អន្តរជាតិ
លោកម៉ាក្រុង៖ បារាំងនឹងចាយលុយរាប់រយលានដុល្លារបង្កើតយន្តហោះដែលបញ្ចេញឧស្ម័នតិច
19, Jun 2023 , 7:29 pm        
រូបភាព
ប្រធានាធិបតីបារាំង ម៉ានុយអ៊ែល ម៉ាក្រុង ប្រកាសថា បារាំងនឹងជះប្រាក់រាប់រយលានដុល្លារ​ក្នុង​ការអភិវឌ្ឍយន្តហោះដែលបញ្ចេញឧស្ម័នបំពុលតិចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

 
ក្នុងទស្សនកិច្ចទៅក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Safran នៅខាងក្រៅរដ្ឋធានីប៉ារីស លោក អេម៉ានុយអែល ម៉ាក្រុង លើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងចាយប្រាក់៣០០លានអឺរ៉ូ ឬ៣៣០លាន​ដុល្លារអាម៉េរិកសម្រាប់ការស្រាវជ្រាវយន្តហោះ និងម៉ាស៊ីនរបស់វា។ សាច់ប្រាក់បានពីប្រភពសាធារណៈ និងឯកជន ក៏នឹងត្រូវប្រើជាមធ្យោបាយដល់ការអភិវឌ្ឍយន្តហោះខ្នាតតូច ឬថាមពលអ៊ីដ្រូសែន និង​ឥន្ធនៈកកើតឡើងវិញ រួមទាំងរោងចក្រជីវឥន្ធនៈផងដែរ។
 
«យើងជនជាតិបារាំងត្រូវតែជាជើងឯកនៃយន្តហោះមិនបំភាយឧស្ម័នខ្លាំងបំផុត ហើយវាស្ថិត​នៅ​ក្នុង​សមត្ថភាពរបស់យើងក្នុងការធ្វើវា»។ លោក ម៉ាក្រុង សង្កត់ធ្ងន់បែបនេះ។
 
អាកាសចរណ៍ ជាវិស័យសំខាន់នៃសេដ្ឋកិច្ចបារាំងដែលមានក្រុមហ៊ុនឈានមុខគេរួមមានក្រុមហ៊ុន Safran, Airbus និង Dassault ។ បើយោងតាមអាជ្ញាធរស្ថិតិជាតិ Insee ឧស្សាហកម្ម នេះ​ផ្ដល់​ឱកាស​ការងាររហូតដល់៦៩១,០០០​នាក់ក្នុងឆ្នាំ២០២០ ដែលស្មើ៧ភាគរយនៃកម្លាំងពលកម្ម​ឧស្សាហកម្ម​របស់បារាំងសរុបជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំដល់ទៅ១៨៦ពាន់លានអឺរ៉ូ ឬ២០៣ពាន់លាន​ដុល្លារ​ឯណោះ។
 
ស្របពេលសកម្មភាពក្នុងវិស័យនេះហោះហើរកំពុងចាប់ផ្តើមងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះអំឡុង​ជំងឺកូវីដ-១៩ ​ឧស្សាហកម្ម​បារាំង និង​អឺរ៉ុប​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ពីអាម៉េរិក និង​ចិន​ ពិសេសការប្រជែងគ្នាផ្ដល់​ជម្រើស​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ខណៈដែលការបំភាយឧស្ម័នផ្ទះ​កញ្ចក់ជាសកលក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសមានរហូតដល់ទៅ៤ភាគរយ៕
 

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com