អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អធិរាជជប៉ុន ណារុហ៊ីតូ ទៅឥណ្ឌូណេស៊ីក្នុងទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅបរទេស
19, Jun 2023 , 8:59 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតូ បានយាងជួបប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១៩ ខែមិថុនា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងចាប់តាំងពីឡើងគ្រងរាជ្យក្នុងឆ្នាំ២០១៩។

 
ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនា កាន់ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ អធិរាជ ណារុហ៊ីតូ និងអធិរាជនី ម៉ាសាកូ ត្រូវបា​នស្វាគមន៍ដោយប្រធានាធិបតី ចូកូ វីដូដូ និងភរិយានៅវិមានប្រធានាធិបតី Bogor  ក្បែររដ្ឋធានីហ្សាការតា។ 
 
លោក វីដូដូ បានប្រាប់អ្នកយកព័ត៌មានមុនពេលកិច្ចប្រជុំអាហារថ្ងៃត្រង់ជាផ្លូវការថា ដំណើរទស្សនកិច្ចរបស់អធិរាជ និងអធិរាជនីមកកាន់ឥណ្ឌូណេស៊ី បានពង្រឹងបន្ថែមទៀតនូវមិត្តភាពរវាងប្រជាជនទាំងពីរ។ លោកបន្តថា ៖ « មូលដ្ឋានគ្រឹះដ៏រឹងមាំបែបនេះ គឺចាំបាច់សម្រាប់ការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច»។
 
អំឡុងសង្រ្គាមលោកលើកទី២ ជប៉ុន​ បាន​គ្រប់គ្រង​​ឥណ្ឌូណេស៊ី​ចាប់ពីឆ្នាំ១៩៤២ អស់​រយៈពេល​ជាង៣ឆ្នាំ។ ការចុះចាញ់របស់ទីក្រុងតូក្យូក្នុងសង្គ្រាមលោកលើកទី២ និងការបះបោរប្រដាប់អាវុធប្រឆាំងនឹងការគ្រប់គ្រងរបស់ហូឡង់ ក៏ឈានដល់ការទាមទារឯករាជ្យភាពរបស់ឥណ្ឌូណេស៊ី។
 
នាដំណើរទស្សនកិច្ចនេះ អធិរាជ និងអធិរាជនី ក៏យាងទៅទីបញ្ចុះសពយោធាក្នុងទីក្រុងហ្សាកាតា ដែលជាកន្លែងដែលបានបញ្ចុះអតីតទាហានជប៉ុន២៨នាក់ដែលបានស្នាក់នៅ និងប្រយុទ្ធក្នុងសង្គ្រាមឯករាជ្យឥណ្ឌូណេស៊ីពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ១៩៤៩ ក៏ដូចទៅទស្សនាស្ថាននីយ៍រថភ្លើងល្បឿនលឿនថ្មីមួយ និងស្ថានីយ៍បូមទឹកនៅទីក្រុងហ្សាការតា ដែលត្រូវបានសាងសង់ឡើងដោយជំនួយរបស់ជប៉ុន។  
 
លើសពីនេះ ព្រះចៅអធិរាជជប៉ុនក៏គ្រោងនឹងទៅទស្សនាខេត្តYogyakarta ហើយក៏នឹងទៅទស្សនាប្រាសាទ Borobudur ដែលជាប្រាសាទព្រះពុទ្ធសាសនាដ៏ធំបំផុតរបស់ពិភពលោកផងដែរ។
 
មហាក្សត្រជប៉ុនមុនៗ ធ្លាប់បានយាងទៅប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ១៩៦២ និងឆ្នាំ១៩៩១ ៕
 

Tag:
 ជប៉ុន
  ឥណ្ឌូណេស៊ី
  ណារុហ៊ីតា
  ចូកូ វីដូដូ
© រក្សាសិទ្ធិដោយ thmeythmey.com