ជាតិ
អូស្រ្តាលី ចង់វិនិយោគលើការនាំចេញ ស្វាយ សាវម៉ាវ មៀន និងស្រកានាគ ពីកម្ពុជា
19, Jun 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុន SPC Global ដែលជាអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី​ ចាប់អាម្មណ៍ពង្រីកការវិនិយោគនាំចេញផ្លែស្វាយ សាវម៉ាវ មៀន និងស្រកានាគ ពីកម្ពុជា។



ក្រុមហ៊ុន SPC Global មានមូលដ្ឋាននៅទីក្រុងវីកតូរៀ ប្រទេសអូស្ត្រាលី ដែលមានបទពិសោធន៍ជាងមួយសតវត្សហើយក្នុងការកែច្នៃ និងវេចខ្ចប់ផលិតផលផ្លែឈើ និងបន្លែ។ SPC បានបញ្ជាទិញផលិតផលមួយចំនួនពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ហើយពួកគេ ក៏ចង់ពង្រីកការវិនិយោគបន្ថែមលើការនាំចេញស្វាយ សាវម៉ាវ មៀន និងស្រកានាគ ពីកម្ពុជាផងដែរ។ 
  


ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា តំណាងក្រុមហ៊ុន SPC លោក Hussein Rifai, ប្រធាន និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន និងលោក Matthew McMichael ប្រធានផ្នែកប្រតិបត្តិការ បានធ្វើដំណើរទៅរោងចក្រផលិតកម្មចំណីអាហារគីរីរម្យ នៅក្នុងខេត្តកំពង់ស្ពឺ និងក្រុមហ៊ុនលីលី នៅភ្នំពេញ។ តំណាងទាំងពីរ ក៏បានជួបជាមួយម្ចាស់អាជីវកម្មកសិឧស្សាហកម្មធំៗ ចំនួនបួនផងដែរ ដែលមាន ក្រុមហ៊ុន Navita Food Production ក្រុមហ៊ុន Misota Food Cambodia ក្រុមហ៊ុន SHE Agrocam និង ក្រុមហ៊ុន Royal Trust។
 
តំណាងក្រុមហ៊ុនដដែល បានបន្តជួបជាមួយមន្ត្រីសំខាន់ៗ មកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផងដែរ។ 



នាឱកាសនោះ លោក Rifai បានលើកឡើងថា កម្ពុជាជាប្រទេសដ៏ល្អមួយក្នុងការស្វែងរកឱកាសថ្មីៗ ផ្នែកកសិកម្ម ជាពិសេសបន្លែ និងផ្លែឈើ ដែលមិនមានការដាំដុះ នៅក្នុងប្រទេសអូស្ត្រាលី។ 
 
ក្រុមហ៊ុន SPC អាចផ្តល់ជំនាញ និងចំណេះដឹងផ្នែកចំណីអាហាររបស់អូស្ត្រាលី ដែលអាចជួយឱ្យមានការអភិវឌ្ឍផលិតផលចំណីអាហារប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាពខ្ពស់បំផុត ខណៈពេលដែលឧស្សាហកម្មកសិ-ចំណីអាហារនៅកម្ពុជាកំពុងតែមានការអភិវឌ្ឈ។ វិស័យកសិ-ចំណីអាហារ គឺជាវិស័យផ្តោតសំខាន់មួយរបស់កម្ពុជា ហើយអូស្ត្រាលីក៏កំពុងគាំទ្រការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនេះដែរ។ 
 
ចាប់ពីឆ្នាំ ២០១៧ ដល់២០២២ ផលិតកម្មផ្លែស្វាយរបស់កម្ពុជាកើនឡើង ១៦០ភាគរយ ហើយការនាំចេញផ្លែឈើស្ងួតបានកើនឡើងរហូតដល់ ៦ ៥០០ ភាគរយ។ កម្ពុជាមានសមត្ថភាពខ្ពស់លើកសិផលដែលមានតម្លៃខ្ពស់ រួមមាន ស្វាយ ចេក ស្វាយចន្ទី ដំឡូងជ្វា ល្ង ម្ទេស និងម្រេចកំពត ដ៏ល្បីល្បាញលើពិភពលោក៕
 


Tag:
 កសិកម្ម
  ក្រុមហ៊ុន SPC Global
  ការកែច្នៃអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com