កីឡាជាតិ
ជាតិ
ប្រាក់រង្វាន់ MSC2023៖ ជើងឯក ONIC បាន១៤ម៉ឺនដុល្លារ ឯលេខ៤កម្ពុជា Burn X Flash បាន១៥០០០ដុល្លារ
19, Jun 2023 , 7:59 pm        
រូបភាព
ONIC Esports ក្រុមជើងឯក MSC 2023។​ រូបភាព៖ MPL Philippines
ONIC Esports ក្រុមជើងឯក MSC 2023។​ រូបភាព៖ MPL Philippines
ក្រុមកីឡាអេឡិចត្រូនិក ONIC Esports គ្រងជើងឯកពានរង្វាន់ MSC 2023 នៅកម្ពុជា ក្រោយយកឈ្នះក្រុម Blacklist International ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៤-២។ ONIC ទទួលបានប្រាក់រង្វាន់១៤ម៉ឺនដុល្លារ ស្របពេលក្រុមកម្ពុជា Burn X Flash ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ បាន១៥០០០ដុល្លារ។



ការប្រកួតប្រជែងពានរង្វាន់កីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ Mobile Legends Bang Bang Southeast Asia Cup 2023 លើកទី៥ បានបញ្ចប់ហើយនៅថ្ងៃទី១៨ ខែមិថុនា។ ក្រោយការប្រកួតប្រជែងគ្នារយៈពេល៦ថ្ងៃក្នុងចំណោមក្រុមចូលរួមទាំង១២ គេបានរកឃើញក្រុមជើងឯកហើយគឺ ONIC Esports មកពីឥណ្ឌូណេស៊ី និងជាការឈ្នះលើកទី២របស់ពួកគេផង។ Blacklist International របស់ហ្វីលីពីនទទួលបានត្រឹមរងជើងឯកព្រឹត្តិការណ៍ MSC 2023។
 
ក្រុមកម្ពុជា Burn X Flash ដែលឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង ទទួលបានចំណាត់ថ្នាក់ទី៤ ក្រោយប្រកួតដណ្តើមយកលេខ៣ចាញ់ក្រុម Echo របស់ហ្វីលីពីនដោយលទ្ធផល ៣-២។
 
ព្រឹត្តិការណ៍ MSC 2023 ដែលរៀបចំលើកដំបូងនៅកម្ពុជា បានត្រៀមប្រាក់៣០ម៉ឺនដុល្លារ ដើម្បីផ្តល់រង្វាន់ដល់គ្រប់ក្រុមចូលរួមទាំង១២ ក្នុងនោះក្រុមជើងឯក ONIC Esports ទទួលបានប្រាក់រង្វាន់១៤ម៉ឺនដុល្លារ ក្រុមរងជើងឯក Blacklist International បាន៦ម៉ឺនដុល្លារ ក្នុងលេខ៣ Echo បាន៣ម៉ឺនដុល្លារ និងក្រុមលេខ៤ Burn X Flash បាន១៥០០០ដុល្លារ។
 
៤ក្រុមដែលធ្លាក់វគ្គ៨ក្រុមចុងក្រោយរួមមាន RSG Slate SG, Fire Flux Impunity, TODAK និង EVOS Legends ទទួលបានប្រាក់រង្វាន់ក្នុងមួយក្រុម៩០០០ដុល្លារ។ ឯ៤ក្រុមធ្លាក់ក្នុងវគ្គជម្រុះរួមមាន Team EVO, Outplay, Team Occupy និង Fenix Esports ទទួលបានប្រាក់លើកទឹកចិត្ត៤ពាន់ដុល្លារក្នុងមួយក្រុម៕
 
 

Tag:
 MSC2023
© រក្សាសិទ្ធិដោយ thmeythmey.com