ជាតិ
អគារថ្មីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ
19, Jun 2023 , 6:59 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេង កំឡុងពេលចុះមើលការដ្ឋានសាងសង់អគារព្យាបាលថ្មីនាថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេង កំឡុងពេលចុះមើលការដ្ឋានសាងសង់អគារព្យាបាលថ្មីនាថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៣។
សៀមរាប៖ អគារព្យាបាលជំងឺថ្មីដែលជាជំនួយឥតសំណងរបស់ជប៉ុន នៅក្នុងមន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដំណើរការទៅមុខជាលំដាប់ ដែលរហូតមកដល់ពេលនេះសម្រេចបានជាង ៨០ភាគរយហើយ។

 
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចុះទៅពិនិត្យមើលការងារសាងសង់អគារថ្មី ដែលនៅទីនោះ ក្រុមហ៊ុនជប៉ុនកំពុងដឹកនាំការសាងសង់បានបង្ហាញពីចំណុចសំខាន់ៗដែលក្រុម​ការងារលោកកំពុងធ្វើ។ លោករដ្ឋមន្រ្តីបានដើរមើលការដ្ឋានមួយសន្ទុះ និងបានបង្ហាញក្ដីមោទកភាព ចំពោះអគារថ្មីដែលអាចលេចជារូបភាពនាពេលដ៏ឆាប់ខាងមុខ។ 
 

គំនូប្លង់អគារថ្មីនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
 
ក្រោយចប់ការពិនិត្យមើលអគារមានកម្ពស់៤ជាន់ នាថ្ងៃទី១៨ មិថុនា លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា ការដ្ឋាននេះសម្រេចបានប្រមាណជាង៨០ភាគរយហើយ និងអាចសម្រេចតាមផែនការនៅចុងឆ្នាំ ២០២៣។ លោកបន្តថា ក្រោយអគារថ្មីរួចរាល់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនឹងក្លាយជាមន្ទីរពេទ្យ ទំនើបថ្នាក់តំបន់ ដែលមានវិសាលភាពទទួលពិនិត្យ និងព្យាបាលជំងឺបានទូលំទូលាយ ពិសេសផ្នែក​​ជំងឺវះកាត់។ 
 
គួររំលឹកថា អគារព្យាបាលថ្មីនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺស្ថិតនៅក្រោមជំនួយឥតសំណង ពីប្រទេសជប៉ុនតាមរយៈអង្គការ JICA ក្នុងទំហំទឹកប្រាក់សរុប ១៩,៨លានដុល្លារអាមេរិក។ អគារនេះ​មានកម្ពស់​៤ជាន់ អាចដាក់គ្រែអ្នកជំងឺជាង២០០ និងបំពាក់សម្ភារបរិក្ខាស្ដង់ដាសម្រាប់ព្យាបាលជំងឺលើ ផ្នែកវះកាត់ សង្រ្គោះបន្ទាន់ និងជំងឺធ្ងន់។ល។ អគារនេះចាប់ផ្តើមសាងសង់នៅកំឡុងខែធ្នូ ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣នេះ៕

រដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេង កំឡុងពេលចុះមើលការដ្ឋានសាងសង់អគារព្យាបាលថ្មីនាថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៣។

Tag:
 មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com