ជាតិ
រដ្ឋមន្រ្តីអប់រំ៖ ត្រឹមមានចំណេះដឹង​មិនគ្រប់ទេ តែមនុស្សត្រូវមានសម្បទា​៣ទៀត​ ទើបក្លាយជាពលរដ្ឋល្អ​
19, Jun 2023 , 5:09 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ  យុវជន និងកីឡា ថតរូបអនុស្សាវរីយ៍  ជាមួយសិស្សជ័យលាភី ទូទាំងប្រទេស ឆ្នាំ២០២៣នេះ  រូបភាពពី៖ ក្រសួងអប់រំ  យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ថតរូបអនុស្សាវរីយ៍ ជាមួយសិស្សជ័យលាភី ទូទាំងប្រទេស ឆ្នាំ២០២៣នេះ រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ សុង សុធាវី
 
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ជំរុញឱ្យសិស្ស ពលរដ្ឋ ជាពិសេសយុវជន ត្រូវមានចំណេះដឹង និងសម្បទាសំខាន់ផ្សេងៗទៀត ដើម្បីក្លាយជាធនធានល្អ នៅក្នុងសង្គម សម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិ។
 
«ត្រឹមមានចំណេះដឹងតែម្យ៉ាង​ មិនគ្រប់គ្រាន់នោះ​ តែធនធានមនុស្សចាំបាច់ត្រូវមានវិជ្ជាសម្បទា​ បំណិនសម្បទា​ និងចរិយាសម្បទា​ ទើបអាចក្លាយជាពលរដ្ឋល្អ​»។ លោក ហង់ ជួន ណារ៉ុន ថ្លែងបែបនេះ នៅក្នុងពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២៣ ​ដែលមានសិស្សចូលរួមប្រឡងចំនួន៤៨០នាក់។
 

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា  លោក ហង់ជួន ណារ៉ុន  រូបភាពពី៖  ក្រសួងអប់រំ យុវជន និងកីឡា
 
តាមរយៈការប្រកាសលទ្ធផលសិស្សពូកែនេះ រដ្ឋមន្ត្រីអប់រំ មើលឃើញថា កម្ពុជា នឹងសម្បូរធនធានមនុស្សនាពេលអនាគត។លោក ហង់ជួន ណារ៉ុន បានបន្ថែមថា​៖  «ក្មួយៗជាសិស្សពូកែ និងជាជ័យលាភីនៅថ្ងៃនេះ នឹងក្លាយជាធនធានបញ្ញាវន្ត សម្រាប់ពេលអនាគតរបស់កម្ពុជា ស្របពេលដែលប្រទេសយើងកំពុងត្រូវការនូវមូលធនមនុស្សជាចាំបាច់ ដើម្បីអភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែរីកចម្រើន ។ ជាពិសេសស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា​ បដិវត្តឧស្សាហកម្មជំនាន់ទី៤​ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផ្តោតលើបញ្ញាសិប្បនិមិត្ត និងការប្រើប្រាស់មនុស្សយន្ត»។
 
រដ្ឋមន្ត្រីអប់រំ ក៏បានកោតសរសើរ និងជំរុញឱ្យលោកគ្រូ​ អ្នកគ្រូ​ អ្នកអាណាព្យាបាល អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរអប់រំ រួមគ្នាកសាងធនធានមនុស្សនៅកម្ពុជាថែមទៀត៕
 
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com