ជាតិ
អង្គការពុទ្ធសាសនិកពិភពលោកថ្វាយព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល» ដល់ព្រះមហាក្សត្រខ្មែរ
24, Jun 2023 , 3:59 pm        
រូបភាព
ព្រះរាជពុទ្ធមាមកាភិបាល, ព្រះមហាក្សត្រ
ព្រះរាជពុទ្ធមាមកាភិបាល, ព្រះមហាក្សត្រ
ភ្នំពេញ៖ អង្គការពុទ្ធសាសនិកពិភពលោក (WFB)    បានថ្វាយព្រះរាជគោរមងារ « ព្រះរាជពុទ្ធមាមកាភិបាល» ថ្វាយដល់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តមសីហមុនី។



គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៊ី ដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា  ព្រមទាំងគណៈប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ដែលមានលោក Phallop Thaiarry​ ជាប្រធានអង្គការ បានចូលក្រាបបង្គំគាល់ និងថ្វាយព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល» ជាផ្លូវការ ថ្វាយដល់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តមសីហមុនី នៅថ្ងៃទី២៤ ខែមិថុនានេះ។ 
  


«ព្រះរាជពុទ្ធមាមកាភិបាល (Royal Patron of The WFB)» ជាគោរមងារសម្រាប់ផ្តល់ជូនដល់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់ WFB។
 
គួរបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក (WFB) បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥០ ដោយមានប្រទេសចំនួន២៧ ក្រោមគំនិតផ្តួចផ្ដើមរបស់បាលីវិទូជនជាតិស្រីលង្កាដ៏ល្បីឈ្មោះ ព្រះតេជគុណ Gunapala Piyasena Malalasekera នៅទីក្រុងកូឡំបូ ប្រទេសស្រីលង្កា។ កម្ពុជា គឺជាប្រទេសស្ថាបនិកមួយ ក្នុងចំណោម ២៧ ប្រទេស ដែលបានបង្កើតអង្គការ WFB នៅឆ្នាំ១៩៥០។ អង្គការមួយនេះ ធ្លាប់បានប្រគល់គោរមងារនេះ ជូនដល់សម្ដេចព្រះសង្ឃរាជ ព្រះមហាថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ចំនួន៩រូប រួមមាន សម្ដេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ, ព្រះមហាថេរ មហានាយកនៃសាធារណរដ្ឋស្រីលង្កា, ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ, ប្រធានាធិបតី នៃប្រទេសនេប៉ាល់ , ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា , ប្រធានាធិបតី នៃសាធារណរដ្ឋស្រីលង្កា, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ , ប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com