ជាតិ
«អគារសាលាយុត្ដិធម្ម» លំនាំតាម​ «វិមាន​យុត្តិធម៌» នៅបារាំង ត្រូវបាន​ដាក់​ឱ្យ​ប្រើ​ប្រាស់
26, Jun 2023 , 10:41 am        
រូបភាព
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទ ទី​២៦ ខែ​មិថុនា នេះ បាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ផ្លូវការ​ «អគារសាលាយុត្តិធម្ម» របស់ក្រសួងយុត្តិធម៌ ដែលមាន​ទីតាំងនៅសង្កាត់​ព្រែកលៀប ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ។

 
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានឱ្យដឹងថា អគារសាលាយុត្តិធម្ម នេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
 


«អគារសាលាយុត្ដិធម្ម» លេច​រូបរៀងឡើងគឺ​ដោយសារ​ទីតាំងបម្រើការងាររបស់សាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ភ្នំពេញ មាន ទំហំតូច ដោយមិនអាចពង្រីកទីកន្លែងធ្វើការងារបាន ក៏ដូចជាមិនមានចំនួនសាលសវនាការ គ្រប់គ្រាន់ ដើម្បីអាចឆ្លើយតបបានទៅនឹងតម្រូវការនៃការងារជាក់ស្ដែង។
 
តាមរបាយការណ៍​ សម្ដេច ហ៊ុន សែន បានសម្រេច ផ្តល់ដីមួយកន្លែងទំហំ ៩ ៤៥៦ ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្ដោយផ្លូវលោកតាក្រហមក ភូមិ ព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC) និងបាន អនុញ្ញាតមានការសាងសង់នូវអគារសាលាយុត្តិធម្មថ្មី ដ៏ធំមួយនេះ។
 
អគារសាលាយុត្តិធម្មថ្មី ត្រូវបានគិតគូរសាងសង់ឡើងទៅតាមទម្រង់ជាអគារ សាលាជម្រះក្តី ដែលខុសពីអគាររដ្ឋបាលធម្មតា ហើយដោយយកតាមលំនាំអគារសាលាយុត្តិធម្ម ដែលជា អតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្ន ជាអគារទីស្តីការក្រសួងយុត្តិធម៌។ 
 
អគារសាលាយុត្តិធម្មថ្មី មានបណ្តោយ ៦២ម ទទឹង ៦០ម កម្ពស់ ៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ ម២ ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារអាមេរិក និង អនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។ 
 
អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង រាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺ យកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា “វិមាន យុត្តិធម៌" (Palais de Justice)៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com