កីឡាជាតិ
ជាតិ
ស៊ូ បាលី ក្លាយជាកីឡាករចំបាប់កម្ពុជាដំបូងគេ ឈ្នះមេដាយកម្រិតអាស៊ី
19, Jun 2023 , 11:40 am        
រូបភាព
កីឡាករ ស៊ូ បាលី លើកទង់ជាតិកម្ពុជា លើឆាកអន្តរជាតិ។
កីឡាករ ស៊ូ បាលី លើកទង់ជាតិកម្ពុជា លើឆាកអន្តរជាតិ។
ដោយ:
កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី ឈ្នះមេដាយសំរឹទ្ធ១ ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ (U-23 Asian Championship2023)នៅប្រទេសកៀហ្ស៊ីស៊ីស្ថានថ្ងៃទី១៨ ខែមិថុនា។ នេះជាមេដាយលើកដំបូងហើយសម្រាប់កីឡាករចំបាប់កម្ពុជាដែលដណ្តើមបានពីព្រឹត្តិការណ៍តំបន់អាស៊ី។



ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ កីឡាករកូនកាត់ខ្មែរ-អ៊ូសបេគីស្ថាន ស៊ូ បាលី បានយកឈ្នះកីឡាករម៉ុងហ្គូលី TSONG TBAYAR.M ដោយលទ្ធផល ៦-១ លើវិញ្ញាសាចំបាប់សេរី Freestyle ទម្ងន់១២៥គីឡូក្រាម ដើម្បីទទួលបានមេដាយសំរឹទ្ធនេះ។
  

កីឡាករ ស៊ូ បាលី (សម្លៀកបំបាក់ឈុត ស) ក្នុងពិធីបំពាក់មេដាយកីឡាចំបាប់។
 
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រំភើបចិត្តក្រៃលែងក្រោយកីឡាករចំបាប់កម្ពុជាធ្វើបានសម្រេចដោយដណ្តើមបានមេដាយសំរឹទ្ធជាលើកដំបូង។ លោក ខេស៊ី ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកតេលេក្រាម នៅថ្ងៃទី១៨ ខែមិថុនា នេះថាកម្ពុជា នឹងបន្តពង្រឹងគុណភាពអត្តពលិកបន្ថែម ពិសេសបច្ចេកទេស។
 
លោក ខេស៊ី បាណេត និយាយថា៖«សម្រាប់កីឡាចំបាប់អាស៊ីនេះជាលើកដំបូងដែលកម្ពុជាយើងឈ្នះមេដាយសំរឹទ្ធ»។ អនុប្រធានសហព័ន្ធបន្តថា ការចូលរួមនេះសំខាន់ណាស់សម្រាប់កម្ពុជា គឺដើម្បីអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនី និងបង្កើននូវគុណភាព និងបច្ចេកទេសលំដាប់អន្តរជាតិ និងត្រៀមការប្រជែងមេដាយក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសថៃ នាឆ្នាំក្រោយនេះ។
 
ចំពោះការឈ្នះមេដាយសំរឹទ្ធកម្រិតតំបន់អាស៊ី លោក ខេស៊ី បាណេត លើកឡើងថាវាមានកម្រិតពិបាកខ្លាំងដែលកម្ពុជាទៅប្រកួតជាមួយនឹងកីឡាករដែលមានសមត្ថភាពខ្ពស់មកពីបណ្តាប្រទេសខ្លាំងៗ រូមមានតំបន់អាស៊ីកណ្តាល ដែលសុទ្ធសឹងតែជាប្រទេសសម្បូរទៅដោយធនធានកីឡាករមានបទពិសោធ និងបច្ចេកទេសប្រកួតលំដាប់ពិភពលោក៕
 

Tag:
 កីឡាចំបាប់
 ខេស៊ី​ បាណេត
© រក្សាសិទ្ធិដោយ thmeythmey.com