ជាតិ
ដាំកូនឈើ១០០០ដើមនៅសហគមន៍កំពង់ភ្លុក អបអរទិវាបុណ្យបរិស្ថានជាតិ និងអន្ដរជាតិ
19, Jun 2023 , 5:39 pm        
រូបភាព
ថោង ប្រណី
 
សៀមរាប៖ សហគមន៍កំពង់ភ្លុក និងអាជ្ញាធរបានរៀបចំកម្មវិធីដាំកូនឈើចំនួន១០០០ដើម ដើម្បីបំផុសចលនាថែរក្សាបរិស្ថាន ក៏ដូចជាអបអរសាទរទិវាបរិស្ថានជាតិ និងទិវា​បរិស្ថានអន្ដរជាតិ។

 
កូនឈើសរុប១០០០ដើម ត្រូវបានដាំនៅមាត់បឹងទន្លេសាប នាថ្ងៃទី១៨ មិថុនា ស្របពេលដែល សហគមន៍រៀបចំព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន។ 
 
លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ការដាំកូនឈើនេះ គឺដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានអន្តរជាតិ ជាពិសេសគឺ​ជាមិត្តរូបដ៏សំខាន់និងចាំបាច់បំផុតសម្រាប់អ្នកកំពង់ភ្លុក គឺការរៀបចំឡើងវិញ​ឱ្យមាន​ជាព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ភ្លុក។​ ព្រឹត្តិការណ៍ទាំងនោះមានបំណងបំផុសឱ្យពលរដ្ឋចូលរួមថែរក្សានិងអភិរក្សបរិស្ថានឲ្យរឹតតែល្អប្រសើរ ហើយធ្វើយ៉ាងណាឲ្យតំបន់ទេសចរណ៍មួយនេះកាន់តែមានភាពស្អាត មានអនាម័យ និងបន្ថែមនូវសោភ័ណភាពពណ៌បៃតងតាមរយៈការដាំដើមឈើ។
 


ចំពោះលោក ស៊ា សុផល ដែលជាប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សី និងជាអ្នកចូល​រួម​ផ្តួចផ្តើម​រៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាននេះឡើង មានយោបល់ថា ការដាំកូនឈើ​នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើននៅក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន និងបុណ្យសមុទ្រទឹកសាបកម្ពុជាជាលើកដំបូងគេបង្អស់ គឺជានិមិត្តរូបតំណាងឲ្យ​ចំនួនគ្រួសារ​ទាំង១០០០គ្រួសារស្ថិតក្នុងឃុំកំពង់ភ្លុក់តែម្ដង។ ការដាំកូនឈើនេះ ក៏​ដើម្បីអបអរសាទរដល់ទិវា​បរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ ស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធជីវៈចំរុះបឹងទន្លេសាប។
 
ដោយឡែកលោក សុខ ប្លង់ មេឃុំកំពង់ភ្លុកវិញ បានលើកឡើងថា ការដាំកូនឈើក្នុងឱកាសនេះ គឺពិតជាបានរួមចំណែកធ្វើឱ្យឃុំកំពង់ភ្លុកពោរពេញទៅដោយធម្មជាតិពណ៌បៃតង និងអាចធ្វើឱ្យ​កំណើន​ទេសចរនៅទីនេះមានការកើនឡើងទៀតផង និងដើម្បីជួយជំរុញ​ឱ្យជីវភាព​​ប្រជាជនកាន់តែប្រសើរឡើង៕
 





 

© រក្សាសិទ្ធិដោយ thmeythmey.com