុញឱ្យសម្ពាធការកើនឡើងតម្លៃអាហារ និងថាមពលពិភពលោក។
 
នៅក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយ ធនាគារកណ្តាលបានបង្ហាញពីការរំពឹងទុករបស់ខ្លួនថា អត្រាអតិផរណានឹងធ្លាក់ចុះដល់កម្រិតគោលដៅរបស់ខ្លួនក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ខណៈដែលអតិផរណាស្នូលត្រូវបានរក្សាទុកក្នុងរង្វង់ពី ២ទៅ៤ភាគរយរៀងរាល់ត្រីមាស។ 

ឥណ្ឌូណេស៊ីទាក់ទាញវិនិយោគផ្ទាល់ពីបរទេសច្រើនក្នុងឆ្នាំ ២០២២
 
ការបញ្ចេញការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់ឥណ្ឌូណេស៊ីបានឈានដល់ ៤៥,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃសេដ្ឋកិច្ចដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ និងក៏ជាអត្រាកំណើនខ្ពស់បំផុតនៃ FDI ពិភពលោកផងដែរ។ ស្ថិរភាពនយោបាយ និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលបានជំរុញឱ្យមានកំណើននៃលំហូរ FDI ។ 
 
វិស័យរោងចក្រលោហៈ គ្រឿងចក្រ និងបរិក្ខារទទួលបានចំណែកធំបំផុតនៃ FDI ដែលមានចំនួន ១០,៩៦ពាន់លានដុល្លារ។ វិស័យរុករករ៉ែជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានទឹកប្រាក់ ៥,១ពាន់លានដុល្លារ បន្ទាប់មកមានវិស័យគីមី និងឱសថ ៤,៥ពាន់លានដុល្លារ ។ ចំណែកការដឹកជញ្ជូន និងទូរគមនាគមន៍មាន ៤,១ពាន់លានដុល្លារ អគ្គិសនី ឧស្ម័ន និងទឹកស្អាត ៣,៨ពាន់លានដុល្លារ និងអចលនទ្រព្យចំនួន ៣ពាន់លានដុល្លារ។ នេះបើតាមលោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី។ 
 
 

Tag:
 ឥណ្ឌូណេស៊ី
  មហាអំណាច
© រក្សាសិទ្ធិដោយ thmeythmey.com