ជាតិ
កម្ពុជា សម្លឹងឃើញការកែច្នៃប្រហុកដើម្បីនាំចេញ ក្រោយបានការចាប់អាម្មណ៍ពីបរទេស
19, Jun 2023 , 9:29 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា មានគម្រោងកែច្នៃប្រហុកដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ នេះជាការបញ្ជាក់របស់លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេល បន្ទាប់ពី លោក សាកល្បងធ្វើទីផ្សារ ហើយទទួលបានការគាំទ្រពីអតិថិជនបរទេស។



នៅក្នុងពិធីប្រគល់ពានរង្វាន់ «Thnot d’Or» នៅថ្ងៃទី១៨ ខែមិថុនា លោកបណ្ឌិត ហៃ លីអ៊ាង បានលើកឡើងថា បច្ចុប្បន្ន យុវជនខ្មែរ បានចាប់អាម្មណ៍លើការកែច្នៃប្រហុកច្រើន ក្នុងនោះសហគ្រាសខនហ្វីរេល របស់លោក បានផ្ដល់ការគាំទ្រ និងសិក្សាបន្ថែម ដើម្បីស្វែងរកលទ្ធភាពនាំចេញទៅកាន់ទីផ្សារបរទេស។ ទន្ទឹមនេះលោកបានដាក់ពាក្យស្នើសុំកម្មសិទ្ធបញ្ញាអន្តរជាតិ ជាមួយក្ដីសង្ឃឹមខ្ពស់ថា នៅថ្ងៃមុខប្រហុកខ្មែរ នឹងមានតម្រូវការច្រើន។ 
  

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេល។ រូបភាព៖ ឈុំ ចន្ថា 
 
លោក បន្ថែមដូច្នេះថា៖«នៅពេលយើងកម្មសិទ្ធបញ្ញាហើយ យើងជឿជាក់ថា ប្រហុកយើងនឹងមានអនាគតវែងឆ្ងាយ ដែលធ្វើការមុខរបរប្រហុក និងការកែច្នៃរបស់យើងហ្នឹង មានតម្លៃ និងតម្រូវការនាំចេញទៅប្រទេសក្រៅបានច្រើន»។  
 
ប្រហុកខ្មែរ​មាន រសជាតិឆ្ងាញ់ និងគុណភាពល្អ ប៉ុន្តែ បញ្ហាក្លិន និងរូបរាងមិនស្អាត បានបង្កការលំបាកបន្តិចបន្តួច ដោយសារបរទេសមិនទាន់ស៊ាំនឹងក្លិនស្អុយ នៃត្រីប្រហុកនេះបាន។ ម្យ៉ាងទៀត ក៏អាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ ដោយសារប្រហុកមានជាតិអំបិលច្រើន។ 
 
យ៉ាងណា មកទល់ពេលនេះ ក្រុមហ៊ុនខនហ្វីរេល បានដោះស្រាយបញ្ហាទាំង៣រួចហើយ ដោយផលិតឱ្យប្រហុក ៣ប្រភេទ គឺប្រហុកក្លិនស្រាល, ប្រហុកក្លិនបន្តិចបន្ទួច និងប្រហុកក្លិនដើម។ ការធ្វើឆ្នៃប្រឌិតថ្មីនេះ បានធ្វើឱ្យប្រហុកខ្មែរ ទទួលបានការចាប់ចិត្តពីអតិថិជនបរទេសខ្លាំង។ 
 
លោក ហៃ លីអ៊ាង ថ្លែងដូច្នេះថា៖« ប្រសិនបើ ប្រហុកហ្នឹង ធំក្លិនខ្លាំងពេក យើងក៏អាចបន្ថយក្លិនបាន ហើយបើវាប្រៃពេក ក៏យើងអាចបន្ថយបានដូចគ្នា។ អ៊ីចឹង! យើងមានបច្ចេកទេសហើយ ដូច្នេះ យ៉ាងណាក៏ដោយ យើងនឹងធ្វើឱ្យប្រហុក ក្លាយទៅជាផលិតផលកែច្នៃមួយដែលមានគុណភាពអន្តរជាតិ។ យើងមានការសង្ឃឹមច្រើន ដោយសារយើងបានធ្វើតេស្ត ហើយមានការគាំទ្រច្រើន និងប្រើប្រាស់បន្តទៅទៀត»។ 
 
សូមជម្រាបថា​ នៅឆ្នាំ ២០០១ ខនហ្វីរេល គឺជាក្រុមហ៊ុនដំបូងគេ ដែលចាប់ផ្ដើមទិញស្ករត្នោតកំពង់ស្ពឺ ដើម្បីកែច្នៃនាំចេញទៅទីផ្សារអន្តរជាតិ។ ក្រុមហ៊ុនមួយនេះ ក៏ជួយពង្រីកកេរ្តិ៍ឈ្មោះម្រេចកំពត និងផលិតផលកសិកម្មសក្ដានុពល របស់កម្ពុជា ជាច្រើនថែមទៀត ផងដែរ៕ 
 
 

Tag:
 កសិកម្ម
  ប្រហុក
© រក្សាសិទ្ធិដោយ thmeythmey.com