ជាតិ
មន្ទីរបរិស្ថាន១៤ខេត្ត ទទួលបានរថយន្តនិងកង់បីពីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលសំរាម លោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្រគល់រថយន្តជូនមន្ទីរបរិស្ថាន។រូបភាពពីក្រសួងបរិស្ថាន
× ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានផ្តល់រថយន្តដឹកសំរាម១២គ្រឿង និងម៉ូតូកង់បីដឹកសំរាម ១០គ្រឿង ដល់មន្ទីរបរិស្ថានខេត្តចំនួន១៤ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូល សម្អាត ដឹកជញ្ជូនសំរាមសំណល់រឹងនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា។
តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ មិថុនា ខេត្តដែលទទួលបានអំណោយជាយានយន្តដឹកសំរាមនេះ មានខេត្តបន្ទាយមានជ័យ, បាត់ដំបង, កំពង់ឆ្នាំង, កំពង់ធំ, កំពត, ក្រចេះ, ពោធិ៍សាត់, សៀមរាប ខេត្តស្ទឹងត្រែង, តាកែវ, កំពង់ចាម, កណ្តាល, មណ្ឌលគីរី និងខេត្តព្រះវិហារ។
រូបភាពពីក្រសួងបរិស្ថាន
រថយន្តនិងម៉ូតូកង់បីនេះ គឺជាអំណោយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រោមគម្រោង KUSANUNE និងកម្រៃអាកាសចរស៊ីវិល ដែលជួយគាំទ្រដល់សេវាគាំពារបរិស្ថាន និងការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងឆ្នាំ២០២០-២០៣០។ ក្រសួងបរិស្ថាន បញ្ជាក់ដូច្នេះ ដោយបន្ថែមទៀតថា យានយន្តទាំងនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋានដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព។ សកម្មភាពនេះ បង្កើតឱ្យមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព៕
រូបភាពពីក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com