ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ អក្សរនៅខ្លោងទ្វារអគារសាលាយុត្តិធម្ម ជាអក្សរជំនាន់ដើម
×
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបកស្រាយថា ផ្ទាំងអក្សរនៅខ្លោងទ្វារអគារសាលាយុត្តិធម្ម ជាអក្សរខ្មែរទម្រង់ដើម ដែលក្រសួងបានសម្រេចរក្សាភាពដើមលើអគារថ្មីនេះ។
«សាលាយុត្តិធម្ម» ជំនួសឱ្យ «សាលាយុត្តិធម៌» រួមទាំងផ្ទាំងអក្សរសងខាងពីលើផ្ទាំងសាលាឧទ្ធរណ៍ភ្នំពេញ-មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សុទ្ធតែត្រូវចារជាសំណេរអក្សរខ្មែរទម្រង់ដើម គឺ «ច្ប័បលោកទុកជនទ័ងឡាយ ជាស្មើគ្នាមនុស្សជាតិ គ្រុពរូបត្រូវបដិបត្តិតាម» និង«ត្រូវនៅក្នុងឱវាទច្ប័បចូលធ្វើឱយត្រង ជោ្យនៅបន្ទាតត្រងណា ហៅច្បាប់ក័ណ្ហខ្ជាបកុំបីបង»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
សំណេរដែលបានចារនៅលើអគារសាលាយុត្តិធម្មថ្មីទាំងនេះ ត្រូវបានមហាជនមួយចំនួនរិះគន់តាមបណ្ដាញសង្គមថា សរសេរខុសអក្ខរាវិរុទ្ធ រីឯមួយចំនួនទៀត បានយល់ពីចេតនារបស់ថ្នាក់ដឹកនាំក្រសួងក្នុងការថែរក្សាអក្សរចារឹកលើខ្លោងទ្វារសាលាវិនិច្ឆ័យ(តុលាការកំពូល) ដែលមានតាំងពីសម័យព្រះ ស៊ីសុវត្ថិ ហើយសព្វថ្ងៃឃើញមាននៅអគារក្រសួងយុត្តិធម៌ចាស់។
ជុំវិញករណីនេះ លោក ជិន ម៉ាលីន អះអាងប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា អ្នករិះគន់អក្ខរាវិរុទ្ធគឺពុំបានយល់ដឹងពីអក្សរខ្មែរជំនាន់មុន។
«ការរក្សាទម្រង់អក្សរខ្មែរជំនាន់ដើមនេះ គឺដើម្បីរក្សាមរតកជាប្រវត្តិសាស្រ្តក្នុងវិស័យយុត្តិធម្មរបស់យើង ហើយអ្នកអត់យល់ បែរជារិះគន់ទាំងមិនបានឈ្វេងយល់ទៅវិញ»។ លោក ជិន ម៉ាលីន ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមបែបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com