ជាតិ
សម្ដេច ស ខេង៖ មន្រ្តីខ្លះ ទន្ទេញគោលនយោបាយភូមិ-ឃុំសឹងតែចាំមាត់ តែបង្រ្កាបល្បែងស៊ីសងអត់បាន
28, Jun 2023 , 9:59 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ រូបភាព៖ screenshot ពីការឡាយក្នុងផេកសម្ដេច ស ខេង
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ រូបភាព៖ screenshot ពីការឡាយក្នុងផេកសម្ដេច ស ខេង
ដោយ:
សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា បទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមទាំងល្បែងស៊ីសងក្នុងមូលដ្ឋាន នៅតែបន្តកើតមានគួរឱ្យកត់សម្គាល់។ សម្តេច លើកឡើងថា រឿងនេះនៅតែជាក្ដីកង្វល់របស់ពលរដ្ឋ ដែលសមត្ថកិច្ចក្នុងមូលដ្ឋានហាក់ពុំទាន់ដោះស្រាយបានទាំងស្រុង និងប្រកបដោយភាពជឿជាក់ផ្ដល់ឱ្យពួកគាត់នៅឡើយ។



សម្ដេច ស ខេង បន្តថា គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រដ្ឋាភិបាល គឺមានខ្លឹមសារគ្រប់ជ្រុងជ្រោយទាំងអស់ ដែលអាជ្ញាធរពាក់ព័ន្ធ បានទន្ទេញចាំមាត់ តែហាក់ពុំទាន់មានដំណោះស្រាយដែលផ្ដល់ជំនឿទុកចិត្តទាំងស្រុងជូនពលរដ្ឋ។
 
សម្ដេច បានបញ្ជាក់ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៣នេះ ថា៖«មានរឿងខ្លះ ខ្ញុំឧទាហរណ៍ដូចជា ល្បែងស៊ីសង គោលនយោបាយភូមិឃុំមានចែងទាំងអស់ ដែលមា្នក់ៗ ទន្ទេញសឹងតែចាំមាត់ ប៉ុន្តែល្បែងស៊ីសងនៅក្នុងមូលដ្ឋានខ្លួនបង្រ្កាបអត់បាន ទាល់តែសម្ដេចនាយករដ្ឋមន្រ្តី ដាក់បទបញ្ញាទៅ ទើបនាំគ្នាធ្វើ។ នេះបញ្ជាក់ឱ្យឃើញថា ប្រហែលមកពីគាត់មិនបានមើល ឬមិនបានចាប់អារម្មណ៍»។
 
ក្រៅពីនេះ សម្ដេច ស ខេង ក៏បានលើកឡើងពីបញ្ហាគ្រឿងញៀន ដែលក្រុមឧក្រិដ្ឋជនព្យាយាមលួចកែច្នៃផលិតគ្រឿងញៀនសំយោគនៅកម្ពុជា ដោយធ្វើការបង្វែរសារធាតុគីមីផ្សំ ដែលនាំចូលស្របច្បាប់ ទៅជាគ្រឿងញៀនខុសច្បាប់។
 
ជុំវិញបញ្ហាខាងលើនេះ សម្ដេច ស ខេង បានលើកឡើងថា រដ្ឋាភិបាលពុំទាន់បានរៀបចំពីគោលការណ៍គ្រប់គ្រងឱ្យបានម៉ត់ចត់នោះទេ ដោយសម្ដេចបានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធផ្ដល់ព័ត៌មាន ឬយន្តការដើម្បីដឹងថា សារធាតុផ្សំដែលបាននាំចូលទាំងនោះយកទៅធ្វើអ្វី ស្តុកទុកនៅកន្លែងណា ហើយប្រើប្រាស់លើអ្វីខ្លះ គឺត្រូវមានការកត់ត្រាឱ្យបានជាក់លាក់។
 
គ្រឿងញៀនសំយោគ គឺមានសារធាតុគីមីមួយចំនួន ដែលគេអាចយកគ្រឿងផ្សំធ្វើទៅជាគ្រឿងញៀន។ ហើយករណីនេះ កើតឡើងដោយសារមានគេភូតសមត្ថកិច្ច ពិសេសក្រសួងស្ថាប័នថា សារធាតុទាំងនោះ យកមកផលិតជាទំនិញប្រើប្រាស់។ សម្ដេច ស ខេង បានថ្លែងបែបនេះ រួចបន្តថា នៅពេលដែលពួកគេនាំចូលសារធាតុផ្សំទាំងនោះគ្រប់ហើយ ក៏បានចាប់ផ្ដើមដំឡើងម៉ាស៊ីន បោះពុម្ពផលិតនៅកម្ពុជាដើម្បីនាំចេញ និងចែកចាយនៅកម្ពុជា។
 
សម្ដេច ស ខេង បានបញ្ជាក់ថា៖«នេះជាបញ្ហាដ៏មហាគ្រោះថ្នាក់ បើសិនជាយើងមិនឯកភាពគ្នា មានឆន្ទៈមោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។ សូមសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ ត្រូវតែឯកភាពគ្នា និងមានឆន្ទៈ»។
 
សូមជម្រាបថា សារធាតុញៀន និងសារធាតុគីមីផ្សំសរុបជាង៥៧០០គីឡូក្រាម ត្រូវបានដុតកម្ទេចចោល ក្នុងពិធីខាងលើ។ សារធាតុញៀន និងសារធាតុគីមីផ្សំទាំងនោះ ត្រូវបានអាជ្ញាធរ ចាប់បានក្នុងរយៈពេលកន្លះឆ្នាំនៃឆ្នាំ២០២៣នេះ និងមួយចំនួនទៀត រឹបអូសបានក្នុងឆ្នាំ២០២២៕
 
 
 

Tag:
 គ្រឿងញៀន ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com