សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីនូវែលសេឡង់ នឹងជួបលោក ស៊ី ក្នុងទស្សនកិច្ចនៅចិន
19, Jun 2023 , 4:08 pm        
រូបភាព
លោក Chris Hipkins នាយករដ្ឋមន្ត្រីនូវែលសេឡង់ កំពុងថ្លែងនៅមុខអ្នកសារព័ត៌មាន។ រូបភាពពី AFP ។
លោក Chris Hipkins នាយករដ្ឋមន្ត្រីនូវែលសេឡង់ កំពុងថ្លែងនៅមុខអ្នកសារព័ត៌មាន។ រូបភាពពី AFP ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins នឹងធ្វើទស្សនកិច្ចទៅចិនចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា។ លោកនឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ដែលរួមមានក្រុមហ៊ុនធំៗ ហើយក៏នឹងជួបលោកប្រធានាធិបតី ស៊ី ជិនភីង ផងដែរ។

 
អំឡុងទស្សនកិចនៅប៉េកាំង លោក Chris Hipkins នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនភីង នាយករដ្ឋមន្ត្រី លី ឈាំង និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ចាវ ឡឹជី។
 
 «ខ្ញុំទន្ទឹងរង់ចាំជួបជាមួយថ្នាក់ដឹកនាំចិន តាមរយៈកិច្ចប្រជុំទ្វេភាគីនានា ជុំវិញប្រធានបទដូចជា ការប្រែប្រួលអាកាសធាតុ ស្ថិរភាពសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់និងពិភពលោក សិទ្ធិមនុស្ស សង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវលើកយកមកពិភាក្សា»។ លោក Hipkins ប្រាប់អ្នកសារព័ត៌មានបែបនេះក្រោយប្រកាសគម្រោងទៅចិន។
 
នូវែលសេឡង់ និងចិនមានទំនាក់ទំនងពាណិជ្ជកម្មល្អប្រសើរជាមួយគ្នាតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនូវែលសេឡង់-ចិនចូលជាធរមានតាំងពីខែតុលា ឆ្នាំ២០០៨។ ការនាំចេញរបស់នូវែលសេឡង់ទៅកាន់ចិនមានតម្លៃជាង១២,៨ពាន់លានដុល្លារ ឬមួយភាគបួននៃប្រាក់ចំណូលនាំចេញសរុបរបស់ប្រទេសនេះ។ 
 
មុនពេលមានជំងឺកូវីដ-១៩ ជនជាតិចិន ជាប្រភពភ្ញៀវទេសចរធំទីពីររបស់នូវែលសេឡង់ ដោយតាមពីក្រោយអូស្ត្រាលី។ ប៉ុន្តែនៅក្នុងខែមករា ឆ្នាំ២០២៣ ចិនបានជាប់ចំណាត់ថ្នាក់ទី៧វិញ ដោយសារការបិទខ្ទប់ព្រំដែនដែលបង្កដោយជំងឺកូវីដ-១៩ រវាងប្រទេសទាំងពីរ ៕
 

Tag:
 ចិន
  ស៊ី ជិនភីង
  នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com