ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
បោះឆ្នោត
មហាផ្ទៃ បំភ្លឺថាការកែច្បាប់បោះឆ្នោត មិនប៉ះពាល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋឡើយ
29, Jun 2023 , 6:59 pm        
រូបភាព
ប្រជាពលរដ្ឋ ទៅបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋ ទៅបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ 

ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត មិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ ដោយ «ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញ។ នេះជាការបំភ្លឺជាសាធារណៈរបស់ក្រសួងមហាផ្ទៃ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញកាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ 
 
ក្រសួងមហាផ្ទៃ អះអាងទៀតថា នៅកម្ពុជា ការទៅបោះឆ្នោត ពុំមែនជាកាតព្វកិច្ច ដូចបានកំណត់តាមបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួនឡើយ។ បើតាមក្រសួងមហាផ្ទៃ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត មិនត្រឹមមិនប៉ះពាល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ តែផ្ទុយមកវិញ ថែមទាំងជួយលើកកម្ពស់ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះជាតិមាតុភូមិ ក្នុងនាមជាប្រជាពលរដ្ឋល្អ ក្នុងសង្គមប្រជាធិបតេយ្យទៀតផង។ 
 
អង្គការសង្គមស៊ីវិលចំនួន២៤ បូករួមទាំងគណបក្សភ្លើងទៀនផង ទើបនឹងប្រតិកម្មលើសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ។ ក្នុងសេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិល បង្ហាញក្តីកង្វល់យ៉ាងខ្លាំងចំពោះការកែច្បាប់បោះឆ្នោតយ៉ាងប្រញាប់ប្រញាល់បែបនេះ ហើយស្នើឲ្យមានការពិចារណាឡើយវិញ។ 
 
ចំណែកគណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានបង្ហាញការមើលឃើញថា ការតាក់តែងសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការកាត់បន្ថយសិទ្ធិ និងជាការរឹតត្បិតឱកាសនៃការឈរឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ ហើយអំពាវនាវឲ្យចៀសវាងការអនុម័តសេចក្តីព្រាងនេះ។ 
 
មាត្រាថ្មី ដែលត្រូវបានសរសេរចូលទៅក្នុងច្បាប់បោះឆ្នោត មានខ្លឹមសារជារួមថា អ្នកដែលមិនទៅបោះឆ្នោត នឹងមិនមានសិទ្ធិឈរជាបេក្ខជនឲ្យគេបោះឆ្នោត នៅពេលក្រោយឡើយ។ មាត្រាថ្មី ក៏មានចែងពីការពិន័យប្រាក់ ឬការដាក់ទោសទណ្ឌលើអ្នកដែលធ្វើសកម្មភាពរារាំងប្រពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងសកម្មភាពដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោតផងដែរ។ 
 
ក្រសួងមហាផ្ទៃ បកស្រាយថា ការធ្វើវិសោធនកម្មនេះ គឺស្របនឹងមាត្រា៣៤ថ្មី (មួយ) នៃរដ្ឋធម្មនុញ្ញ ដែលចែងថា បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់។ ក្រសួងមហាផ្ទៃ បន្ថែមថា ទន្ទឹមនេះ ការធ្វើវិសោធនកម្មនេះ គឺដើម្បីទប់ស្កាត់សកម្មភាពដែលប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ឬសកម្មភាពដែលនាំឲ្យខូចដល់ដំណើការបោះឆ្នោត។ 
 
បន្ថែមពីនេះ ក្រសួងមហាផ្ទៃ បញ្ជាក់ថា ស្ថិតក្នុងស្មារតីលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទើបរដ្ឋាភិបាលកម្ពុជា ផ្តួចផ្តើមរៀបចំសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ។ 
 
សេចក្តីព្រាងស្តីពីវិសោធនកម្មនេះ ត្រូវបានស្ថាប័ននីតិបញ្ញត្តិទាំង២ គឺរដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួចហើយ។ ផ្អែកតាមការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលថ្មីៗនេះ សេចក្តីព្រាងនេះ នឹងត្រូវអនុម័តឲ្យក្លាយជាច្បាប់ឲ្យបានមុនការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ 
 

Tag:
 ច្បាប់បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com