អន្តរជាតិ
ប្រមុខការទូតអាម៉េរិក និងចិនសន្យាជួបគ្នាម្ដងទៀតខណៈជំនួបនៅប៉េកាំងមិនមានផ្លែផ្កា
19, Jun 2023 , 11:09 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន ឈីន កាង នៅថ្ងៃទី១៨ ខែមិថុនាក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយនៅរដ្ឋធានីប៉េកាំង ស្របពេលមហាអំណាចទាំង២បន្តខ្វែងគំនិតគ្នាលើបញ្ហារាប់សិបជំពូក។ ទោះជំនួបមិនមានលទ្ធផលផ្លែផ្កាអ្វី ភាគីទាំង២ចាត់ទុកជំនួបនេះប្រកបដោយការស្ថាបនា ហើយសន្យាជួបគ្នាម្ដងទៀត។

 
ក្រោយលុបចោលគម្រោងនៅខែកុម្ភៈក្រោយហេតុការណ៍បាញ់ទម្លាក់បាឡុងចិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន បានធ្វើទស្សនកិច្ច២ថ្ងៃនៅចិនចាប់ពីថ្ងៃទី១៨ ខែមិថុនា។ នេះជាដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បំផុតអាម៉េរិកនៅចិនក្នុងពេលជាង៥ឆ្នាំមកនេះ និងជាលើកដំបូងក្រោមរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ។
 
នៅផ្ទះសំណាក់ភ្ញៀវរដ្ឋ Diaoyutai លោក ប្លីងខិន ពិភាក្សាគ្នាជាង៧ម៉ោងកន្លះដោយស្មោះត្រង់និង ស្ថាបនាជាមួយរដ្ឋមន្ត្រីការបរទេសចិន ឈីន នាថ្ងៃទី១៨ ខែមិថុនា។ ប៉ុន្តែភាគីទាំងពីរមិនមានវឌ្ឍនភាពជាក់ស្តែងលើជម្លោះដែលរួមមានតៃវ៉ាន់ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និងបញ្ហាប្រឈម​ផ្សេងៗ​ទៀតឡើយ។
 
ទោះជាយ៉ាងណា ភាគីទាំងពីរបានបង្ហាញពីបំណងចង់រក្សាស្ថិរភាព​ទំនាក់ទំនងដែលមានស្រាប់។ ប្រមុខការទូតទាំង២ ក៏ឯកភាពគ្នារៀបចំគម្រោងទស្សនកិច្ចរបស់លោក ឈីន ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោនដើម្បីបន្តការសន្ទនា ទោះបីជាមិនមានកាលបរិច្ឆេទត្រូវបានប្រកាសក៏ដោយ។
 
ថ្លែងបន្ទាប់ពីកិច្ចប្រជុំ៥ម៉ោងកន្លះផ្សេងទៀតដែលអមដោយអាហារពេលល្ងាច មន្ត្រីអាម៉េរិក និងចិន បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់ពួកគេសម្រាប់ទំនាក់ទំនងស្ថិរភាព និងអាចព្យាករណ៍បាន។ ប៉ុន្តែ​ចិន​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តៃវ៉ាន់​ជា​បញ្ហា​សំខាន់​បំផុត និង​គ្រោះថ្នាក់​មួយ​៕
 
«លោក ឈីន កាង បញ្ជាក់ថា បញ្ហាតៃវ៉ាន់ជារឿងស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន​ដែល​ជា​បញ្ហា​សំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន-អាម៉េរិកនិងជាហានិភ័យដ៏លេចធ្លោបំផុត»។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិនរាយការណ៍បែបនេះក្រោយជំនួបអ្នកការទូតប្រទេសទាំង២។
 
លោក ប្លីងខិន ក៏ត្រូវជួបជាមួយអ្នកការទូតកំពូលរបស់ចិន វ៉ាង យី នៅថ្ងៃទី១៩ ខែមិថុនា។ លោក វ៉ាង ដែលជាអតីតរដ្ឋមន្ត្រីការបរទេសដែរនោះ កំពុងកាន់តំណែងជានាយកការិយាល័យគណៈកម្មការមជ្ឈិមកិច្ចការបរទេសរបស់គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលជាតំណែងខ្ពស់ជាងលោក ឈីន ។ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com