ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងពង្រឹងអភិបាលកិច្ចលើកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ
19, Jun 2023 , 8:29 pm        
រូបភាព
ពិធីបើកដំណើរការពង្រឹងអភិបាលកិច្ចលើកិច្ចការពារអតិថិជន សម្រាប់អគ្គនាយក និងភាគទុនិកឬក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។ រូបភាពពី ABC ។
ពិធីបើកដំណើរការពង្រឹងអភិបាលកិច្ចលើកិច្ចការពារអតិថិជន សម្រាប់អគ្គនាយក និងភាគទុនិកឬក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។ រូបភាពពី ABC ។
កម្ពុជា នឹងពង្រឹងអភិបាលកិច្ចលើកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ។
សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមសហព័ន្ធហិរញ្ញវត្ថុ និង បច្ចេកវិទ្យានៃកម្ពុជា (CAFT) និងអង្គការ CERISE SPTF បានបើកកម្មវិធីបណ្តុះបណ្តាលដល់អគ្គនាយក និងភាគទុនិក ឬក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។



ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) និង Luxembourg Aid Development វគ្គបណ្តុះបណ្តាលនេះ​ នឹងតម្រូវ​ឱ្យអ្នកគ្រប់គ្រង នៅតាមបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវកិច្ចការពារអតិថិជននៅកម្ពុជា។
 
វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីពិនិត្យមើលតួនាទីរបស់ក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយធានាថា ការអនុវត្តកិច្ចការពារអតិថិជន ត្រូវបានដាក់បញ្ចូល និងធានាបាននូវនិរន្តរភាព នៅតាមគ្រឹះស្ថានរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CMA នាថ្ងៃទី ១៦ មិថុនា។ 
 
លោក Nitin MADAN នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប្រចាំតំបន់អាស៊ីអាគ្នេយ៍ (RIFF SEA) នៃអង្គការ Social Performance Task Force (SPTF) បានលើកឡើងថា អភិបាលកិច្ចសាជីវកម្ម គឺជាចំណុចស្នូលក្នុងការធានាថា កិច្ចការពារអតិថិជន ពិតជាមានសារៈសំខាន់ ហើយគុណតម្លៃរបស់ភាគទុនិក ត្រូវបានការពារ។ លោកបញ្ជាក់ដូច្នេះ ៖ « បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន មិនមែនជាសកម្មភាពដាំដើមឈើចំនួន ១ ០០០ ដើមនោះទេ តែយើងកំពុង និយាយអំពីរបៀបដែលប្រតិបត្តិការអាជីវកម្មផ្តោតលើអតិថិជន»។
 
ជាមួយគ្នានេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានការជឿជាក់ខ្ពស់ចំពោះកម្មវិធីបណ្តុះបណ្តាលនេះ ដោយរំពឹងថា នឹងផ្ដល់លទ្ធភាពសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃស្តង់ដារការពារអតិថិជន (Client Protection Pathway) និងការអនុវត្តនានាក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
 
សម្រាប់លោក Raymond SIA ប្រធានសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ពីសញ្ញាវិជ្ជមានក្នុងការអនុវត្តអភិបាលកិច្ចសាជីវកម្មល្អ តាមរយៈការអនុវត្តក្រមប្រតិបត្តិ ដែលមាននៅក្នុងគោលនយោបាយ និងនីតិវិធីផ្សេងៗ។ លោកបន្តនិយាយថា៖ «វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមក្នុងការពង្រឹងការរួបរួមគ្នា កសាងទំនុកចិត្តនៅក្នុងវិស័យធនាគាររបស់យើង»។ 
 
ក្នុងសុន្ទរកថាអបអរសាទរ លោក រ័ត្ន សុវណ្ណនរៈ ដែលជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា គំនិតផ្តួចផ្តើមនេះ បានលើកទឹកចិត្តដល់អគ្គនាយក និងភាគទុនិក ឬក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យយល់កាន់តែច្បាស់ និងទទួលស្គាល់តួនាទីរបស់ខ្លួន ក្នុងការធានាដល់កិច្ចការពារ អ្នកប្រើប្រាស់ និងការត្រួតពិនិត្យការអនុវត្តទីផ្សារក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ លោកបន្ថែមថា៖ «តួនាទីរបស់ភាគទុនិក និងថ្នាក់គ្រប់គ្រងកំពូលរបស់គ្រឹះស្ថាន មានសារៈសំខាន់ណាស់ក្នុងការធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ និងប្រតិបត្តិទីផ្សារ»។
 
បន្ថែមពីនេះ លោក រ័ត្ន សុវណ្ណនរៈ លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ បន្តអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ដោយអនុវត្តនូវរាល់គំនិតផ្តួចផ្តើមពីសមាគមនានា ដូចជាគោលការណ៍ស្ដីពីការ ផ្តល់ឥណទាន (Lending Guidelines) ក្រុមប្រតិបត្តិនៃការផ្ដល់កម្ចីប្រកបដោយសមធម៌ (Code of Equitable Lending) ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (BFI's Code of Conduct) និងចៀសវាងការធ្វើ អាជីវកម្មដែលគ្មានក្រមសីលធម៌ណាមួយដែលប៉ះពាល់ដល់អត្ថប្រយោជន៍របស់អតិថិជន។
 
គួរបញ្ជាក់ថា កម្មវិធីខាងលើនេះ នឹងមានវគ្គបណ្តុះបណ្តាលចំនួន៨ នឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៣នេះ ហើយនឹងមានវគ្គបណ្តុះបណ្តាលបន្ថែមទៀតនៅឆ្នាំ២០២៤។ អគ្គនាយក យ៉ាងហោចណាស់ ភាគទុនិក ឬក្រុមប្រឹក្សាភិបាលម្នាក់របស់គ្រឹះស្ថានហិរញ្ញវត្ថុ តម្រូវឱ្យចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃ៕ 
 

Tag:
 ABC
  CMA
  NBC
 
© រក្សាសិទ្ធិដោយ thmeythmey.com