ជាតិ
សេដ្ឋកិច្ច
ការផលិតមីរ​ជូរហឹរ កំពុង​កែប្រែជីវភាព​ពលរដ្ឋ​ជនបទនៅក្រុងលីវចូវ ឱ្យប្រសើរឡើង
25, Jun 2023 , 2:29 pm        
រូបភាព
ខេត្តក្វាងស៊ី, ចិន៖ ទីក្រុង លីវចូវ ខេត្តក្វាងស៊ី ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលផលិតរថយន្ត និងជាទីក្រុងមានផលិតកម្មមីជូរហឹរ ដ៏ល្បីល្បាញ នៅក្នុងប្រទេសចិន។  ផលិតកម្មមីជូរហឹរ នៅក្នុងទីក្រុងមួយនេះ បានចូលរួមចំណែក​កែប្រែជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទរបស់រដ្ឋាភិបាលចិន។

 
កាលពីថ្ងៃទី១៧ ខែមិថុនានេះ អ្នកសារព័ត៌មានកម្ពុជា ១៤រូប បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតមីជូរហឹររបស់ក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. ដែលជាក្រុមហ៊ុនផលិត និងចែកចាយមីជូរហឹរធំជាងគេមួយ ក្នុងចំណោមក្រុមហ៊ុន​ផ្សេងទៀត នៅក្នុងទីក្រុងលីវចូវនេះ។ 
 
លោក Chen Bo អគ្គនាយករងនៃក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. បានឱ្យដឹងថា ក្រុមហ៊ុនខ្លួនបានបើកដំណើរការរយៈពេល ៨ឆ្នាំហើយ ដោយការផ្តោតសំខាន់លើការផលិត និងកែច្នៃ មីជូរហឹរ។ បច្ចុប្បន្ន ផលិតផលមីជូរហឹររបស់ក្រុមហ៊ុននេះ មាន៥រសជាតិ គឺរសជាតិដើម, មានរសជាតិប៉េងប៉ោះ, រសជាតិឆ្អឹងស៊ុប, រសជាតិថែមហឹរ និងរសជាតិថែម(ក្អិន)ស្អុយ​។ 
 
លោក Chen Bo អគ្គនាយករងនៃក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd.
 
បើតាម លោក Chen Bo បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ប្រមាណ៣ម៉ឺននាក់ តាមរយៈការធ្វើកិច្ចសន្យាទទួលទិញផលិផលកសិផល​ដែលជាវត្ថុធាតុដើមក្នុងការផលិតមីជូរហឹរនេះ។ លោក Chen Bo បញ្ជាក់ដូច្នេះ៖«ដោយសាររោងចក្រទិញវត្ថុធាតុដើមពីប្រជាកសិក​រ។ តាំងពីពេលរោងចក្របង្កើតដំបូង ក៏មានការបារម្ភដែរពីប្រជាកសិករដែរ។ ពួកគាត់ខ្លាចថារោងចក្រមិនទទួលទិញផលិតផលរបស់ពួកគាត់។ ប៉ុន្តែវិធីសាស្ត្ររបស់រោងចក្រ គឺផ្តល់លុយទៅកសិករសិន ហើយកាត់កងលុយវិញ នៅពេល​កសិករលក់កសិផលមកឱ្យរោងចក្រនៅពេលដាំដុះបាន»។
 
 ផលិតផលមីជូរហឹររបស់​ក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd.
 
បើតាម លោក Chen Bo ក្នុងមួយឆ្នាំទៅមួយឆ្នាំ បរិមាណផលិតមីរបស់ក្រុមហ៊ុន គឺកើនឡើង២ខ្ទង់ ខណៈបរិមាណផលិត​ក្នុងឆ្នាំ២០២២ គឺមានចំនួន ១០០លានកញ្ចប់។ នៅក្នុងឆ្នាំ២០២៣នេះ លោកក៏នៅមានសុទិដ្ឋិនិយមចំពោះកំណើនផលិតកម្ម នៅក្នុងក្រុមហ៊ុនរបស់ខ្លួនផងដែរ ដោយសារប្រជាប្រិយភាព និងការនិយមចូលចិត្តរបស់អតិថិជន ទាំងក្រុងប្រទេសចិន និងក្រៅប្រទេស។
 
​ក្រៅពីលក់នៅប្រទេសចិន យីហោមីជូរហឹរ​របស់ក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. ក៏ត្រូវបានចែកចាយនៅ​ក្រៅ​ប្រទេស​ដែរ ដូចជា ទីផ្សារអាម៉េរិក ទីផ្សារនៅតំបន់អាស៊ី ​សិង្ហបុរី ម៉ាឡេស៊ី។​ ប្រទេសកម្ពុជា ក៏មានវត្តមានមីជូរហឹររបស់ក្រុមហ៊ុននេះដែរ។ «បច្ចុប្បន្ន តាមរយៈឈ្មួញចែកចាយ ផលិតផលមីជូរហឹរត្រូវបាននាំចូលទៅ​ប្រទេសកម្ពុជាហើយ​ ដោយសារតែតំបន់នេះនៅជិតនឹងប្រទេសកម្ពុជា។ ដូច្នេះការដឹកជញ្ជូនមានភាពងាយស្រួលផងដែរ។ ហើយតាមរយៈបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុន ដោយសារតែរសជាតិរបស់ប្រជាពលរដ្ឋតំបន់លីវចូវ និងរសជាតិនៅកម្ពុជា ស្រដៀងគ្នា។ ដូច្នេះនៅកម្ពុជាក៏លក់ដាច់ដែរ ហើយរសជាតិដែលដាច់ជាងគេ គឺ(មីជូរហឹរ)រសជាតិដើម»។ នេះជាការបញ្ជាក់របស់លោកអគ្គនាយករងនៃក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. ដោយលោករំពឹងថា ផលិតផលមីជូរហឹរ នឹងទទួលបានការគាំទ្រកាន់តែច្រើនថែមទៀតពីប្រជាជនកម្ពុជា។
 
 អ្នកសារព័ត៌មានកម្ពុជា ទស្សនាទីតាំងផលិតមីជូរហឹររបស់​ក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd.
 
សូមជម្រាបថា កាលពីថ្ងៃទី១៥ ដល់២០មិថុនា អ្នកសារព័ត៌មានកម្ពុជា ចំនួន១៤រូប បានចូលរួមកម្មវិធី «អ្នកសារព័ត៌មានកម្ពុជា មើលខេត្តក្វាងស៊ី» ប្រទេសចិន ដែលជាកម្មវិធី រៀបចំឡើងដោយ កាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily ។
 
ក្នុង​កម្មវិធីនេះ អ្នកសារព័ត៌មានបានទស្សនកិច្ចទីក្រុងសំខាន់របស់ខេត្តក្វាងស៊ី ដូចជាទីក្រុង Nanning ទីក្រុង Qinzhou ទីក្រុង​ Liuzhou ទីក្រុង Guilin និងកន្លែងផ្សេងដើម្បីចុះផ្សាយស្តីពីការតភ្ជាប់សកម្មភាពរបស់ក្វាងស៊ី  ជាមួយប្រទេសអាស៊ាន និងការសងសង់គម្រោងច្រករបៀងទាំងផ្លូវគោក និងផ្លូវទឹកថ្មីធំៗនៅភាគខាងលិច។ អ្នកសារព័ត៌មានកម្ពុជា ក៏​ទទួលបានបទពិសោធន៍បេតិកភណ្ឌវប្បធម៌អរូបី ស្រដៀងនឹងប្រទេសកម្ពុជា និងធ្វើបទសម្ភាសទីតាំងគំរូអភិវឌ្ឍន៍ឧស្សាហកម្មផងដែរ៕










 
 

Tag:
 កសិកម្ម
  ផលិតកម្ម
  ការកែច្នៃ
  កសិករ
  មីជូរហឹរ
© រក្សាសិទ្ធិដោយ thmeythmey.com