ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ ស៊ីហ្គេម បានក្លាយជាមេដែកទាក់ទាញទេសចរ​​
22, Jun 2023 , 10:39 am        
រូបភាព
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC)។ រូបភាពពី៖ CAMSOC
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC)។ រូបភាពពី៖ CAMSOC
ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា បានឆក់យកបេះដូងរាប់លាននាក់ តាមរយៈស្មារតីកីឡាករ មិនថាប្រជាជនកម្ពុជា ឬមនុស្សជុំវិញពិភពលោក។ យ៉ាងណាមិញ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក៏បានទាក់ទាញទេសចរបរទេសយ៉ាងច្រើន ឱ្យស្គាល់ពីប្រទេសកម្ពុជា។ ការកើនឡើងនៃចំនួនទេសចរនេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា​ ព្រឹត្តិការណ៍ស៊ីហ្គេម បានក្លាយជាមេដែកសម្រាប់ការទាក់ទាញទេសចរ​​ នាពេលខាងមុខ។



លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC)បានធ្វើបទបង្ហាញស្តីពីឥទ្ធិពលនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មកលើវិស័យទេសចរណ៍កម្ពុជា។ ​ក្នុងនោះ កម្ពុជា បានចំណាយថវិការជាង១០០លានដុល្លា សម្រាប់រៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ ហើយក៏បានបង្ហាញពីមុខមាត់កម្ពុជា ទៅកាន់ពិភពលោកទាំងមូលឱ្យស្គាល់កម្ពុជា។
 
លោក បន្តថា ពិភពលោក នឹងបានឃើញពីគុណតម្លៃ និងមើលឃើញពីភាពខ្លាំងរបស់កីឡាករកម្ពុជា។ ជាក់ស្តែង កីឡាការនី ប៊ូ សំណាង ដែលបានរត់មកដល់ទីក្រោយគេអំឡុងពេលភ្លៀងធ្លាក់ ពេលប្រកួតក្នុងវិញ្ញាសារត់ប្រណាំង ៥០០០ម៉ែត្រផ្នែកនារី ដោយបង្ហាញពីឆន្ទៈយ៉ាងមោះមុត នៃស្មារតីកីឡាករ។ ក្នុងន័យនេះ លោក វ៉ាត់ ចំរើន បានអំពាវនាវ ឱ្យគ្រប់វិស័យពាក់ព័ន្ធនឹងទេសចរណ៍បញ្ចូលកីឡា ទៅក្នុងផែនការទេសចរណ៍ តាមរយៈការបង្កើតផលិតផលកីឡាមួយចំនួន ដើម្បីទាក់ទាញទេសចរណ៍​។
 
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ,ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣-២០២៤ លោក វ៉ាត់ ចំរើន បានបញ្ជាក់ដូច្នេះ៖ «ប្រសិនបើប្រទេសយើងមានហេដ្ឋារចនាសម្ព័ន្ធកីឡាកាន់តែច្រើន​ ស្តង់ដាល្អ នោះទេសចរនឹងមកកាន់តែច្រើន។ យើងត្រូវយកស៊ីហ្គេម ធ្វើជាមេដែកដើម្បីទាក់ទាញទេសចរ បន្តផ្សព្វផ្សាយ និងលើកអំពីសមទ្ធិផលស៊ីហ្គេម ដែលមិនអាចបំភ្លេចបានឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ក៏ដូចជាផ្សព្វផ្សាយ ពីទេសចរណ៍នៅកម្ពុជាឱ្យបានច្រើនតាមដែលអាចធ្វើបាន»។
 
ជាលទ្ធផល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន។ ដោយឡែក ព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាទទួលបានមេដាយសរុបចំនួន ៧០ រួមមានមេដាយមាស ៩ ប្រាក់ ១៨ និងសំរឹទ្ធ ៤៣។ 
 
សូមបញ្ជាក់ថា រយៈពេល៥ខែមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,១៦លាននាក់ ដែលមានអត្រាកំណើនដល់៥៣០ភាគរយ ធៀបនឹងពេលដូចគ្នាឆ្នាំ២០២២។ ជុំវិញនូវកំណើនយ៉ាងគំហុកនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍រំពឹងខ្ពស់ថា ពេញមួយឆ្នាំ២០២៣ កម្ពុជានឹងទទួលបានទេចរអន្តរជាតិប្រមាណ ៤,៥លាននាក់  ហើយនឹងកើនដល់៧លានវិញនៅក្នុងឆ្នាំ២០២៥ផងដែរ៕
 
 

Tag:
 ThmeyThmey
 ​ លោក វ៉ាត់ ចំរើន
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com