ជាតិ
បើរកឃើញប្រភពនៃការបង្ហោះដ្រូន កម្ពុជានឹងប្តឹងតាមផ្លូវច្បាប់ ឬចាត់វិធានការតាមផ្លូវទូត
29, Jun 2023 , 3:29 pm        
រូបភាព
លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស បង្ហាញការបាញ់អាវុធ ពេលលោកដឹកនាំកងកម្លាំងទៅដល់ខេត្តរតនគិរី ដើម្បីបាញ់កម្ទេចដ្រូន ដែលត្រូវបង្ហោះចូលខេត្តនេះ។ រូបពីហ្វេសប៊ុក៖ BHQ News
លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស បង្ហាញការបាញ់អាវុធ ពេលលោកដឹកនាំកងកម្លាំងទៅដល់ខេត្តរតនគិរី ដើម្បីបាញ់កម្ទេចដ្រូន ដែលត្រូវបង្ហោះចូលខេត្តនេះ។ រូបពីហ្វេសប៊ុក៖ BHQ News
ដោយ៖ ទេពញាណ

«ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការបន្តខាងផ្លូវច្បាប់និងការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះមកលើអធិបតេយ្យភាព និងបូរភាពទឹកដីរបស់កម្ពុជា»។ នេះជាការប្រកាសទុកមុនរបស់ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញកាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ 
 
រដ្ឋាភិបាលកម្ពុជា ទទួលបានព័ត៌មានថា កាលពីថ្ងៃទី២៧មិថុនា មានយន្តហោះតូចៗដែលគ្មានមនុស្សជាច្រើនគ្រឿង ឬហៅថាដ្រូន ត្រូវបានបង្ហោះចូលទឹកដីកម្ពុជា ក្នុងខេត្តរតនគិរីនៅជាប់ព្រំដែនវៀតណាម។ រដ្ឋាភិបាលកម្ពុជា មិនទាន់ដឹងច្បាស់ថា ដ្រូនទាំងនោះ ត្រូវបានបង្ហោះចេញពីប្រភពណានោះទេ។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ជាឲ្យមេទ័ព ដឹកទ័ពនិងអាវុធទំនើបៗទៅកាន់ខេត្តរតនគិរី ដើម្បីបាញ់ទម្លាក់ដ្រូនទាំងនោះ។ សម្តេច ថែមទាំងប្រកាសផ្តល់រង្វាន់២០ម៉ឺនដុល្លារទៀតផង បើអង្គភាពយោធាណា បានបាញ់ទម្លាក់ដ្រូន១គ្រឿង។ មេដឹកនាំកម្ពុជា ចង់ដឹងខ្លាំងណាស់ថាដ្រូនទាំងនោះ មានប្រភពពីណាមក។
 
ក្រសួងការបរទេសកម្ពុជា ពុំបានបញ្ជាក់ឡើយថា នឹងដាក់បណ្តឹងទៅកាន់ស្ថាប័នអន្តរជាតិមួយណា បើរកឃើញប្រភពពិតនៃការបង្ហោះដ្រូនទាំងនោះ។ ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា លើកឡើងដូចប្រមុខរដ្ឋាភិបាលដែរថា ការបង្ហោះដ្រូនចូលទឹកដីកម្ពុជា គឺជាការបំពានយ៉ាងគឃ្លើនលើដែនអធិបតេយ្យកម្ពុជា។ ក្រសួងការបរទេសកម្ពុជា សង្កត់ធ្ងន់ថា ទង្វើនេះ គឺមិនអាចអត់ឱនឲ្យបានឡើយ។  
 
នាពេលថ្មីៗនេះ មានព្រឹត្តិការណ៍មួយកើតឡើង នៅខេត្តដាឡាក់ (Dak Lak) ប្រទេសវៀតណាម គឺក្រុមប្រដាប់អាវុធខុសច្បាប់ វាយប្រហារទៅលើស្នាក់ការប៉ូលិស ដែលបណ្តាលឲ្យប៉ូលិសមួយចំនួនបាត់បង់ជីវិត។ ក្រសួងការបរទេសកម្ពុជា អះអាងក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលកម្ពុជា យកចិត្តទុកបំផុតលើការវាយប្រហារនេះ និងហៅការវាយប្រហារនេះ ថាជាអំពើភេរវកម្ម។ ក្រសួងការបរទេសកម្ពុជា បន្តថា អាជ្ញាធរកម្ពុជា បានសហការជាមួយអាជ្ញាធរវៀតណាម ដើម្បីទប់ស្កាត់មិនឲ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីឡើយ៕ 
 
 

Tag:
 បង្ហោះដ្រូនស៊ើបការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com