អន្តរជាតិ
កងទ័ពប៉ាគីស្ថានថា ជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ដោយកងកម្លាំងឥណ្ឌា
× កងទ័ពប៉ាគីស្ថានបានអះអាងកាលពីថ្ងៃទី២៤ ខែមិថុនាថា ជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ ដោយកងកម្លាំងឥណ្ឌានៅក្នុងតំបន់ជម្លោះហិម៉ាល័យនៃកាស្មៀរដែលជាការវាយប្រហារលើកដំបូងចាប់តាំងពីបទឈប់បាញ់នៅឆ្នាំ ២០២១ រវាងប្រទេសជិតខាងអាស៊ីខាងត្បូងដែល ប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ។
ក្នុងសេចក្តីថ្លែងការណ៍មួយកងទ័ពប៉ាគីស្ថានបានលើកឡើងថា ក្រុមអ្នកគង្វាលមួយក្រុមនៅ ក្នុងទីក្រុង Sattwal តាមបន្ទាត់ត្រួតពិនិត្យ (LoC) ដែលជាព្រំដែនផ្លូវការរវាងប្រទេសទាំង ពីរត្រូវបានវាយប្រហារដោយទាហានឥណ្ឌា។ ក្រោយមកប៉ាគីស្ថានព្រមានថា ខ្លួនរក្សាសិទ្ធិ ក្នុងការវាយប្រហារត្រឡប់ទៅវិញ។
«កងទ័ពឥណ្ឌានៅក្នុងការបង្ហាញពីវិធីសាស្រ្តអមនុស្សធម៌ដូចរាល់ដងរបស់ខ្លួនឆ្ពោះទៅកាន់ តំបន់កាស្មៀរ (ដែលមានប្រជាជន) ស្លូតត្រង់ បានបើកការបាញ់ប្រហារដោយមិនរើសអើង ទៅលើក្រុមអ្នកគង្វាលនៅក្នុងក្រុង Sattwal»។ សេចក្ដីថ្លែងការណ៍ខាងលើបានសង្កត់ធ្ងន់ បែបនេះផងដែរ។
មកទល់ពេលនេះ កងទ័ពឥណ្ឌាមិនបានឆ្លើយតបថាយ៉ាងណាឡើយ។
គួររំលឹកថា កាលពីឆ្នាំ ២០២១ ភាគីទាំងពីរបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម ដ៏កម្រមួយចំពោះបទឈប់បាញ់នៅតាមព្រំដែនដែលមានជម្លោះ។ ទាំងឥណ្ឌានិងប៉ាគីស្ថាន បានទាមទារយកទឹកដីដែលមានជម្លោះនេះ ប៉ុន្តែភាគីនីមួយៗបានគ្រប់គ្រងពាក់កណ្តាល នៃទឹកដីនោះ។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមចំនួនបីលើក ដោយពីរលើកលើតំបន់កាស្មៀរ ចាប់តាំងពីពួកគេទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេសក្នុងឆ្នាំ ១៩៤៧៕
© រក្សាសិទ្ធិដោយ thmeythmey.com