ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
បោះឆ្នោត
ព្រឹទ្ធសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងកែច្បាប់បោះឆ្នោត
29, Jun 2023 , 4:29 pm        
រូបភាព
សមាជិកព្រឹទ្ធសភា លើកដៃអនុម័តលើសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ (រូបពីព្រឹទ្ធសភា)។
សមាជិកព្រឹទ្ធសភា លើកដៃអនុម័តលើសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ (រូបពីព្រឹទ្ធសភា)។
ដោយ៖ ទេពញាណ

តាមរយៈកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រឹទ្ធសភា បានអនុម័តសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដោយឥតមានកែប្រែត្រង់កន្លែងណាឡើយ នៅក្នុងសេចក្តីព្រាងនេះ។ 
 
សេចក្តីព័ត៌មានរបស់ព្រឹទ្ធសភា បញ្ជាក់ថា សមាជិកព្រឹទ្ធសភាទាំងអស់ដែលមាន៥៩រូបក្នុងកិច្ចប្រជុំពេញអង្គ សុទ្ធតែយល់ព្រមទាំងអស់លើការអនុម័តសេចក្តីព្រាងវិសោធនកម្មនេះ។ ពីភាគីរដ្ឋាភិបាល អ្នកដែលចូលទៅការពារសេចក្តីព្រាងវិសោធនកម្មនេះ គឺលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ 
 
ក្រោយឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភារួច សេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលស្ថាប័នកំពូលចុងក្រោយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំលើសេចក្តីព្រាងវិសោធនកម្មនេះ នៅព្រឹកថ្ងៃទី៣០មិថុនា ដោយមានតំណាងរដ្ឋាភិបាលចូលទៅបំភ្លឺផងដែរ។ 
 
តាមនីតិវិធី បើក្រុមប្រឹក្សាធម្មនុញ្ញ ឯកភាពដែរនោះ សេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ចេញព្រះរាជក្រឹត្យប្រកាសដាក់ឲ្យប្រើប្រាស់។ 
មាត្រាថ្មី ដែលត្រូវបានសរសេរចូលទៅក្នុងច្បាប់បោះឆ្នោត មានខ្លឹមសារជារួមថា អ្នកដែលមិនទៅបោះឆ្នោត នឹងមិនមានសិទ្ធិឈរជាបេក្ខជនឲ្យគេបោះឆ្នោត នៅពេលក្រោយឡើយ។
មាត្រាថ្មី ក៏មានចែងពីការពិន័យប្រាក់ ឬការដាក់ទោសទណ្ឌលើអ្នកដែលធ្វើសកម្មភាពរារាំងប្រពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងសកម្មភាពដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោតផងដែរ៕ 
 
 

Tag:
 ច្បាប់បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com