សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន Ford ៖ អាម៉េរិកមិនទាន់អាចប្រជែងជាមួយចិនលើរថយន្តអគ្គិសនីបានទេ
19, Jun 2023 , 12:09 pm        
រូបភាព
លោក Bill Ford ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Ford Motor Company ។ រូបភាពពី AFP ។
លោក Bill Ford ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Ford Motor Company ។ រូបភាពពី AFP ។
ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន Ford បាននិយាយថា អាម៉េរិកមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការប្រជែងជាមួយចិនលើការផលិតរថយន្តអគ្គិសនីនោះទេ។​ លោក Bill Ford បានអះអាងបែបនេះ នាកម្មវិធី Fareed Zakaria GPS របស់ទូរទស្សន៍ CNN កាលពីថ្ងៃទី១៨ ខែមិថុនា។

 
 « ពួកគេ (ចិន) បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយពួកគេបានអភិវឌ្ឍវាក្នុងទ្រង់ទ្រាយធំ ហើយបច្ចុប្បន្ននេះ ពួកគេកំពុងនាំចេញយ៉ាងច្រើន »។ ប្រធានក្រុមហ៊ុន Ford បាននិយាយបែបនេះ។
 
កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Ford បានប្រកាសផែនការវិនិយោគទំហំទឹកប្រាក់ ៣,៥ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រអាគុយរថយន្តអគ្គិសនីនៅរដ្ឋ Michigan ក្នុងកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុនរបស់ចិន CATL ។ កិច្ចព្រមព្រៀងនេះ ត្រូវបានសមាជិកព្រឹទ្ធសភាអាម៉េរិក Marco Rubio ស្នើឱ្យរដ្ឋបាល ចូ បៃឌិន ពិនិត្យឡើងវិញ ។ 
 
លោក Bill Ford ដែលជាចៅទួតរបស់ស្ថាបនិកក្រុមហ៊ុន Henry Ford បាននិយាយថា រោងចក្រផលិតអាគុយរថយន្តនៅរដ្ឋ Michigan ជាឱកាសសម្រាប់វិស្វករ Ford ដើម្បីសិក្សាពីបច្ចេកវិទ្យា បន្ទាប់មកច្នៃប្រើប្រាស់សម្រាប់ខ្លួនឯង។
 
« Michigan ជារោងចក្ររបស់ក្រុមហ៊ុន Ford ដែលគ្រប់គ្រងទាំងស្រុង។ ពួកគេនឹងក្លាយជាបុគ្គលិករបស់យើង ហើយអ្វីដែលយើងកំពុងធ្វើគឺការផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យា»។ លោក Bill Ford បានអះអាងបែបនេះ។ 
 
ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley ធ្លាប់បានលើកឡើងកាលពីខែឧសភាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន គឺជាគូប្រជែងដ៏សំខាន់របស់ខ្លួននៅក្នុងវិស័យនេះ ហើយថាក្រុមហ៊ុន Ford ត្រូវការម៉ាកយីហោប្លែកពីគេ ឬតម្លៃទាបដើម្បីយកឈ្នះក្រុមហ៊ុនផលិតរថយន្តចិន។
 
«ខ្ញុំគិតថាយើងមើលឃើញជនជាតិចិនជាដៃគូប្រកួតដ៏សំខាន់ មិនមែនក្រុមហ៊ុន GM ឬ Toyota នោះទេ។ ជនជាតិចិននឹងក្លាយជាអ្នកដែលមានឥទ្ធិពល»។ លោក Jim Farley ធ្លាប់បានលើកឡើងបែបនេះ ៕
 
 

Tag:
 Ford
  ចិន
  អាម៉េរិក
  រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com